ជាតិ
រថយន្ត
រថយន្តបុរាណ នៅតែពេញនិយមសម្រាប់​តាំងលម្អតាមសណ្ឋាគារ និងជួលឱ្យទេសចរជិះកម្សា​ន្ត
19, Dec 2022 , 6:59 pm        
រូបភាព
សៀមរាប៖   សណ្ឋាគារ​អង្គរ​មីរ៉ាកល ដែលស្ថិតក្នុងខេត្តសៀមរាប ​បាន​បើក​ទ្វារវិញ​មុន​គេ ចាប់​ពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។  ​សណ្ឋាគារដ៏​ប្រណីត​​នេះ មាន​រថយន្ត​អាល្លឺម៉ង់កញ្ចាស់ ២គ្រឿង គឺម៉ាក VOLKSWAGEN ប្រភេទ​ទី១ ម៉ូឌែល 1500 ពណ៌​ខ្មៅ ផលិត​ចន្លោះ​ឆ្នាំ ១៩៦៧-១៩៧៨ ១គ្រឿង និង​ម៉ាក MERCEDES-BENZ ប្រភេទ W108 ម៉ូឌែល 280 SEL ពណ៌ខ្មៅ​ដូចគ្នា ផលិតក្នុង​ចន្លោះ​ឆ្នាំ១៩៦៨-១៩៧១ ចំនួន១គ្រឿង។ រថយន្ដ​ចាស់ៗ​ទាំង២នេះ មិន​មាន​ផ្លាកលេខ​ផ្លូវការទេ មានតែ​ផ្លាក​ឈើ ដែល​បញ្ជាក់​អំពី​ឈ្មោះ​សណ្ឋាគារ​ប៉ុណ្ណោះ។​

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖

 
ម៉ាស៊ីន VOLKSWAGEN ប្រភេទ​ទី១ នោះស្ថិតនៅខាងក្រោយដូចពីដើម។ 1500 គឺជាចំណុះម៉ាស៊ីន ដែល​មាន ១៥០០ CC (សង់ទីម៉ែត្រ​គូប) ឬ ១៥០០មីលីលីត្រ។ នៅ​ទូទាំងពិភពលោក​ VOLKSWAGEN ប្រភេទ​ទី១ នៅ​សេសសល់​ច្រើន​​។ ដូច្នេះ​ក្នុង​ចំណោម​ឡាន​បុរាណ ដែល​ត្រូវ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ច្រើន​ជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ​មាន​ឈ្មោះ​ផ្លូវការ​ថា​ប្រភេទទី១ ពីព្រោះ​ជា​ប្រភេទដំបូងគេបង្អស់ ដែល​ក្រុមហ៊ុន VOLKSWAGEN បាន​ផលិត​​ ​ប៉ុន្តែ​គ្មាន​នរណា​ហៅ​វា​ដូចនេះ​ទេ! ប្លែក​មែន តាម​ភាសា​នីមួយៗ​រថយន្ដ​នេះ​មាន​ឈ្មោះ​ហៅថា Käfer (ភាសាអាល្លឺម៉ង់) ​Coccinelle (ភាសា​បារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសា​អង់គ្លេស)​លឺ Kever (ភាសា​​ហូឡង់) Maggiolino (ជាភាសា​អ៊ីតាលី) Fusca (ភាសា​ព័រទុយហ្កាល) Garbus (ភាសាប៉ូឡូញ) Bogár (ភាសា​ហុងគ្រី) Broscuță (ភាសា​រូម៉ានី)​ ដែល​អាច​បកប្រែ​ទាំងអស់​ថា ​សត្វ​ខ្ញុង ពីព្រោះ​វា​មាន​រាង​ដូច​សត្វ​ល្អិត​នេះ។ 


 
ជា​ភាសា​ខ្មែរ​វិញ ចាស់ៗហៅថា​​ ​​ឡានអណ្ដើក។ បុរាណ​ក៏ដោយ ទូទាំង​ពិភព​លោក មិនមែនជាប្រភេទ​រថយន្ដ​កម្រ​មាន​ទេ ពីព្រោះ​គឺ​ជា​ប្រភេទ​រថយន្ដ ដែល​ត្រូវ​បាន​ផលិត​យូរ​ជាង​គេបំផុត :​ ​ពី​ឆ្នាំ១៩៣៨ ​ដល់​ឆ្នាំ​២០១៩។ តាម​ពិតនៅ​ទ្វីប​អឺរ៉ុប ​បាន​ឈប់​ផលិតត្រឹម​ឆ្នាំ​១៩៧៨។ ក្រៅ​ពី​នេះ ត្រូវ​បាន​បន្ត​ផលិត​រហូត​ដល់ឆ្នាំ២០០៣។ បន្ទាប់មក​ ត្រូវ​ផលិត​ជំនាន់​ចុងក្រោយមួយ​ទៀត ក្នុង​រោងចក្រមួយគត់ ស្ថិតនៅទ្វីប​អាម៉េរិក​ឡាទីន រហូត​ដល់​ឆ្នាំ​២០១៩។​
 
VOLKSWAGEN ប្រភេទទី១ ត្រូវ​បាន​ដំឡើងប្រមាណ ២១លាន​គ្រឿង ​តាម​រោងចក្រ​ផ្សេងៗនៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​នៅ​ប្រទេស​នានា ក្នុង​ទ្វីប​អឺរ៉ុប ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាម៉េរិក តែ​មិន​មែន​នៅ​ទ្វីប​អាស៊ី​យើង​ទេ។ ហេតុនេះហើយ ​រថយន្ដ​នេះ មិន​​ពេញ​និយមនៅ​ទ្វីប​អាស៊ី​ ​ដូច​នៅ​ទ្វីប​ដទៃទៀតទេ។ ​មុន​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​​មាន​ឡាន VOLKSWAGEN ប្រភេទទី១ ច្រើន​គួរសម។ ប៉ុន្តែ​សូម​បញ្ជាក់​ថា​ សព្វ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​មាន VOLKSWAGEN ប្រភេទទី១ ពី៥ ទៅ ៦គ្រឿង នៅក្រុង​សៀមរាប​មាន ៥ ទៅ ៦គ្រឿង នៅ​ខេត្ត​​កំពង់​ឆ្នាំង ស្រុករលាប្អៀរមាន ១គ្រឿង នៅ​ក្រុង​ពោធិ៍សាត់មាន​ ១​គ្រឿង នៅ​ក្រុង​​បាត់ដំបង​មាន ២គ្រឿង និង​នៅ​ខេត្ត​កណ្ដាលមាន ៣​គ្រឿង។



ម៉ាក VOLKSWAGEN ត្រូវបាន​បង្កើត​ឡើងនៅ​ប្រទេស​អាល្លឺម៉ង់​ នៅ​អំឡុង​ឆ្នាំ​១៩៣៧ ដោយ​ពលរដ្ឋ​អូទ្រីស​មួយ​រូប​ឈ្មោះ PORSCHE Ferdinand ដែលក៏បាន​បង្កើត​ម៉ាក PORSCHE ដែរ។ ជា​ភាសា​អាល្លឺម៉ង់​ពាក្យ VOLKS មាន​ន័យ​ថា ប្រជាជន និងពាក្យ WAGEN មាន​ន័យ​ថា ​ឡាន។
 
រថយន្ដ​ MERCEDES-BENZ W108 ​280 SEL ត្រូវ​បាន​ផលិតចំនួន ៨ ២៥០គ្រឿង ​ប៉ុណ្ណោះ ពីខែមករា ឆ្នាំ​១៩៦៨ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧១។ វា​អាច​ជិះបាន​ល្បឿន​អតិបរមា ១៩០គីឡូម៉ែត្រ ​ក្នុង​១ម៉ោង។ MERCEDES-BENZ W108 ជំនាន់​ទី២ ត្រូវ​បាន​ផលិតពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៧២។ វា​ខុស​ពី​ជំនាន់​ទី១ តែម៉ាស៊ីនប៉ុណ្ណោះ​ ដែលខ្លាំងជាង។ MERCEDES-BENZ W108 ទាំង​២​ជំនាន់ ​​​ត្រូវបាន​ផលិត​អស់ ៣៦៤ ៦៩៩ គ្រឿង​​ ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៧២។ ប្រភេទ​ទាំង២​ នេះខុស​គ្នាតែ​បណ្ដោយ​ប៉ុណ្ណោះ។ MERCEDES-BENZ W108 និង W109 ត្រូវបានផលិត​​​​​អស់ ៣៨៣ ៣៦១ គ្រឿង ពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ឆ្នាំ១៩៧២ (១៩៧៣​ សម្រាប់​ទីផ្សារ​អាម៉េរិក​ខាង​ជើង) ក្នុង​រោងចក្រមួយ ​ស្ថិតនៅប្រទេស​អាល្លឺម៉ង់​។
MERCEDES-BENZ ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​បច្ចុប្បន្នស្ថិត​នៅ​ក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​បង្កើតឡើង ថ្ងៃ​ទី២៨ ខែ​មិថុនា ​ឆ្នាំ​១៩២៦​ ដោយ​លោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែល​កូន​ស្រី​ឈ្មោះ Mercédès ។










Tag:
 យានយន្ត
  រថយន្តបុរាណ
  ឡានបុរាណ
  Mercedes-Benz
  Volkswagen
© រក្សាសិទ្ធិដោយ thmeythmey.com