កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Arsenal សង្ឃឹមរបួស Saka មិនប៉ះពាល់ដល់ឱកាសលេង ​World Cup
31, Oct 2022 , 12:09 pm        
រូបភាព
លោក Mikel Arteta អ្នកចាត់ការក្រុម ​Arsenal សង្ឃឹមបញ្ហារបួសរបស់ Bukayo Saka មិនប៉ះពាល់ដល់ឱកាសលេង FIFA World Cup ឱ្យក្រុមអង់គ្លេស នៅប្រទេសកាតា។ Saka ត្រូវបានប្តូរចេញត្រឹមវគ្គទីមួយដោយសាររបួស នាការប្រកួតដែល Arsenal ឈ្នះ Nottingham Forest លទ្ធផល​ ៥-០។



នាជំនួបក្របខណ្ឌ ​Premier League នៅយប់ថ្ងៃទី៣០ ខែតុលា ខ្សែប្រយុទ្ធវ័យក្មេងក្រុមកាំភ្លើងធំ ​Bukayo Saka ត្រូវបានលោក Arteta ដាក់ឱ្យលេងស្ថិតក្នុងជម្រើស​ ១១នាក់ដំបូង ហើយរូបគេក៏ជាអ្នកនាំឱកាសរកបានគ្រាប់បាល់ដំបូងបើកឆាក់ទៅឱ្យមិត្តរួមក្រុម ​Gabriel Martinelli ត្រឹមនាទី៥។ តែ ​Saka ត្រូវបានបានខ្សែការពារស្លាបឆ្វេងរបស់ ​Nottingham Forest កីឡាករ Renan Lodi ធ្វើឱ្យរបួសក្នុងវគ្គទីមួយ ក្រោយប៉ះទង្គិចគ្នាពីការប្រជែងយកបាល់ ហើយក៏ត្រូវបានប្តូរចេញនៅនាទី២៧។
 
បញ្ហារបួសរបស់​ Saka វ័យ ២១ឆ្នាំ បានក្លាយជាកង្វល់ធ្លាក់លើគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក ​Gareth Southgate ខណៈដែល World Cup នៅសល់ត្រឹមតែរយៈពេល ៣សប្តាហ៍ទៀតប៉ុណ្ណោះនឹងមកដល់។ សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានចាត់ទុកជាកីឡាករកូនសោរសំខាន់សម្រាប់ក្រុមអង់គ្លេស។ យ៉ាងណា Arteta អ្នកចាត់ការវ័យ ៤០ឆ្នាំ មានជំនឿមុតមាំថារបួសមិនប៉ះពាល់ឡើយដល់ Saka សម្រាប់សុបិនលេង World Cup របស់គេ។
 
«ខ្ញុំសង្ឃឹមថាមិនមានផលប៉ះពាល់ ប៉ះទង្គិចនោះជាការជាការទាត់ដ៏អាក្រក់មួយ រូបគេមានអារម្មណ៍ថាស្ពឹកជើង តែខ្ញុំមិនបានឃើញអ្វីលើសពីនេះឡើយ ទាំងជើង និងកជើងរបស់គេត្រូវបានប៉ះទង្គិចប៉ុន្មានដងពេលនោះ។ ខ្ញុំសប្បាយចិត្តសម្រាប់គេ គេជាកីឡាករដែលព្យាយាមខ្លាំងណាស់ រូបគេមានការផ្លាស់ប្តូរនិងវិវត្តន៍ល្អយ៉ាងខ្លាំង បញ្ហារបួសនេះមិនប៉ះពាល់ដល់ក្តីស្រមៃ World Cup របស់គេឡើយ។»។ លោក ​Arteta និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតនាថ្ងៃទី៣០ ខែតុលា។
 
ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ខិតជិតមកដល់ ដោយនឹងចាប់ផ្តើមចាប់បីថ្ងៃទី២០ ខែវិច្ឆិកា ដល់ខែធ្នូ ហើយនេះក៏ជាព្រឹត្តិការណ៍ FIFA World Cup លើកដំបូងនៅក្នុងតំបន់មជ្ឈឹមបូពា៍។
 
Arsenal បន្តរកបាន ៣ពិន្ទុនិងបន្តឈរនៅកំពូលតារាងនៃ Premier League ជាមួយ ៣១ពិន្ទុក្រោយឆ្លងកាត់ ១២ប្រកួតមកនេះ។ Manchester City ឈរលេខ២ មាន ២៩ពិន្ទុ Tottenham Hotspur លេខ៣ មាន ២៦ពិន្ទុ Newcastle United ឈរលេខ៤ មាន ២៤ពិន្ទុ ចំណែក Manchester United មាន ២៣ពីន្ទុ ឡើងមកឈរលេខ៥ វិញពីលើ Chelsea លេខ៦៕
 
 
 

Tag:
 Arsenal
  Mikel Arteta
© រក្សាសិទ្ធិដោយ thmeythmey.com