អន្តរជាតិ
ហ្គាណា​និង​កូតឌីវ័រ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​មូលនិធិ​កាកាវ​ពិភពលោក
31, Oct 2022 , 10:29 pm        
រូបភាព
រូបឯកសារ៖ កសិករ​បេះ​ផ្លែ​កាកាវ​នៅ​កសិដ្ឋាន​មួយ​​ក្នុងក្រុង Soubre ប្រទេស​កូតឌីវ័រ​ ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ កសិករ​បេះ​ផ្លែ​កាកាវ​នៅ​កសិដ្ឋាន​មួយ​​ក្នុងក្រុង Soubre ប្រទេស​កូតឌីវ័រ​ ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១។
ដោយ: VOA
 ប្រទេស​ហ្គាណា​និង​ប្រទេស​កូតឌីវ័រ ដែល​ជា​ប្រទេស​ផលិត​កាកាវ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​និរន្តរភាព​កាកាវ​របស់​អង្គការ​មូលនិធិ​កាកាវ​ពិភពលោក (World Cocoa Foundation) នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក កាលពី​ពេល​ថ្មីៗ​នេះ។



អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​ទាំង​ពីរ​នេះ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ពហុជាតិ​ផលិត​ស្ករ​សូកូឡា​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា​ថា​បាន​រារាំង​វិធានការ​នៅ​ក្នុង​ការ​លើក​កម្ពស់​ប្រាក់​ចំណូល​របស់​កសិករ​ដាំ​កាកាវ។
 
កសិករ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​រក​ចំណូល​បាន​តិច​ជាង ៦% នៃ​ប្រាក់​ចំណូល​ជាង ១០០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​នៃ​ឧស្សាហកម្ម​ផលិត​ស្ករ​សូកូឡា បើ​ទោះបីជា​ប្រទេស​ទាំង​ពីរ​គឺ​ជា​ប្រទេស​ដែល​ផលិត​កាកាវ​ប្រមាណ​ពីរ​ភាគ​បី​នៅ​លើ​ពិភពលោក​ក៏ដោយ។
 
លោក Yaw Attah គឺ​ជា​កសិករ​ដាំ​កាកាវ​ពេញ​មួយ​ជីវិត​របស់​លោក​នៅ​ភាគ​ខាង​កើត​ប្រទេស​ហ្គាណា។ លោក​បាន​ប្រាប់ VOA ថា ក្រុមហ៊ុន​អន្តរជាតិ​នានា​បាន​កេង​ចំណេញ​លើ​ការងារ​លំបាក​លំបិន​របស់​កសិករ ដោយ​ធ្វើ​ឱ្យ​កសិករ​រស់នៅ​ក្នុង​ភាព​ក្រីក្រ។
 
លោក Attah បាន​និយាយ​ថា ការ​ធ្វើ​ជា​កសិករ​ដាំ​កាកាវ​គឺ​ជា​ការងារ​ដ៏​លំបាក​មួយ។ លោក​ថា កន្លង​មក​លោក​ធ្លាប់​ឱ្យ​កូនៗ​របស់​លោក​មក​ជួយ​នៅ​ក្នុង​កិច្ចការ​ដាំ​កាកាវ​នេះ ប៉ុន្តែ​ឥឡូវ​នេះ​គេ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ​ទេ ដោយ​គេ​ចាត់ទុក​ថា​នេះ​គឺ​ជា​ពលកម្ម​កុមារ។ លោក​បាន​បន្ថែម​ថា លោក​គ្មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ជួល​មនុស្ស​បន្ថែម​ឱ្យ​មក​ជួយ​ក្នុង​កិច្ចការ​នេះ​នោះ​ទេ។
លោក Attah បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ហ្គាណា​ត្រូវតែ​វាយតម្លៃ​ឡើង​វិញ​លើ​តម្លៃ​ដែល​ខ្លួន​បង់​ឱ្យ​កសិករ​ដាំ​កាកាវ។
 
កាលពី​ដើម​ខែ​តុលា រដ្ឋាភិបាល​ហ្គាណា​បាន​កំណត់​ថា តម្លៃ​ដែល​ត្រូវ​បង់​ឱ្យ​កសិករ​ដាំ​កាកាវ​គឺ​ចំនួន ១.២៤៨ ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ដំណាំ​កាកាវ​នេះ​ក្នុង​រដូវ​បេះ​កាកាវ​ឆ្នាំ ២០២២-២០២៣។
 
តម្លៃ​ដែល​ផ្ដល់​ឱ្យ​នេះ​មាន​កម្រិត​ទាប​ជាង ១ ដុល្លារ​អាមេរិក ៣៦ សេន ក្នុង​មួយ​គីឡូក្រាម ដែល​រដ្ឋាភិបាល​កូតឌីវ័រ​បាន​កំណត់​សម្រាប់​កសិករ​របស់​ខ្លួន​កាលពី​ខែ​កញ្ញា។
លោក Fiifi Boafo អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​កាកាវ​ប្រទេស​ហ្គាណា (Ghana Cocoa Board (COCOBOD)) បាន​ប្រាប់ VOA ថា សុខុមាលភាព​របស់​កសិករ​នៅតែ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្គាណា​និង​ប្រទេស​កូតឌីវ័រ។
 
ទាក់ទិន​នឹង​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​មូលនិធិ​កាកាវ​ពិភពលោក (World Cocoa Foundation) នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ស្ដីពី​និរន្តរភាព​កាកាវ​នេះ លោកBoafo បាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា​និង​ក្រុមហ៊ុន​ជំនួញ​កាកាវ​ត្រូវតែ​បង្ហាញ​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​លើក​កម្ពស់​ប្រាក់​ចំណូល​របស់​កសិករ។
 
លោក Boafo ថ្លែង​ដូច្នេះ​ថា៖ «ជា​ការពិត គេ​នៅតែ​ធ្វើ​ឱ្យ​កសិករ​បន្ត​ស្ថិត​ក្នុង​ភាព​ក្រីក្រ។ តើ​យើង​អាច​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ផលិត​ស្ករ​សូកូឡា​ដែល​តែងតែ​រក​ចំណូល​បាន​នេះ​មាន​និរន្តរភាព​យ៉ាង​ដូចម្ដេច ប្រសិនបើ​កសិករ​ដែល​ជា​អ្នក​ដាំ​កាកាវ​នៅតែ​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ដូច្នេះ? ជា​ការពិត នេះ​គឺ​ជា​បញ្ហា ហើយ​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​យើង​និយាយ​អំពី​រឿង​នេះ។ យើង​បាន​និយាយ​អំពី​រឿង​នេះ​រួច​មក​ហើយ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​នោះ​ទេ។ យើង​ចាំបាច់​ត្រូវ​ស្វែងរក​មធ្យោបាយ​ផ្សេង​ដើម្បី​បញ្ជាក់​ឱ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ថា​នេះ​គឺ​ជា​បញ្ហា»។
 
អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ នៅ​ក្នុង​ប្រទេស​ហ្គាណា​និង​ប្រទេស​កូតឌីវ័រ​បាន​គាំទ្រ​ការ​ធ្វើ​ពហិការ​នេះ ដោយ​បាន​បញ្ជាក់​ថា កសិករ​តែងតែ​ទទួល​បាន​តម្លៃ​មួយ​ដែល​អយុត្តិធម៌។
លោក Obed Owusu-Addai ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ EcoCare Ghana ដែល​ជា​អង្គការ​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នេះ បាន​និយាយ​ថា៖ «វា​ពិតជា​មិន​សម​នោះ​ទេ ដែល​កសិករ​ទទួល​បាន​តែ​ប្រហែល ៦% នៃ​ប្រាក់​ចំណូល​ប្រហែល ១៣០ ពាន់​លាន​ដុល្លារ​នៃ​ឧស្សាហកម្ម​នេះ។ យើង​គិត​ថា​វា​មិន​យុត្តិធម៌​នោះ​ទេ។ យើង​គិត​ថា វា​ដល់​ពេល​ដែល​យើង​ត្រូវ​ចាប់ផ្ដើម​ពិភាក្សា​អំពី​តម្លៃ​ដែល​ជា​បញ្ហា​សំខាន់​បំផុត​ទាក់ទិន​នឹង​និរន្តរភាព​កាកាវ​នេះ​ហើយ»។
 
អង្គការ​មូលនិធិ​កាកាវ​ពិភពលោក ដែល​ជា​អង្គការ​តំណាង​ឱ្យ ៨០% នៃ​ទីផ្សារ​ពិភពលោក ដែល​ក្នុង​នោះ រួម​មាន​ទាំង​ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា​សំខាន់ៗ​ផង​ដែរ​ដូចជា​ក្រុមហ៊ុន Cargill ក្រុមហ៊ុន Olam ក្រុមហ៊ុន Callebaut និង​ក្រុមហ៊ុន Nestle ជាដើម មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​បកស្រាយ​លើ​រឿង​នេះ​នោះ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com