រថយន្ត
អន្តរជាតិ
មានអ្នក​ទិញ​រថយន្តទំនើ​បពិសេស​​សម្រាប់​ដឹក​លោកស៊ី និងលោកពូទីន នា​កិច្ចប្រជុំ APEC នៅថៃ
31, Oct 2022 , 7:44 pm        
រូបភាព
រូបថត the nation
រូបថត the nation
ដោយ: ធីតា
រថយន្តទំនើប​ពិសេស​ត្រូវ​បាន​ត្រៀម​សម្រាប់​មេ​ដឹកនាំ​ចិន លោក ស៊ី ជិនភីង និង​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន នាអំឡុង​កិច្ច​ប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ​២០២២ នៅប្រទេស​ថៃ។ នេះ​បើតាម​ការ​ផ្សាយ​របស់​កាសែត The Nation។



ចុះ​ផ្សាយ​នា​ថ្ងៃទី​៣១ ខែ​តុលា នេះ The Nation បាន​ដក​ស្រង់​ប្រភពពីក្រុមហ៊ុន​ឧស្សាហកម្ម​មួយ ដែល​បញ្ជាក់​ពី​ការ​បញ្ជាទិញ​រថយន្តទំនើប​ពី​សំណាក់​ជន​ជាតិ​ថៃ ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ។
 
«ពួក​គេ [អ្នក​បញ្ជាទិញ] ​ចង់​ទិញរថយន្ត​ទាំងនោះ បើទោះ​បីជា​មេដឹកនាំ [ចិន និង​រុស្ស៊ី] ប្រើប្រាស់ ឬ​មិន​ប្រើ​ប្រាស់ក៏ដោយ ឬមួយ​ក៏មេដឹកនាំ​មកចូលរួម​កិច្ច​ប្រជុំ ឬ​ក៏​មិនមក​ក៏ដោយ»។ នេះបើតាម​ប្រភព​ដែលដកស្រង់ដោយកាសែតដ៏ល្បីល្បាញជាភាសាអង់គ្លេស​របស់ថៃ។
 
មេដឹកនាំ​នៃប្រទេសមហាអំណាច​មួយ​ចំនួន​ គ្រោង​ប្រើ​ប្រាស់​រថយន្ត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​របស់ខ្លួន ខណៈមេដឹកនាំ​ខ្លះ​ទៀត អាច​បញ្ជូន​តំណាង​របស់ខ្លួនទៅ​ចូល​រួម​ប្រជុំជំនួស។
BMW ក្លាយជា​ដៃគូដឹកជញ្ជូន​ផ្លូវការសម្រាប់កិច្ច​ប្រជុំ APEC 2022 នៅ​ក្រុង​បាងកក ប្រទេសថៃពីថ្ងៃទី​១៨ ដល់ថ្ងៃទី​១៩ ខែវិច្ឆិកា​ ខាងមុខ។ រថយន្តដែលត្រៀមសម្រាប់មេដឹកនាំទាំងនោះ ជាប្រភេទរថយន្តអគ្គិសនី BMW i7 electric sedans ដែល​នាំ​ចូលពី​អាល្លឺម៉ង់។
 
យោងតាមកាសែត Bangkok Post រថយន្តដែលត្រៀម​ដឹកមេដឹកនាំ​ពិភពលោក កំពុង​ត្រូវបាន​រក្សាទុកនៅ​ចំណត​រថយន្តនៃអគ្គនាយក​ដ្ឋាន​គយ​ក្នុងសង្កាត់ Krong Toey នា​ទីក្រុង​បាងកក។
 
រថយន្តទាំងនោះត្រូវបាន​ជួល​ដោយ​រដ្ឋាភិបាល​ថៃ ហើយ​នឹង​អាច​ប្រកាស​ដាក់​លក់​ ក្រោយកិច្ច​ប្រជុំ APEC ផងដែរ។ គ្រប់ម៉ូដែល BMW i7 ទាំងអស់ មានតម្លៃ​ចាប់ពី ៧,៨លាន​បាត (ជាង២០ម៉ឺន​ដុល្លារអាម៉េរិក)៕
 

Tag:
 APEC
© រក្សាសិទ្ធិដោយ thmeythmey.com