អន្តរជាតិ
អ្នករាយការណ៍UN៖ ប្រទេសនានាគួរដាក់សម្ពាធរបបយោធាមីយ៉ាន់ម៉ា ដូចជួយអ៊ុយក្រែនដែរ
27, Oct 2022 , 7:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) Tom Andrews នៅថ្ងៃទី២៦ ខែតុលា បានលើកឡើងថា គ្រឿងសព្វាវុធរបស់រុស្ស៊ីដែលប្រើក្នុងសង្គ្រាមអ៊ុយក្រែនក៏ត្រូវបានប្រើប្រាស់ និងបង្កឱ្យអ្នកស្លាប់នៅមីយ៉ាន់ម៉ាដែរ។ អ្នកជំនាញរូបនេះ មានបំណងជំរុញបណ្តាប្រទេសនានាបង្កើតក្រុមសម្ពន្ធមិត្តមួយ ដែលមានតួនាទីជាអ្នកកំណត់គោលដៅ និងដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដូចដែលកំពុងធ្វើទៅលើរុស្ស៊ី។



មីយ៉ាន់ម៉ាចាប់ផ្ដើមធ្លាក់ក្នុងវិបត្តិតាំងពីខែកុម្ភៈ ឆ្នាំ២០២១មក ដោយសាររដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ របបយោធាបានឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីផ្សេងទៀត ពិសេសបើកការបង្ក្រាបក្រុមបាតុករប្រឆាំងយ៉ាងឃោឃៅបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន។ 
 
អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំមីយ៉ាន់ម៉ា លោក Tom Andrews នៅថ្ងៃទី២៦ ខែតុលាបានលើកឡើងបញ្ហាសព្វាវុធរុស្ស៊ីដែលត្រូវយកទៅប្រើប្រាស់ដោយរបបយោធាមីយ៉ាន់ម៉ាដូចនៅអ៊ុយក្រែនដែរ។ លោក Andrews ស្នើឱ្យបណ្តាប្រទេសនានាដាក់គោលដៅលើយោធាមីយ៉ាន់ម៉ាដូចជាការដាក់ទណ្ឌកម្ម និងការរារាំងការទិញអាវុធរបស់មីយ៉ាន់ម៉ា។ សព្វាវុធដែលរបបយោធាមីយ៉ាន់ម៉ាប្រើភាគច្រើនត្រូវបានផ្គត់ផ្គង់ដោយរុស្ស៊ី។ 
 
«ប្រភេទអាវុធមួយចំនួនដែលត្រូវបានប្រើដើម្បីសម្លាប់មនុស្សនៅអ៊ុយក្រែន ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ប្រជាជនមីយ៉ាន់ម៉ាដែរ ហើយសព្វាវុធទាំងនោះមកពីប្រភពដូចគ្នា។ វាមកពីរុស្ស៊ី»។ លោក Andrews ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
លោក Andrews ក៏បានរាយការណ៍ដល់គណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាត UN ពីស្ថានភាពនៅមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅ UN លោក Gennady Kuzmin បានតបទៅលោក Andrews វិញថា របាយការណ៍លើកឡើងភាគច្រើនមិនមែនជាការពិតទេ។
 
បើតាមលោក Kuzmin លោក Andrews មិនអាចចេះតែនិយាយថាសព្វាវុធរបស់អ្នកណាសម្លាប់ជនស៊ីវិល មនុស្សចាស់ ស្ត្រី និងកុមារនៅជុំវិញពិភពលោកឡើយ។ លោក Kuzmin បន្តថា លោក Andrews ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់មីយ៉ាន់ម៉ា ដូច្នេះសូមដោះស្រាយតែរឿងមីយ៉ាន់ម៉ាទៅបានហើយ កុំលូកដៃក្នុងរឿងអ៊ុយក្រែន។ 
 
ជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា អង់គ្លេសកាលពីខែមុនបានស្នើសេចក្តីសម្រេចមួយទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យបញ្ចប់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា រួមទាំងអំពាវនាវឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ ពិសេសលោកស្រី ស៊ូជី។ សេចក្ដីព្រាងនេះ មិនទាន់ដាក់ឱ្យបោះឆ្នោតឡើយ​។ ដើម្បីអនុម័តសេចក្ដីសម្រេចមួយ ត្រូវការសំឡេងគាំទ្រចំនួនប្រាំបួន ហើយមិនមានសិទ្ធិវេតូពីចិន រុស្ស៊ី អាមេរិក បារាំង ឬអង់គ្លេសឡើយ៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com