ជាតិ
កម្ពុជា-ចិន នឹងចុះហត្ថលេខាជាច្រើនទៀត លើគម្រោងសាងសង់ផ្លូវ នាខែក្រោយ
28, Oct 2022 , 9:29 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបពីហ្វេសប៊ុកក្រសួង
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបពីហ្វេសប៊ុកក្រសួង
ដោយ:
កម្ពុជា កំពុងរង់ចាំជំនួយឥតសំណងរបស់មិត្តចិន ដើម្បីសាងសង់ផ្លូវបន្ថែមទៀត ខណៈរដ្ឋមន្រ្តីចិន នឹងចុះហត្ថលេខាលើជំនួយនៅពេលមកប្រជុំអាស៊ានខាងមុខ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធាណការ និងដឹកជញ្ជូន។



លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធាណការ និងដឹកជញ្ជូន បានបង្ហើបថា នៅខែក្រោយនេះ នាយករដ្ឋមន្រ្តីចិន អញើញមកកម្ពុជា ដើម្បីចូលរួមប្រជុំអាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីចិន នឹងទស្សនកិច្ចលើគម្រោងសាងសង់ផ្លូវលេខជាតិ៧ ពីស្គន់ទៅកំពង់ចាម ហើយនឹងចុះហត្ថលេខាលើប្រាក់កម្ចីផងដែរ។ 
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវពីស្គន់ទៅខេត្តកំពង់ចាមនេះ ត្រូវបានអ្នកជំនាញផែ្នកសាងសង់ផ្លូវ បានចុះត្រួតពិនិត្យ និងដាក់ដេញថ្លៃសាងសង់រួចហើយ ព្រមទាំងត្រៀមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗផងដែរ។ លោកបន្តថា ផ្លូវលេខជាតិ៧នេះ ឆ្លងកាត់ភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រហូតដល់ព្រំដែនកម្ពុជាឡាវ។
 
កម្ពុជាកំពុងរង់ចាំថវិកាជំនួយឥតសំណងពីមិត្តចិនបន្ថែមទៀត ដើម្បីសង់ផ្លូវពីឃុំរមៀត ទៅត្រពាំងគៀលជាប់ទល់ដែនកម្ពុជា-ឡាវ ប្រមាណ ១០០គីឡូម៉ែត្រ ដែលជាផ្លូវអាស៊ានហាយវេស៍ទី១១ ។ ផ្លូវនេះ តភ្ជាប់ផ្លូវជាតិលេខ១៣ ពីវៀងចន្ទ មកផ្លូវជាតិលេខ៧ និងតភ្ជាប់ទៅជាតិលេខ៤ ទៅកំផែអន្តរជាតិក្រុងព្រះសីហនុ។ លោក ស៊ុន ចាន់ថុល បញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ  និងដឹកជញ្ជូន នៅថ្ងៃទី២៧ តុលានេះ។
 
«តាមខ្ញុំដឹង ពេលនាយករដ្ឋមន្រ្តីចិន មកទស្សនកិច្ចជាផ្លូវការនៅថ្ងៃទី៩ ខាងមុខនេះ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ នឹងមានចុះហត្ថលេខាលើប្រាក់កម្ចី ដើម្បីយកមកសាងសង់ផ្លូវពីស្គន់ទៅកំពង់ចាម»។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។
 
រដ្ឋមន្រ្តីរូបនេះ បានបន្តថា ផ្លូវលេខ៨ ពីស្ពានព្រែកតាម៉ាក ទៅពញាក្រែក មានប្រវែង ១២៤.៤០០គីឡូមែត្រ គ្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ។
បើតាមលោក ស៊ុន ចាន់ថុលផ្លូវជាតិលេខ៩ ពីស្ទឹងត្រែងទៅព្រះវិហារ មានប្រវែង ១៤២.៧៥៥គីឡូម៉ែត្រ មិនមានការសាងសង់ ឬកែលម្អអ្វីនោះទេ ព្រោះផ្លូវនេះនៅល្អប្រសើរ។ ផ្លូវជាតិលេខ១០ ពីសំលូត ទៅវាលវែង និងកោះកុង ក្រសួងសាងសង់សម្រេចបាន ៦៦ភាគរយហើយ។ ចំណែកផ្លូវជាតិលេខ១១ ពីព្រៃវែងទៅថ្នល់ទទឹង តភ្ជាប់ទៅផ្លូវជាតិលេខ ៧ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ក្រៅពីនេះក៏នៅមានផ្លូវជាច្រើនទៀតផង ដែលក្រសួងបានដាក់ឱ្យប្រើប្រាស់ និងបន្តសាងសង់ផងដែរ៕
 
 

Tag:
 សាងសង់ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com