កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Liverpool ចាញ់, Spurs តាមឈ្នះ ឯ Man City ឡើងឈរកំពូលតារាង EPL
30, Oct 2022 , 1:59 pm        
រូបភាព
Chelsea និង Liverpool រងការខកចិត្តជាថ្មី ក្រោយបរាជ័យរៀងខ្លួនក្នុងការប្រកួត Premier League សប្តាហ៍ទី១២ ថ្ងៃទី២៩ ខែតុលា។ Chelsea ចាញ់ Brighton & Hove Albion ៤-១ ឯ Liverpool ចាញ់ Leeds United ២-១។ Tottenham Hotspur វាយបកយកឈ្នះ FC Bournemouth ៣-២ បន្ទាប់ពី Manchester City ឡើងឈរកំពូលតារាងលីគកំពូលអង់គ្លេស ក្រោយឈ្នះ Leicester City ១-០។

ចាញ់ Brighton ដល់ទៅ ៤-១ បានធ្វើឱ្យ Chelsea ខ្ទាតចេញពី Top 4 ទៅលេខ៥វិញ ជំនួសដោយ Newcastle United ដែលបង្ហាញភាពខ្លាំងរបស់ខ្លួនរដូវកាលនេះ តាមរយៈជ័យជម្នះលើ Aston Villa ៤-០។ តោខៀវឈរលេខ៥មាន២១ពិន្ទុ តាមពីក្រោយសារិកាព្រៃ ៣ពិន្ទុ។
Liverpool ក៏ត្រដាបត្រដួសដូចគ្នា ក្រោយបន្តចាញ់ Leeds Unted ក្នុងផ្ទះខ្លួនឯង ២-១។ នេះជាបរាជ័យលើកទី២ជាប់គ្នា របស់ហង្សក្រហមខណៈសប្តាហ៍មុនពួកគេចាញ់ក្រុមបាតតារាង Nottingham Forest ១-០។ ក្រុមលោក Jurgen Klopp ស្ថិតនៅចំណាត់ថ្នាក់ទី៩ បណ្តោះអាសន្នមាន១៦ពិន្ទុ។
Spurs នៅបន្តឈរចំណាត់ថ្នាក់ទី៣ដដែល ក្រោយពួកគេរកបាន៣ពិន្ទុបន្ថែម ក្រោយវាយបកយកឈ្នះ Bournemouth ៣-២ វិញ។ Bournemouth នាំមុខ២គ្រាប់មុន មុនពេលមាន់ខ្នាយមាសតាមបាន៣គ្រាប់វិញនាជំនួបសប្តាហ៍ទី១៣របស់ពួកគេ។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Antonio Conte កើន២៦ពិន្ទុ ឯ Bournemouth រកបាន១៣ពិន្ទុ ស្ថិតនៅលេខ១៣។
ក្រុមម្ចាស់ការពារជើងឯក Man City ឯណោះវិញ បានឡើងទៅឈរកំពូលតារាងជាលើកដំបូងនៅរដូវកាលនេះ ក្រោយបាន៣ពិន្ទុបន្ថែមពីការឈ្នះ Leicester ១-០ ក្នុងជំនួបលីគសប្តាហ៍ទី១២របស់ពួកគេ។
ក្រុមមេឃខៀវរកបាន២៩ពិន្ទុ នាំមុខ Arsenal ដែលនៅកំពូលតារាង១១សប្តាហ៍មកហើយ ចំនួន១ពិន្ទុ។ យ៉ាងណាកាំភ្លើងធំនៅសល់មួយប្រកួតក្នុងដៃ។
លទ្ធផលគូផ្សេងៗទៀត៖
- Brentford ១-១ Wolverhampton 
- Crystal Palace ១-០ Southampton 
- Fulham ០-០ Everton ៕
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com