ជាតិ
វ៉ាក់សាំងកូវីដសល់ក្នុងឃ្លាំងជាង៨លានដូស ខណៈសម្តេច ហ៊ុន សែន បន្តអំពាវនាវពលរដ្ឋឱ្យទៅទទួលដូសជំរុញ
× កម្ពុជា នៅសល់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងឃ្លាំរហូតជាង៨លានដូសទៀត សម្រាប់ផ្តល់ឱ្យពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដែលបន្តអំពាវនាវពលរដ្ឋឱ្យទៅបន្តដូសជំរុញ។
បច្ចុប្បន្ន មានពលរដ្ឋប្រមាណ៤លាននាក់ទៀត ដែលពុំទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នូវដូសទី៣ ខណៈសម្តេចអំពាវនាវយ៉ាងទទូចឱ្យពលរដ្ឋទៅចាក់វ៉ាក់នូវដូសជំរុញ។ បើតាមសម្តេច បើប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងគ្រប់គ្នា ទោះបីមានឆ្លងជំងឺកូវីដ-១៩ ក៏មិនមានអ្វីធ្ងន់ធ្ងរដែរ។
ក្នុងពិធីងពិធីចែកស្រូវពូជដល់ពលរដ្ឋខេត្តកំពង់ធំ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាថ្ងៃទី២៩តុលា ប្រមុខារាជរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះ៖ «មិនមែនយើងខ្វះវ៉ាក់សាំងទេ! គឺវ៉ាក់សាំងនៅក្នុងឃ្លាំងជាង ៨លានដូសទៀត»។ ក្រៅពីនេះ កម្ពុជា ក៏នៅសល់វ៉ាក់សាំងជាជំនួយរបស់ប្រទេសចិន និង សហរដ្ឋអាម៉េរិក សរុប២០,៥លានដូសទៀតដែលមិនអនុញ្ញាតឱ្យគេបញ្ជូនមក។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ « យើងនៅសល់វ៉ាក់សាំង! យើងមិនខ្វះវ៉ាក់សាំងទេ! ដោយយើងក៏ចែកវ៉ាក់សាំងកូវីដ-១៩ បានមួយចំនួន ដល់ប្រទេសជិតខាងយើង ទៀតផង»។
រូបភាព៖ យកពីផេកហ្វេសប៊ុកសម្ដេច
គិតទល់ថ្ងៃទី២៨តុលា ឆ្នាំ២០២២ កម្ពុជា មានពលពលរដ្ឋ ១៥ ២១៥ ៧៧៣នាក់ ស្មើ ៩៥,១០ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រីឯ អ្នកឆ្លងជំងឺកូវីដ វិញ គឺមានសរុប ១៣៧ ៩៨១នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយមាន ១៣៤ ៩១៨នាក់ និងស្លាប់ ៣ ០៥៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com