កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Ronaldo រកបានគ្រាប់ទី៧០១ ឯ Arsenal បរាជ័យលើកដំបូង
28, Oct 2022 , 9:56 am        
រូបភាព
Cristiano Ronaldo វិលត្រឡប់ចូលជួយក្រុម Manchester United ដោយរកបាន១គ្រាប់ និងជាគ្រាប់បាល់ទី៧០១ក្នុងអាជីព ដើម្បីជួយក្រុមឈ្នះ Sheriff Tiraspol ក្នុងការប្រកួត UEFA Europa League នៅរាត្រីថ្ងៃទី២៧ ខែតុលា។ Arsenal ចាញ់ PSV Eindhoven ២-០ និងជាបរាជ័យលើកដំបូងក្នុងវគ្គសន្សំពិន្ទុរបស់ពួកគេ។


នាជំនួបវគ្គសន្សំពិន្ទុពូល E នៅ Old Trafford ក្រុមម្ចាស់ផ្ទះ Man Utd រកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Sheriff Tiraspol ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ក្រុមបិសាចក្រហមសម្រេចបានដោយ Diogo Dalot នៅនាទី៤៤ Marcus Rashford នៅនាទី៦៥ និង Cristiano Ronaldo នៅនាទី៨១។
 
វិលចូលក្រុមសារជាថ្មី ក្រោយអ្នកចាត់ការ Man Utd លោក Erik ten Hag ដកឈ្មោះចេញសប្តាហ៍មុននោះ Ronaldo អាចរកបាន១គ្រាប់ និងជាគ្រាប់ទី៧០១ក្នុងអាជីពរបស់គេ។
ក្រោយចប់ការប្រកួតលោក Ten Hag ប្រាប់អ្នកកាសែតថា ដរាបណា Ronaldo មិនបោះបង់ការព្យាយាមទេ នោះតំណែងដ៏ស័ក្តិសមនឹងផ្តល់ឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់នេះជានិច្ច។
ក្នុងពូល E នេះ ក្រុមកំពូលតារាង Real Sociedad និង Man Utd ដែលនៅលេខ២ ចាប់ដៃគ្នាឡើងទៅវគ្គបន្ត បើទោះនៅ១ប្រកួតទៀត។
 
ដោយឡែកក្រុម Arsenal ដែលបានកៅអីស្វ័យប្រវត្តិទៅវគ្គខ្វែង ស្គាល់បរាជ័យលើកដំបូងនៅជំនួបទី៥ បន្ទាប់ពីឈ្នះ៤ប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុពូល A។ កាំភ្លើងធំ ចាញ់ក្រុមហូឡង់ PSV Eindhoven ២-០។ គ្រប់ការប្រកួតរបស់ Arsenal រដូវកាលទើបចាញ់២ប្រកួតប៉ុណ្ណោះ ដោយចាញ់ Man Utd ៣-០ ក្នុងក្របខណ្ឌ Premier League និងចាញ់ PSV ដែលដឹកនាំដោយ Ruud van Nistelrooy ដែលជាអតីតកីឡាករ Man Utd។
 
ក្នុងពូល A នេះ Arsenal ដែលឈរកំពូលតារាងមាន១២ពិន្ទុ រួមជា PSV មាន១០ពិន្ទុ ស្ថិតនៅលេខ២ ត្រូវឡើងទៅវគ្គបន្ត នៃពានរង្វាន់កម្រិតទី២អឺរ៉ុប។
ក្រុមដែលបានឡើងទៅវគ្គបន្តផ្សេងទៀតក្រោយឆ្លងកាត់៥ប្រកួតតាមពូលរួមមាន Fenerbache, Rennes, Real Betis, Union Berlin, SC Freiburg និង Ferencvaros ខណៈក្រុមផ្សេងទៀត ត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយ៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com