ជាតិ
កំណាត់ផ្លូវជាតិលេខ៦ នឹងពង្រីកដើម្បីសម្រួលចរាចរណ៍ ពេលព្រលានយន្តហោះសៀមរាបថ្មីបើកដំណើរការ
× កំណាត់ផ្លូវជាតិលេខ៦ នឹងពង្រីកចាប់ពីចំណុចប្រសព្វនៃផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប រហូតដល់ក្រុងសៀមរាប។ គម្រោងពង្រីកកំណាត់ផ្លូវនេះ គឺដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងកើនឡើង ដោយសារការបើកដំណើរការព្រលានយន្តហោះសៀមរាបថ្មីនៅពេលខាងមុខ។
ក្រសួងសាធារណរការ និងដឹកជញ្ជូន កំពុងសិក្សាជាមួយវិស័យឯកជនលើគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០។ បើយោងតាមការក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា គម្រោងពង្រីកផ្លូវនេះ គឺផ្តោតសំខាន់លើបរិស្ថាន ដែលដើមឈើធំៗតាមដងផ្លូវ ត្រូវរក្សាទុក។ ជាពិសេស គឺយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និងធ្វើជាសួនអមសងខាងផ្លូវត្រង់ចំណុចខ្លះ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ រូបភាពពី៖ក្រសួងសាធារណការ និងដឹកជញ្ជូន
ពាក់ព័ន្ធនឹងគម្រោងពង្រីកផ្លូវនេះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទាមទារឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសសាងសង់ ផងដែរ។ លោក បាននិយាយដូច្នេះ៖ « គុណភាពរឹងមាំ គឺជារឿងចម្បង និងត្រូវធានាផងដែរថា ប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ»។
បច្ចុប្បន្ន គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦នេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសំណង់សៀងហៃ លើគ្រោងការណ៍នៃសាងសង់ត្រង់កំណាត់ផ្លូវក្រៅក្រុងសៀមរាប និង ផ្លូវក្នុងក្រុងសៀមរាប ដែលឈានដល់ការប៉ាន់ស្មានតម្លៃវិនិយោគ និងហិរញ្ញប្បទាន រួមទាំងការវាយតម្លៃផ្នែកសេដ្ឋកិច្ច ដើម្បីឆ្ពោះទៅកាន់ការកំណត់ថ្ងៃចាប់ផ្តើមសាងសង់។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិ លេខ៦ ។ រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ជាមួយគ្នានេះ លោក លឹម ស៊ីដេនីន ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពន្លឿនការសិក្សា រួមទាំងដោះស្រាយផលប៉ះពាល់ឱ្យបានចប់សព្វគ្រប់ ដើម្បីបើកការដ្ឋានសាងសង់ឱ្យបានឆាប់ សម្រាប់ឆ្លើយតប នឹងការដាក់ឱ្យដំណើរការនូវព្រលានយន្តហោះថ្មីខេត្តសៀមរាប ក្នុងឆ្នាំ២០២៣៕
Tag:
ផ្លូវជាតិលេខ៦
ចរាណ៍ចរណ៍
ព្រលានយន្តហោះថ្មី
ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com