ជាតិ
កម្មវិធី រត់៤សែនជំហាន ជាការរត់រយៈចម្ងាយចុងក្រោយរបស់ សាយ ដើម្បីកុមារកម្ពុជា
31, Oct 2022 , 5:49 pm        
រូបភាព
ភ្នំពេញ៖ ក្រោយសម្រេចគោលដៅ នៃកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»លោក សាយ ប្រកាសថា នេះជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយរបស់លោក។



លោក អ៊ួន បឋម ដែលគ្រប់គ្នាស្គាល់ថា សាយ បានបង្កើតកម្មវិធីរត់រយៈចម្ងាយទី២ របស់ខ្លួន ដោយផ្ដើមចេញពីក្រុងភ្នំពេញទៅខេត្តសៀមរាប ដើម្បីប្រមូលថវិកាជួយកុមារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីនេះ បានចាប់ផ្តើមនៅថ្ងៃទី២២ និងបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយប្រមូលបានថវិកាជាង ១៥០លានរៀល។


   ទិដ្ឋភាពនៃកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។ រូបភាពពី៖ ហ្វេសប៊ុកផេក Sai
 
 
ក្រោយបញ្ចប់កម្មវិធី និងបានពិនិត្យសុខភាពរួចរាល់ នៅថ្ងៃទី៣១ ខែតុលា លោកសាយ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះ៖«បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំ​ឱ្យខ្ញុំឈប់រត់ឆ្ងាយលើសពី ១០ គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀត ដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU»។
 
ទន្ទឹមនឹងការប្រកាសខាងលើ ពលរដ្ឋ ដែលលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបញ្ចេញមតិ(comment)អំណរគុណ និងបង្ហាញពីមោទកភាពចំពោះ សាយ ដែលបានលះបង់ និងខំប្រឹង  ដើម្បីកុមារកម្ពុជា ។ 
 
 
គួរបញ្ជាក់ផងដែរថា លោក អ៊ួន បឋម ក៏ធ្លាប់បានបង្កើត «យុទ្ធនាការរត់ដើម្បីសប្បុរសធម៌ជាមួយសាយ»អស់ជាង ៤០ថ្ងៃហើយ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ​ការខិតខំ​របស់លោក ថវិកា​មួយចំនួនធំ ត្រូវបាន​ប្រជាជន​យើង បរិច្ចាគ​ទៅ​មន្ទីរពេទ្យ តាមរយៈ​កម្មវិធី 1$ Challenge​ ដោយទទួលបានថវិកាប្រហែល ៤០​ម៉ឺន​ដុល្លារ​ហើយ ឬ ១,៦​ពាន់​លានដុល្លារ។


ទិដ្ឋភាពនៃកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។ រូបភាពពី៖ ហ្វេសប៊ុកផេក Sai
 

 ពលរដ្ឋចូលរួមកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។ រូបភាពពី៖ ហ្វេសប៊ុកផេក Sai  
 

Tag:
 សាយ
  លោក អ៊ួន បឋម
  រត់ជាមួយសាយ
© រក្សាសិទ្ធិដោយ thmeythmey.com