អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ថានឹងវាយប្រហារផ្កាយរណបពាណិជ្ជកម្មលោកខាងលិច បើពាក់ព័ន្ធក្នុងសង្រ្គាមអ៊ុយក្រែន
27, Oct 2022 , 5:09 pm        
រូបភាព
ដោយ:
មន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Konstantin Vorontsov ព្រមាននៅថ្ងៃទី២៦ ខែតុលាថា ប្រសិនបើផ្កាយរណបពាណិជ្ជកម្មរបស់អាម៉េរិក និងសម្ព័ន្ធមិត្តជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់រុស្ស៊ី។

 
លំហអាកាសដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅឱ្យកងទ័ពអ៊ុយក្រែនប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៊ី។ បើតាមបទសម្ភាសរបស់ ប្រធានកងកម្លាំងអវកាសអាម៉េរិក ឧត្តមសេនីយ៍ Jay Raymond ជាមួយទូរទស្សន៍ BBC កន្លងមក នេះជាសង្រ្គាមដំបូងហើយដែលភាគីទាំងសងខាងពឹងផ្អែកយ៉ាងខ្លាំងលើលំហអាកាស។ 
 
ទាក់ទងរឿងនេះ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសរុស្ស៊ី លោក Konstantin Vorontsov លើកឡើងនៅថ្ងៃទី២៦ ខែតុលាថា អាម៉េរិក និងសម្ព័ន្ធមិត្តកំពុងព្យាយាមប្រើប្រាស់លំហអាកាសដើម្បីបង្កើនការគ្រប់គ្រងរបស់លោកខាងលិច។ លោក Vorontsov បន្ថែមថា ការណ៍ដែលលោកខាងលិចប្រើប្រាស់ផ្កាយរណបបែបនេះដើម្បីផ្គត់ផ្គង់អ៊ុយក្រែន ជាការបង្ករឿង។
 
«ហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលស៊ីវិលអាចជាគោលដៅវាយប្រហារសងសឹកដោយស្របច្បាប់»។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ស្រង់ការលើកឡើងរបស់លោក Vorontsov នៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីសន្តិសុខអន្តរជាតិ និងការរំសាយអាវុធ។
 
ចំពោះហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលស៊ីវិលនេះ រុស្ស៊ីចង់សំដៅលើផ្កាយរណបពាណិជ្ជកម្មដែលលោកខាងលិចអាចនឹងប្រើជ្រោមជ្រែងអ៊ុយក្រែនតទល់ជាមួយរុស្ស៊ី។ ទោះមិនមានផ្កាយរណបលើអាកាស អ៊ុយក្រែនត្រូវបានអាម៉េរិក និងសម្ព័ន្ធមិត្តជួយតាមរយៈវិធីជាច្រើនដូចជាផ្តល់ព័ត៌មានជាក់លាក់ក្នុងការវាយប្រហារទីតាំងសត្រូវ ក៏ដូចជាប្រាប់ពីការព្រមានមុនទាក់ទិននឹងការប្រហារមីស៊ីលពីភាគីរុស្ស៊ីផងដែរ។
 
ម្តងជាពីរដង មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះលើកឡើងថា ការប្រើប្រាស់ផ្កាយរណបស៊ីវិល និងពាណិជ្ជកម្មដោយអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបង្កើតឱ្យមានការចូលរួមក្នុងជម្លោះយោធាដោយមិនផ្ទាល់។ ដូច្នោះ ហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលស៊ីវិលនេះអាចនឹងក្លាយជាគោលដៅតបតដោយស្របច្បាប់៕
 
 
 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com