ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្នុងកិច្ចប្រជុំអន្តរជាតិ ប្រធានរដ្ឋសភាកម្ពុជា ស្នើឲ្យនាំគ្នាគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ
28, Oct 2022 , 4:59 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ថ្លែងសុទ្ទរកថា ក្នុងកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ នៅប្រទេសថៃ។ ស្តាំដៃសម្តេច គឺលោកតំណាងរាស្រ្ត សួស យ៉ារ៉ា ហើយឆ្វេងដៃសម្តេច គឺលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ រូបពីរដ្ឋសភា
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ថ្លែងសុទ្ទរកថា ក្នុងកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ នៅប្រទេសថៃ។ ស្តាំដៃសម្តេច គឺលោកតំណាងរាស្រ្ត សួស យ៉ារ៉ា ហើយឆ្វេងដៃសម្តេច គឺលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ រូបពីរដ្ឋសភា
ដោយ៖ ទេពញាណ

ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យមានការគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។



ការអំពាវនាវរបស់ប្រធានរដ្ឋសភាកម្ពុជា ដោយសារសម្តេច សង្កេតឃើញពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន ដូចជា ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ការគំរាមកំហែងផ្នែកសន្តិសុខ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។ សម្តេច ក៏បានលើកឡើងដែរថា ក្នុងតំបន់អាស៊ាន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញ៉ាំ និងមិនងាយរលត់នោះទេ។

«វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដែលរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងក្នុងពិភពលោក»។ នេះជាប្រសាសន៍របស់សម្តេច ហេង សំរិន ដែលត្រូវបានស្រង់យកទៅសរសេរលើគេហទំព័ររបស់រដ្ឋសភាកម្ពុជា

សម្តេច បន្តថា ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ គឺជាការងារដ៏ចាំបាច់ និងអាទិភាពបំផុត ហើយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវប្តេជ្ញារួមគ្នាដើម្បីសម្រេចឲ្យបាននូវការស្តារឡើងវិញនេះ តាមរយៈការលើកកម្ពស់ផ្នែកឌីជីថល ហិរញ្ញវត្ថុ កិច្ចគាំពារសង្គម និងសមភាពយេនឌ័រ។

គួរដឹងថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជួបប្រជុំគ្នាជាប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម។ កិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ ដែលថៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ គឺផ្តោតលើការលើកកម្ពស់សន្តិសុខក្នុងតំបន់ ការពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការស្តារការងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ៕

Tag:
 ហេង សំរិន
  APPF
© រក្សាសិទ្ធិដោយ thmeythmey.com