ជាតិ
ព្រោះតែស្រឡាញ់បេតិកភណ្ឌ លោក ស៊ុន សុថុល មកពីនាយសមុទ្រ បរិច្ចាគថវិកាជួសជុលក្លោងទ្វារតាកាវ
01, Nov 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រោយឃ្លាតឆ្ងាយពីប្រទេសកំណើត៣៤ឆ្នាំ លោក ស៊ុន សុថុល និងគ្រួសារ បានមកលេងកម្ពុជាដោយភ្ជាប់នូវបំណងចូលរួមអភិរក្សសំណង់បេតិកភណ្ឌពីដូនតា។ គ្រួសាររបស់លោក សុថុល បានបរិច្ចាគទឹកប្រាក់ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅក្លោងទ្វារតាកាវ ខេត្តសៀមរាប។



លោក ស៊ុន សុថុល និងគ្រួសារ បានទៅរស់នៅកាណាដា តាំងពីឆ្នាំ១៩៨៨ ។ ទោះចាកឆ្ងាយពីកម្ពុជាពិតមែន តែបេះដូងលោក សុថុល នៅតែស្រលាញ់ និងនឹកនា ប្រទេសកំណើតជានិច្ច។ លោកតែងតាមដាន និងមើលព័ត៌មាន អំពីការអភិវឌ្ឍនៃស្រុកកំណើត ជាពិសេស ការជួសជុលសម្បត្តិបេតិកភណ្ឌដ៏ផូរផង់ ដែលលោកស្រលាញ់។ 


   លោក ស៊ុន សុថុល និងគ្រួសារ រួមទាំងលោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
 
«ទោះខ្ញុំ ជាខ្មែរមករស់នៅបរទេសយូរ ប៉ុន្តែអារម្មណ៍ និងចិត្តខ្ញុំ នៅតែនៅលើរបស់អ្វី ដែលជារបស់ជាតិយើង»។ នេះជាការលើកឡើងរបស់លោក សុថុល ដោយបន្ថែមថា នៅពេលលោកឃើញ ផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ ឬសារព័ត៌មាននានា អំពីការជួសជុលប្រាសាទ លោកចាប់អារម្មណ៍ខ្លាំង និងមានបំណងចូលរួមជួសជុលផងដែរ។ 
 
បំណង ដែលប៉ងជាយូរ ក៏បានសម្រេចនៅពេលលោក សុថុល និងគ្រួសារ មកលេងកម្ពុជានៅចុងខែកក្កដា ឆ្នាំ២០២២។ លោកបានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25ថា លោកមានបំណងចង់ចូលរួមចំណែកជួសជុលប្រាសាទ និងវត្ថុបុរាណជាយូរមកហើយ ប៉ុន្តែលោកមិនទាន់មានឱកាស និងមិនដឹងទាក់ទងទៅនរណា។ ឆ្លៀតក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប លោកបានស្វះស្វែងរកវិធី ដើម្បីធ្វើវិភាគទាននេះ។ 
  

អ្នកជំនាញកំពុងជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ នៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

«ពេលទៅស្រុកខ្មែរ ខ្ញុំតាមស៊ើបមើល ថាតើគួរធ្វើយ៉ាងម៉េចទើបអាចរួមចំណែកចូលរួមក្នុងការកសាងឡើងវិញនូវរបស់ខូចខាត ហើយទីបំផុតខ្ញុំរកឃើញវិធីក្នុងការចូលរួមធ្វើវិភាគទាន»។ លោក សុថុល បានថ្លែងដូច្នេះ ដោយបន្ថែមថា កត្តា ដែលលោកចង់ចូលរួមចំណែកជួសជុលខ្លោងទ្វារតាកាវ ព្រោះតែការស្រលាញ់នូវមតរតកស្នាដៃ ដែលបុព្វបុរសខ្មែរ បន្សល់ទុករាប់ពាន់ឆ្នាំមកហើយនេះ​ សម្រាប់កូនចៅជំនាន់ក្រោយ។ លោកចង់ឱ្យក្មេងៗជំនាន់ក្រោយដឹងថា ខ្មែរធ្លាប់ជាប្រទេសខ្លាំងពូកែ មានសមត្ថភាពធ្វើអ្វីក៏បាន និងចេះការពារប្រទេស។ 
 
ទន្ទឹមនោះ លោកក៏ចង់បណ្តុះស្មារតីពលរដ្ឋខ្មែរឯទៀត រួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ទោះក្នុងកម្រិតណាក្តី។ លោក សុថុល បានលើកឡើងពីការចែករំលែកធនធានរបស់លោកជាមួយប្រាសាទ ដូច្នេះថា៖« ខ្ញុំគិតថា ប្រាក់ខ្ញុំចូលរួមនេះតិចណាស់ ​ប៉ុន្តែខ្ញុំសប្បាយចិត្ត ដោយសារពីលទ្ធផលនៃការជួសជុលធំ។ រូបទេវតានៅខ្លោងទា្វរតាកាវបានចេញជារូបរាងឡើង ខ្ញុំពិតជាសប្បាយចិត្តណាស់។​ ប្រាក់បន្តិចបន្តួចនេះ លោក គឹម សុធិន ធ្វើចេញជារូបរាង។ ទោះបីបានជាទេវតាតែមួយ ប៉ុន្តែខ្ញុំសង្ឃឹមថា ថ្ងៃក្រោយក៏មានអ្នកដទៃចូលរួមធ្វើម្នាក់បន្តិចៗ យូរៗទៅរបស់យើងនឹងបានដូចដើមវិញ»។ 

កូនអ្នកក្រុងភ្នំពេញរូបនេះ ក៏បានកោតសរសើរចំពោះកម្មករជួសជុលប្រាសាទ ដែលរងខូចខាតទាំងអស់ ឱ្យមានភាពរឹងមាំ និងបានល្អស្អាតវិញ។ លោកបានរៀបរាប់ទាំងរីករាយថា លោកពិតជារំភើប ដែលឃើញរបស់ខូចខាត ទ្រុឌទ្រោម ទទួលបានការមើលថែ និងប្រែជារឹងមាំឡើងវិញ។
  

អ្នកជំនាញកំពុងជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ នៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

លើសពីនេះ លោកក៏បានសំណូមពរឱ្យពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេស ទុកចិត្តលើគ្នាទៅវិញទៅមក។ ជាពិសេស ពលរដ្ឋខ្មែរគួរមានគំនិតវិជ្ជមានជាមួយគ្នា ដោយពុំត្រូវគិតថាវិភាគទានទាំងនោះ មិនបានប្រើប្រាស់ត្រឹមត្រូវឡើយ។ 
 
ពលរដ្ឋខ្មែររស់នៅកាណាដារូបនេះបានលើកឡើងដូច្នេះ​៖«យើងទាំងអស់ គឺជាជនជាតិខ្មែរ ហើយឃើញរបស់យើងខូចខាត បេតិកភណ្ឌជាតិខូចខាត ព្យាយាមធ្វើឡើងវិញឱ្យបានល្អ។ ដូច្នេះ ខ្ញុំគិតថា បើយើងពឹងផ្អែកទៅលើបរទេសឱ្យគេមកជួយយើង ខ្ញុំមើលទៅមិនងាយបានស្រួលទេ។ អ៊ីចឹងទើបខ្ញុំគិតថា បើខ្មែរយើងទាំងក្នុងប្រទេស និងក្រៅប្រទេស ចូលរួមគ្នាម្នាក់តែ ១ដុល្លារ ២ដុល្លារ យើងអាចយកប្រាក់នេះជួយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់បរទេស»។ 
 
នាដំណើរកម្សាន្តរយៈពេល ១ខែកន្លះ លោក សុថុល មើលឃើញថា កម្ពុជា បានផ្លាស់ប្តូរជាច្រើន ជាពិសេសក្រុងភ្នំពេញ ដែលជាទីកំណើតរបស់លោក។ ដោយឡែក លោកក៏បានទៅកម្សាន្តក្រុងព្រះសីហនុផងដែរ ដោយលោកបានមើលឃើញថា ទីក្រុង ដែលពីដើមមិនមានផ្ទះ តែឥឡូវសម្បូអគារធំៗ សណ្ឋាគារធំៗ រីហ្សតស្អាតៗ។ ចំណែកនៅខាងសៀមរាប ក៏មានការរៀបចំយ៉ាងល្អ មានផ្លូវស្អាតទៅអង្គរ ដែលមិនដូចជំនាន់មុន មានផ្លូវរលាក់ ពិបាកធ្វើដំណើរ។ ក្រោយត្រឡប់ទៅកាណាដាដើមខែកញ្ញា លោក ស៊ុន សុថុល និងគ្រួសារ ក៏មានបំណងមកលេងកម្ពុជាជាថ្មីម្តងទៀត នៅពេលមានឱកាស៕
 

Tag:
 ជួសជុល
  កាណាដា
  ចម្លាក់ទេវតាទាញព្រ័ត្រ
  ក្លោងទ្វារតាកាវ
  បរិច្ចាគ
© រក្សាសិទ្ធិដោយ thmeythmey.com