អន្តរជាតិ
អាស៊ាន
ប្រមុខការទូតសិង្ហបុរី និងឥណ្ឌូណេស៊ី បង្ហាញការខកចិត្តចំពោះស្ថានភាពនយោបាយមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន។ រូបភាពយកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
× រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា បានរៀបចំកិច្ចប្រជុំមួយនាលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាការអនុវត្តការឯកភាព៥ចំណុច ដែលមេដឹកនាំអាស៊ានដាក់ចេញនាខែមេសា ឆ្នាំ២០២១ កន្លងមក។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នាលេខាធិការអាស៊ាន ក្នុងថ្ងៃទី២៧ ខែតុលា មិនបានដាក់ចេញសេចក្តីសម្រេចធំដុំអ្វីឡើយ ទាក់ទិននឹងការដាក់សម្ពាធបន្ថែមលើរបបសឹកមីយ៉ាន់ម៉ាឱ្យអនុវត្តការឯកភាព ៥ចំណុច ដែលមេដឹកនាំអាស៊ានបានដាក់ចេញនាពេលកន្លងមក។
ប៉ុន្តែរដ្ឋមន្រ្តីការបរទេសសិង្ហបុរី និងឥណ្ឌូណេស៊ី បានបង្ហាញការខកចិត្តចំពោះកង្វះខាតនៃដំណើរការអនុវត្តការឯកភាព ៥ចំណុច។
«លោករដ្ឋមន្រ្តី Vivian Balakrishnan បានបញ្ជាក់ជាថ្មីពីការខកចិត្តរបស់សិង្ហបុរីជុំវិញការខ្វះខាតដំណើរការអនុវត្តការព្រមព្រៀង ៥ចំណុច ការរីកធំឡើងនៃអំពើហិង្សា និងស្ថានភាពកាន់តែអាក្រក់នៅក្នុងប្រទេស»។ ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៧ ខែតុលា។
ស្របគ្នានេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរីក៏បានជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា អនុវត្តការឯកច្ឆន្ទ ៥ចំណុចឱ្យបានពេញលេញ ដោយរួមទាំងអនុវត្តឱ្យប្រេសិតពិសេសអាស៊ាន អាចជួបគ្រប់ភាគីនយោបាយទាំងអស់នៅមីយ៉ាន់ម៉ា។ ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០២១ មក ប្រេសិតពិសេសអាស៊ាន មិនទាន់បានជួបលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាល ដែលត្រូវជាប់ឃុំ និងរងបទចោទជាច្រើនឡើយ។
ដោយមានជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសជាច្រើនលើក លោក Balakrishnan បានជំរុញឱ្យមានកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងជាប្រយោជន៍សម្រាប់ប្រជាជន។ យោធាមីយ៉ាន់ម៉ា និងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) តែងប៉ះទង្គិចគ្នាជាញឹកញាប់។
ដោយឡែករដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ក៏បានបង្ហាញក្តីបារម្ភដូចសមភាគីសិង្ហបុរីដែរ និងអះអាងថា ស្ថានការណ៍នៅមីយ៉ាន់ម៉ាកាន់តែមានភាពអាក្រក់ឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ត្រង់ចំណុចនេះ លោកស្រី Marsudi បានសង្កត់ធ្ងន់ថា អំពើហិង្សានៅមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ភ្លាមៗ។ ប្រមុខការទូតឥណ្ឌូណេស៊ី បានយល់ថា បើគ្មានការផ្អាកអំពើហិង្សាទេ វានឹងគ្មានលក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់ស្វែងរកដំណោះស្រាយលើវិបត្តិនយោបាយឡើយ៕
Tag:
អាស៊ាន
សិង្ហបុរី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com