សេដ្ឋកិច្ច
អន្តរជាតិ
ទំហំសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍ឈានដល់ ២០០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២
30, Oct 2022 , 7:30 pm        
រូបភាព
រូបភាព The Star
រូបភាព The Star
ប្រទេសខ្លាសេដ្ឋកិច្ចទាំង៦នៅអាស៊ីអាគ្នេយ៍កំពុងរីកចម្រើនលឿនជាងការរំពឹងទុកលើ វិស័យសេដ្ឋកិច្ចឌីជីថល  ដែលអាចសម្រេចបាននូវទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារនៃបរិមាណទំនិញសរុប (Gross merchandise volume - GMV) ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2022 ចេញផ្សាយនៅថ្ងៃទី ២៧តុលា ដោយ Google, Temasek និង Bain & Company។

 
 
ខ្លាសេដ្ឋកិច្ចទាំង៦នៅក្នុងតំបន់ មានប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ។ ប្រទេសទាំងនេះកំពុងរីកចម្រើនខ្លាំងនូវវិស័យសេដ្ឋកិច្ចឌីជីថល ​ដែលគេរំពឹងសម្រេចបានទំហំទឹកប្រាក់​ ២០០០លានដុល្លារ សម្រាប់ឆ្នាំនេះ។ 
 
ទំហំសេដ្ឋកិច្ចឌីជីថលដែលមានតម្លៃ ២០០ពាន់លានដុល្លារនេះ គឺមានការកើនឡើង ២០ភាគរយ បើធៀបនឹងឆ្នាំ២០២១ មានត្រឹម ១៦១ពាន់លានដុល្លារ។
 
របាយការណ៍ពី e-Conomy SEA 2022  បានបង្ហាញថា  ក្នុងចំណោមប្រទេសទាំង៦ខាងលើ វៀតណាម ជាប្រទេសនាំមុខគេ ជាមួយនឹងការព្យាករកំណើន ៣១ភាគរយនៃបរិមាណទំនិញសរុប ពីតម្លៃ ២៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ៤៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។​ ហ្វីលីពីនតាមពីក្រោយ ដោយព្យាករកំណើនពីតម្លៃ ២០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ៣៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។
 
បើតាមរបាយការណ៍ដដែល ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសទាំង៦ខាងលើ ត្រូវបានព្យាករថា នឹងកើនដល់៣៣០ពាន់លានដុល្លារនៅឆ្នាំ២០២៥ ហើយរំពឹងដល់ ១ ០០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ការទិញទំនិញតាមប្រព័ន្ធអនឡាញ ត្រូវបានរំពឹង មានសន្ទុះកើនឡើងខ្លាំងនាពេលអនាគត ។ 
 
វិស័យ E-commerce គឺជាផ្នែកមួយដែលគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ខណៈសេវាកម្មហិរញ្ញវត្ថុឌីជីថល រួមទាំងការទូទាត់ ការផ្ទេរប្រាក់ ប្រាក់កម្ចី ការវិនិយោគ និងការធានារ៉ាប់រង ក៏ជាតួអង្គជំរុញនៃកំណើនសេដ្ឋកិច្ចឌីជីថល ផងដែរ។ តំបន់អាស៊ីអាគ្នេយ៍ កំពុងត្រូវបានមើលឃើញពីកំណើននៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត ជាមួយនឹងអ្នកប្រើប្រាស់ថ្មីចំនួន ២០ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០២២ ដែលនាំឱ្យចំនួនអ្នកប្រើប្រាស់សរុបកើនឡើងដល់ ៤៦០លាននាក់៕
 

Tag:
 សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com