ជាតិ
ម្ចាស់ភោជនីយដ្ឋាននៅមណ្ឌលគិរីចំនួន៣២ មិនលក់សាច់សត្វព្រៃ
31, Oct 2022 , 7:59 am        
រូបភាព
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានបន្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី។ អន្ទាក់សូន្យ ជាយុទ្ធនាការ លុបបំបាត់អន្ទាក់ ការបរបាញ់ ក៏ដូចជាការជួញដូរសត្វព្រៃក្នុងតំបន់អភិរក្ស។ យុទ្ធនាការនេះ អនុវត្តរយៈពេល៦សប្ដាហ៍ ចាប់ផ្ដើមពីថ្ងៃទី២២ ខែតុលា ដោយផ្សព្វផ្សាយដល់ពលរដ្ឋ ពិសេសអាជីវករតាមភោជនីយដ្ឋាននានា ហាមលក់ម្ហូបអាហារពីសាច់សត្វព្រៃ។ ទន្ទឹមនឹងនេះ ម្ចាស់ភោជនីយដ្ឋានមួយចំនួន បានប្ដេជ្ញាចូលរួមយុទ្ធនាការជាមួយក្រសួង ដោយមិនធ្វើអាជីវកម្មសត្វព្រៃឡើយ។

 
«ការបញ្ឈប់ការជួញដូរសត្វព្រៃ» ជាសកម្មភាពទី២ បន្ទាប់ពី «ការបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃខុសច្បាប់» ដែលស្ថិតក្នុងយុទ្ធនាការអន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ (WWF)។ យុទ្ធនាការនេះ អនុវត្តនៅខេត្តគោលដៅចំនួន៦ មានខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ធំ រតនគិរី និងមណ្ឌលគិរី។ 


  លោក អ៊ុម សាម៉ន និងភរិយា ម្ចាស់ភោជនីយដ្ឋាន រ៉ាម៉នផាប់។ រូបភាពដោយកញ្ញា ហេង ម៉ាលីន។ 
 
ក្នុងសន្និសីទសារព័ត៌មាន នៃយុទ្ធនាការអន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែតុលា លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងអាកប្បកិរិយាពលរដ្ឋដែលនិយមបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមអភិរក្ស។ យុទ្ធនាការនេះបានសហការជាមួយភោជនីយដ្ឋានចំនួន៣២កន្លែងក្នុងខេត្តមណ្ឌលគិរី ឱ្យចូលរួមបញ្ឈប់ការលក់ម្ហូបអាហារធ្វើពីសាច់សត្វព្រៃ និងផ្សព្វផ្សាយបន្តទៅអតិថិជនឱ្យកាន់តែទូលំទូលាយ។
 
លោក នេត្រ ភក្រ្តា សោកស្ដាយចំពោះពលរដ្ឋមួយចំនួន ដែលគិតថាសាច់សត្វព្រៃអាចជួយបំប៉នសុខភាព ព្យាបាលជំងឺ និងប៉ូវកម្លាំង ដ្បិតវាជាការគិតខុសទាំងស្រុង។ 
«ការបរិភោគសាច់សត្វព្រៃ មិនត្រឹមតែបង្កហានិភ័យដល់សុខភាពអ្នកបរិភោគខ្លួនឯងនោះទេ ប៉ុន្តែជាអកុសល វាក៏លើកទឹកចិត្តឱ្យមានការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃដែលមានតម្លៃជាសកល»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា។
 

ខៀវ ឧត្តម ម្ចាស់ភោជនីយដ្ឋាន មណ្ឌលគិរី ភីហ្សា បឹងហ្គាឡូ។​ រូបភាពដោយកញ្ញា ហេង ម៉ាលីន។
 
លោក អ៊ុម សាម៉ន ម្ចាស់ភោជនីយដ្ឋាន រ៉ាម៉នផាប់ ស្ថិតក្នុងភូមិកណ្ដាល ក្រុងសែនមនោរម្យ បានគាំទ្រចំពោះយុទ្ធនាការរបស់ក្រសួងបរិស្ថាន។ លោកប្ដេជ្ញាចិត្តមិនជួញដូរសត្វព្រៃក្នុងភោជនីយដ្ឋានខ្លួនឡើយ។ លោក សាម៉ន យល់ថា សត្វព្រៃជាសត្វអភិរក្ស មិនមែនសម្រាប់ធ្វើជាម្ហូបអាហារសម្រាប់បរិភោគឡើយ ម្យ៉ាងលោក ក៏មិនចង់មានបញ្ហា ទោសទណ្ឌពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់ឡើយ។
 
អាជីវកររូបនេះ សង្កត់ធ្ងន់ថា៖«ភោជនីយដ្ឋានរបស់ខ្ញុំ មិនលក់សត្វព្រៃដាច់ខាត គឺខ្ញុំប្ដេជ្ញាចិត្តខ្លួនឯង។ ពីមុនមកក៏ខ្ញុំមិនដែលលក់ដែរ»។ 
 
លោក សាម៉ន ដឹងច្បាស់ថាសត្វព្រៃអាចច្នៃជាម្ហូបលក់បានតម្លៃថ្លៃជាងសត្វស្រុក ឬសត្វចិញ្ចឹម ប៉ុន្តែលោក មិនលក់ឡើយព្រោះយល់ថាវាមិនគប្បី។ នៅខាងមុខ ភោជនីយដ្ឋាន រ៉ាម៉នផាប់ របស់លោក សាម៉ន បិទស្លាកបង្ហាញអតិថិជនថា ភោជនីយដ្ឋាននេះ គ្មានលក់សាច់សត្វព្រៃឡើយ។
 


ទោះជាយ៉ាងណា ក៏នៅតែមានអតិថិជនមកសួររកសាច់សត្វព្រៃនៅភោជនីយដ្ឋានរបស់លោក សាម៉ន ជារឿយៗផងដែរ។ «នៅតែមានគេសួររកមួយៗដែរ ខ្ញុំក៏អត់យល់ដែរ។ ហើយពេលយើងប្រាប់ពួកគាត់ថាអត់មានលក់ហើយ អ្នកខ្លះក៏មិនអី ខ្លះទៀតក៏ខឹង ចាកចេញពីហាងទៅ»។ នេះជាការលើកឡើងរបស់លោក សាម៉ន។
 
ងាកមកម្ចាស់ភោជនីយដ្ឋាន យឿន សក្ខិណា ដែលស្ថិតក្នុងក្រុងសែនមនោរម្យដូចគ្នានោះ ក៏មិនទទួលទិញ លក់ម្ហូបធ្វើពីសាច់សត្វព្រៃដែរ។ លោក យាន យឿន ម្ចាស់ភោជនីយដ្ឋាន យឿន សក្ខិណា អះអាងថា ភោជនីយដ្ឋានលោក មិនធ្លាប់លក់សាច់សត្វព្រៃឡើយ ក្នុងរយៈពេល៧ឆ្នាំមកនេះ។ កន្លងមក ភោជនីយដ្ឋានរបស់លោក យាន យឿន ក៏ធ្លាប់មានឈ្មួញយកសាច់សត្វព្រៃមកលក់ឱ្យ ប៉ុន្តែលោកបានបដិសេដមិនទទួលទិញឡើយ។ 
លោក យាន យឿន អះអាងដូច្នេះ៖«មានគេធ្លាប់សាច់មកលក់ឱ្យ តែខ្ញុំអត់លក់ផង អ៊ីចឹងអត់ទិញទេ។ ហើយក៏ធ្លាប់មានអតិថិជនមកសួររកមួយៗដែរ»។


 
ទន្ទឹមនឹងនេះ លោក យាន យឿន ក៏អំពាវនាវដល់អតិថិជន និងអាជីវករទាំងអស់ក្នុងខេត្តមណ្ឌលគិរី ឱ្យបញ្ឈប់ការជួញដូរសាច់សត្វព្រៃ និងការបរបាញ់សត្វព្រៃ ព្រោះវាជាទង្វើខុសច្បាប់ ប្រឈមនឹងទោសទណ្ឌ។ លោក យឿន សប្បាយចិត្តដែលក្រសួងបរិស្ថានរៀបចំយុទ្ធនាការនេះឡើង ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ និងការបរបាញ់សត្វព្រៃក្នុងតំបន់អភិរក្ស ក្នុងខេត្តមណ្ឌលគិរី។
 
ចំណែកឯលោក ខៀវ ឧត្តម ម្ចាស់ភោជនីយដ្ឋាន មណ្ឌលគិរី ភីហ្សា បឹងហ្គាឡូ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក៏បង្ហាញការប្ដេជ្ញាមិនជួញដូរសាច់សត្វព្រៃដូចអាជីករទាំង២ខាងលើផងដែរ។ លោកថា បើសិនជាលោក ទទួលទិញសាច់សត្វព្រៃមកច្នៃជាម្ហូបលក់នៅកន្លែងនោះ ប្រៀបដូចជាលោកគាំទ្រសកម្មភាពបរបាញ់សត្វព្រៃដូច្នោះដែរ។


 លោក យឿន សក្ខិណា ម្ចាស់ភោជនីយដ្ឋាន យឿន សក្ខិណា។ រូបភាពដោយកញ្ញា ហេង ម៉ាលីន។

ភោជនីយដ្ឋាន មណ្ឌលគិរី ភីហ្សា បឹងហ្គាឡូ របស់លោក ខៀវ ឧត្តម ដំណើរការបានរយៈពេលជាង១០ឆ្នាំហើយ។ លោកមិនធ្លាប់លក់សាច់សត្វព្រៃឡើយ។ ជាមួយគ្នានេះ លោក ក៏អំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរ និងអាជីវករទាំងអស់ ឱ្យចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃ និងបរបាញ់សត្វ។ លោកយល់ថា បើសិនជាទប់ស្កាត់បានទាំងស្រុងការជួញដូរ និងបរបាញ់សត្វព្រៃ នឹងជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី តាមរយៈសត្វព្រៃក្នុងតំបន់អភិរក្សផងដែរ។
 
តាមរបាយការណ៍ពីក្រសួងបរិស្ថាន រយៈពេល១៨ខែ ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បង្រា្កបបានសាច់សត្វព្រៃចំនួន១៣៥៣គីឡូក្រាម។ ត្រឹម៦ខែ ឆ្នាំ២០២២ ខេត្តបង្រ្កាបបានសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាម៕
 
 
 

Tag:
 សត្វព្រៃ
 មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com