ជាតិ
ក្រសួងសាធារណការ បានសិក្សាពីគម្រោងផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងល្បឿនលឿនដូចឡាវ
27, Oct 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដី ប៉ុន្តែកំពុងកែប្រែចំណុចខ្វះខាតមួយចំនួន។ ក្រៅពីនេះ ក្រសួងកំពុងសិក្សាលទ្ធភាពប្រែក្លាយផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ។

 
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា មាននឹងមានផ្លូវដែកល្បឿនលឿននាពេលខាងមុខទៅកាន់ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។ រីឯភ្នំពេញវិញ ក្រសួងក៏បានសិក្សាលទ្ធភាពបង្កើតផ្លូវរថភ្លើងលើអាកាស និងក្រោមដីផងដែរ។ 
 
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ៖ «បច្ចុប្បន្ន រថភ្លើងអាចបើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ កន្លែងខ្លះ អាចបាន៥០ និង៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ យឺតណាស់ អ៊ីចឹងយើងលើកផ្លូវដែកនេះ ឱ្យក្លាយជាផ្លូវដែកដូចឡាវ ដែលអាចរត់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង»។ 
 
រដ្ឋមន្រ្តីរូបនេះ បានអះអាងថា ក្រសួងសាធារណការ បានសិក្សាប្រព័ន្ធរថភ្លើងលើអាកាសរួចរាល់ និងរថភ្លើងក្រោមដី។ ក្រសួងចាំតែអ្នកវិនិយោគប៉ុណ្ណោះ ដើម្បីធ្វើគម្រោងផ្លូវរថភ្លើងលើអាកាស និងក្រោមដីនេះ។ គ្រោងផ្លូវដែកទាំង២នេះ អាចកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕
 

Tag:
 ស៊ុន ចាន់ថុល
 រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com