ជាតិ
ក្រសួងទេសចរណ៍ បង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដើម្បីលើកកម្ពស់វិស័យអេកូទេសចរណ៍
× ភ្នំពេញ៖ «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប-TEN» ត្រូវបានបង្កើតឡើងដើម្បីជំរុញសក្តានុពលវិស័យអេកូទេសចរណ៍ឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលនៃបណ្តាខេត្តជុំវិញតំបន់បឹងទន្លេសាបទាំង៦។
ដើម្បីសម្រេចគោលដៅឱ្យចេញជារូបរាងនូវបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងផ្តល់យន្តការថ្មី ដែលហៅកាត់ថា បណ្តាញTENនេះ ស្ថិតក្រោមការដឹកនាំរបស់ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ។
កម្មវិធីបិទសិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ រូបភាព៖ ក្រសួងទេសចរណ៍
លេខាធិធារដ្ឋានគណៈកម្មាធិការជាតិ នឹងសហការជាមួយដៃគូពាក់ព័ន្ធ នឹងចុះអនុស្សារណៈយោគយល់(MoU) សម្រាប់ចុះហត្ថលេខាបង្កើតបណ្តាញ TEN ជាផ្លូវការនៅវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ថោង ខុន នឹងប្រជុំដឹកនាំការងារនេះរៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសកម្មភាពការងារគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា យន្តការអនុវត្ត និងតាមដានសម្មទិកម្មឲ្យបានច្បាស់លាស់។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រី្តក្រសួងទេសចរណ៍ ក៏បានស្នើឲ្យស្ថាប័នដៃគូអភិវឌ្ឍ ស្ថាបនិក ឬសមាជិកនៃអង្គការជាតិ និងអន្តរជាតិនានា គាំទ្រដល់កិច្ចប្រតិបត្តិការបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការអនុវត្ត អនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។
ចំពោះការងារអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ រួមទាំងសហគមន៍ លោក ជុក ជំនោរ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ នឹងសម្របសម្រួលលើគ្រប់ដំណើរការបច្ចេកទេសក្នុងការរៀបចំគម្រោងសកម្មភាព។
កម្មវិធីបិទសិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ រូបភាព៖ ក្រសួងទេសចរណ៍
លោក ថោង ខុន សង្ឃឹមថា បណ្តាញTEN នឹងរួមចំណែកដោះស្រាញបញ្ហាប្រឈមនានា ដ្បិតបឹងទន្លេសាប ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។
គួរបញ្ជាក់ផងដែរថា បឹងទន្លេសាប ជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គីឡូម៉ែត្រ ទទឹងប្រមាណពី ៣ គីឡូម៉ែត្រ ទៅ ៣៣ គីឡូម៉ែត្រ។ លើសពីនេះ ក៏មានឆ្នេរប្រវែងប្រមាណ ៤៨២ គីឡូម៉ែត្រ នៅរដូវប្រាំង។
បឹងទន្លេលក្ខណៈពិសេស ក្នុងការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅទន្លេមេគង្គវិញនារដូវប្រាំង។ នេះជាបាតុភូតជលសាស្ដ្រធម្មជាតិមួយ ដែលបង្កើតឱ្យមានតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ និងបានផ្ដល់ជាជម្រកដល់ជីវចម្រុះ៕
Tag:
ទេសចរណ៍
អេកូទេសចរណ៍
បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com