កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ Ten Hag សង្ឃឹមថាអ្នកចាំទី ​De Gea នឹងបន្តនៅ Man United
31, Oct 2022 , 4:49 pm        
រូបភាព
លោក ​Erik ten Hag អ្នកចាត់ការទូទៅ ​Manchester United សង្ឃឹមថាអ្នកចាំទីដ៏អស្ចារ្យប្រចាំក្រុម David de Gea នឹងបន្តនៅ Old Trafford ច្រើនរដូវកាលបន្ថែមទៀត។ គ្រូហូឡង់លើកឡើងដូច្នេះ ក្រោយមើលឃើញអ្នកចាំទីអេស្ប៉ាញ បង្ហាញទម្រង់លេងល្អតាមរយៈការជួយក្រុមឈ្នះ West Ham United ១-០ នាជំនួប Premeir League។​​



អ្នកចាំទី De Gea បានបង្ហាញទម្រង់លេងដ៏ល្អដោយបានសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ West Ham ជាច្រើនលើកនៅក្នុងវគ្គទីពីរ ដើម្បីជួយ Man United យកបាន ៣ពិន្ទុពីការប្រកួតក្នុងទឹកដី ​Old Trafford។ ជ័យជម្នះនេះ ធ្វើឱ្យ​ក្រុមបិសាចក្រហមឆ្លងកាត់​ ៨ប្រកួតមិនទាន់រងបរាជ័យម្តងឡើយរាល់គ្រប់ការប្រកួត ហើយនេះក៏ជាជ័យជម្នះទី៥ ក្នុងក្របខណ្ឌ ​Premier League ផងដែរ។
 
ក្រោយពេលបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួត អ្នកចាត់ការវ័យ ៥២ឆ្នាំបាននិយាយប្រាប់អ្នកកាសែតថា លោកកំពុងគិតគូផ្តល់កិច្ចសន្យាបន្ថែមដល់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ។ De Gea នឹងផុតកិច្ចសន្យាជាមួយក្រុមបិសាចក្រហមនាចុងបញ្ចប់រដូវកាល ២០២២-២៣ នេះ។
 
«ការចរចាកិច្ចសន្យា ដូចដែលយើងនិយាយពីដំបូង យើងកំពុងផ្តោតអារម្មណ៍លើការប្រកួត។ យើងកំពុងតែខិតខំ នៅមុនពេលសម្រាក​ សម្រាប់ប្រកួត World Cup ហើយខ្ញុំសប្បាយចិត្តជាមួយ De Gea។ ខ្ញុំចង់ឱ្យ De Gea បន្តជាមួយយើងទៀត។»។ លោក Ten Hag និយាយក្នុងសន្និសីទកាសែតបែបនេះ។
 
​Man United បច្ចុប្បន្នឡើងមកឈរនៅចំណាត់ថ្នាក់លេខ៥ នៃតារាង​ ​Premier League មានចំនួន ២៣ពិន្ទុឆ្លងកាត់ ១២ប្រកួត ប្រជែងឈ្នះ Chelsea ដែលធ្លាក់ទៅឈរលេខ ៦ ក្រោយចាញ់ Brighton ៤-១។
 
ដោយឡែក Marcus Rashford រកបានគ្រាប់ទី១០០ របស់ខ្លួន សម្រាប់ ​Manchester United នៅគ្រប់កម្មវិធីប្រកួត ក្រោយស៊ុត១គ្រាប់នៅនាទី៣៩ ដើម្បីជួយ ​Man Utd ឈ្នះ West Ham ១-០ នៅជំនួបលីគសប្តាហ៍ទី១២៕
 

Tag:
 ​Erik ten Hag
  David de Gea
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com