កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ត្រឡប់ទៅកំពូលតារាវិញ ឯ Man Utd បាន៣ពិន្ទុពី West Ham ទាំងត្រដាបត្រដួស
31, Oct 2022 , 10:14 am        
រូបភាព
Arsenal ឡើងទៅឈរកំពូលតារាងវិញក្រោយលត់ក្រុមបាតតារាង Nottingham Forest ៥-០ នាការប្រកួត Premier League សប្តាហ៍ទី១២ នៅថ្ងៃទី៣០ ខែតុលា។ Manchester United កើន៣ពិន្ទុបន្ថែមតាមរយៈជ័យជម្នះ ១-០ លើក្រុម West Ham United ទាំងលំបាក។



ក្រុមកាំភ្លើងធំរកបានជ័យជម្នះទី១០របស់ខ្លួនក្នុងចំណោមការប្រកួតទាំង១២លើករដូវកាល ២០២២-២៣នេះជាមួយរបៀបលេងដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយបំបាក់ Nottingham ដល់ទៅ៥ទល់សូន្យ។ ៥គ្រាប់របស់ Arsenal សម្រេចបានដោយ Gabriel Martinelli, Reiss Nelson (២គ្រាប់), Thomas Partey និង Martin Odegaard។
 
តាមរយៈជ័យជម្នះនេះ បានជួយ Arsenal ដណ្តើមចំណាត់ថ្នាក់កំពូលតារាងលីគកំពូលអង់គ្លេសពីក្រុមម្ចាស់ការពារជើងឯក Manchester City វិញ។ កាំភ្លើងធំកើន៣១ពិន្ទុ នាំមុខគូប្រជែងមេឃខៀវចំនួន២ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១២លើកដូចគ្នា។
 
ដោយឡែក Man Utd បានដណ្តើមចំណាត់ថ្នាក់ទី៥ពី Chelsea ក្រោយឈ្នះ West Ham ទាំងយ៉ាប់យ៉ឺនក្នុងជំនួបសប្តាហ៍ទី១២របស់ពួកគេនៅ Old Trafford។ គ្រាប់បាល់ជ័យជម្នះរបស់បិសាចក្រហមធ្វើបានដោយខ្សែប្រយុទ្ធ Marcus Rashford នៅនាទី៣៨នាវគ្គទី១។
 
៣ពិន្ទុនេះ មិនងាយស្រួលសម្រាប់ក្រុមរបស់លោក Erik ten Hag នោះទេ ដ្បិតក្រុមភ្ញៀវ West Ham បើកការវាយសម្រុកខ្លាំងក្លានៅវគ្គទី២។ អ្នកចាំទី David De Gea សង្គ្រោះបាល់ពីការស៊ុតរបស់ក្រុមញញ៉ួ​ជាច្រើនដង ដើម្បីរក្សាលទ្ធផល ១-០ នេះដល់ចប់ការប្រកួត។
 
ក្រោយការប្រកួត១២លើក Man Utd រកបាន២៣ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Newcastle United ដែលប្រកួត១៣លើកចំនួន១ពិន្ទុ និងក្រុមកំពូលតារាង Arsenal ៨ពិន្ទុ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com