កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបបារាំងមិនឱ្យខ្សែបម្រើឆ្នើមវៀតណាម Quang Hai ជួយជម្រើសជាតិលេងពាន Mitsubishi Electric Cup
01, Nov 2022 , 8:29 am        
រូបភាព
រូបភាព៖ VnExpress
រូបភាព៖ VnExpress
Pau FC ក្លិបនៃលីគកីឡាបាល់ទាត់កម្រិតទី២ បារាំង Ligue 2 មិនអនុញ្ញាតឱ្យ​ Nguyen Quang Hai ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិវៀតណាម ជួយជម្រើសជាតិប្រកួតពានរង្វាន់ឃជើងឯកអាស៊ាន ​AFF Mitsubishi Electric Cup 2022 ឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress នៅថ្ងៃទី២៩ ខែតុលា។



បើតាមលោក Le Hoai Anh អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) សហព័ន្ធបានចរចាជាមួយក្លិប ​Pau FC របស់បារាំងហើយ ប៉ុន្តែភាគីក្លិបបានបដិសេធមិនព្រមបញ្ជូនខ្សែបម្រើ ​Quang Hai សម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ AFF Mitsubishi Electric Cup ឡើយ។ ក្លិប Pau FC លើកហេតុផលថាការប្រកួត Mitsubishi Electric Cup មិនមែនជាថ្ងៃសម្រាករបស់ ​FIFA។
 
«VFF បានព្យាយាមគ្រប់បែបយ៉ាងហើយ ប៉ុន្តែក្លិប ​Pau FC មានសិទ្ធិចំពោះការសម្រេចចិត្តអនុញ្ញាត ឬមិនអនុញ្ញាតចំពោះការកោះហៅ ​Quang Hai។»។ នេះជាការបញ្ជាក់របស់លោក ​Le Hoai Anh ។
 
ចាប់តាំងពីចុះកិច្ចសន្យាជាមួយ Pau FC កាលពីថ្ងៃទី២៩ ខែមិថុនា ខ្សែបម្រើ ​Quang Hai បានលេងចំនួន ១០ប្រកួត ហើយនឹងចាប់ផ្តើមក្នុងជម្រើស ១១នាក់ ២លើក។ ខ្សែបម្រើវ័យ ២៥ឆ្នាំ រកបានគ្រាប់បាល់ដំបូងឱ្យក្លិប Pau FC ស្ថិតនៅលីគទី២ ​Ligue 2 នៃប្រទេសបារាំង ទល់ក្រុម Rodez ថ្ងៃទី៨ ខែតុលា​។ 
 
ទោះជាយ៉ាងនេះក្តីលោក ​Park Hang-Seo បានបង្ហាញក្តីសង្ឃឹមថា Quang Hai នឹងអាចចូលរួមជាមួយមិត្តរួមក្រុមវៀតណាមរបស់គេផ្សេងទៀត ប៉ុន្តែលោកបានអះអាងថាក្រុមជម្រើសជាតិវៀតណាមក៏ត្រូវការស្វែករកអ្នកជំនួសខ្សែបម្រើ ​Quang Hai ផងដែរ។
 
ក្រោមការដឹកនាំរបស់គ្រូសញ្ជាតិកូរ៉េខាងត្បូង Hang-Seo ខ្សែបម្រើ Quang Hai ក្លាយជាកីឡាករសំខាន់ម្នាក់ប្រចាំក្រុមជម្រើសជាតិវៀតណាមរាល់ការប្រកួតពានរង្វាន់អន្តរជាតិនានា ក្នុងនោះក៏រាប់បញ្ជូលពាន AFF Suzuki Cup ឆ្នាំ ២០១៨ ដែលវៀតណាមគ្រងជើងឯកផងដែរ។
 
ការប្រកួតពានរង្វាន់ ​AFF Mitsubishi Electric Cup 2022 ដែលទើបប្តូរឈ្មោះពី AFF Suzuki Cup នៅឆ្នាំ២០២២នេះ នឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី២៣ ខែធ្នូ ដល់ថ្ងៃទី១៦ ខែមករា ឈានចូលឆ្នាំ​ ២០២៣ ក្រោយការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 បញ្ចប់។
 
Nguyen Quang Hai មិនមែនត្រឹមតែជាកីឡាករឆ្នើមមួយរូបដែលត្រូវអវត្តមាននោះទេ ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ថៃ Chanathip Songkrasin ក៏ត្រូវបាត់មុខនៅជើងឯកអាស៊ាននេះដែរ ក្រោយរូបគេនិយាយថានឹងប្រើពេលវេលាដើម្បីសម្រាក ក្រោយឆ្លងកាត់រដូវកាលដ៏តានតឹងនៃលីគកំពូលជប៉ុន J-Leaue 1 ជាមួយក្រុម Kawasaki Frontale៕
 
 

Tag:
 AFF Mitsubishi Electric CUP
© រក្សាសិទ្ធិដោយ thmeythmey.com