កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku របួសចាស់រើឡើងមុន World Cup ៣សប្តាហ៍ តែគ្រូ Inter ថាមិនអីទេ
01, Nov 2022 , 2:29 pm        
រូបភាព
Romelu Lukaku ខ្សែប្រយុទ្ធ ​Inter Milan ​រងរបួសសរសៃពួរជាថ្មីម្តងទៀត ក្រោយវិលត្រលប់ចូលរួមក្រុមបានត្រឹម២ខែ ក្រោយសះស្បើយពីរបួសចាស់នេះ។ Lukaku របួសរយៈពេល ៣សប្តាហ៍មុន World Cup មកដល់ តែលោក Simeone Inzaghi អ្នកចាត់ការ Inter Milan អះអាងថាមិនមានបញ្ហាឡើយសម្រាប់ការប្រកួតនៅកាតា។



ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក បានវិលត្រលប់ទៅចូលរួមជាមួយ Inter Milan ក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Chelsea។ Lukaku បានរួមចំណែកជួយ Inter ឆ្លងផុតវគ្គសន្សំពិន្ទុពានរង្វាន់ Champions league កាលពីសប្តាហ៍មុន ដោយរកបាន១គ្រាប់ក្នុងជ័យជម្នះលើក្រុម Viktoria Plzen ៤-០។ Lukaku ក៏បានបង្ហាញខ្លួនជាមួយ Inter Milan កាលពីសប្តាហ៍មុនជំនួបទល់ ​Sampdoria នៃក្របខណ្ឌ Serie A ផងដែរ។
 
តែយ៉ាងណាបញ្ហារបួសនេះមិនមែនដោយសារតែ Lukaku ប៉ះទង្គិចអ្វីឡើយអំឡុងការប្រកួត ប៉ុន្តែរូបគេបានទៅតេស្តត្រួតពិនិត្យសុខភាពពីការរងរបួសលើកមុន នៅវិទ្យាស្ថាន Humanitas ក្នុងទីក្រុង Rozzano ហើយក្រុមគ្រួពេទ្យបានបង្ហាញថាខ្សែប្រយុទ្ធប៊ែលហ្ស៊ិកមានរបួសសរសៃពួរជើងខាងឆ្វេង។
 
«ថ្ងៃនេះ ​Romelu Lukaku បានមកធ្វើតេស្តនៅវិទ្យាស្ថាន Humanitas ក្នុងទីក្រុង Rozzano ពួកគេបានបង្ហាញថាអតីតខ្សែប្រយុទ្ធ Manchester United រូបនេះ កំពុងរងរបួសត្រង់សរសៃពួរជើងខាងឆ្វេង។ ស្ថានភាពរបស់គាត់នឹងត្រូវបានវាយតម្លៃនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខបន្តទៀត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប ​Inter Milan ថ្ងៃទី៣១ ខែតុលា។
 
សម្រាប់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក Lukaku វ័យ ២៩ឆ្នា បានក្លាយជាកីឡាករម្នាក់ដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ដល់ទៅ ៦៨គ្រាប់ ពីការបង្ហាញខ្លួន ១០២ប្រកួត។ ប៉ុន្តែដោយសារបញ្ហារបួសកជើង ពេលដែលខិតជិតបញ្ចប់រដូវកាលមុន និងបញ្ហារបួសសរសៃពួរ ធ្វើឱ្យរូបគេខកខានជួយ ប៊ែលហ្ស៊ិកប្រកួតពានរង្វាន់ Nations League ហើយធ្លាក់ចេញពីការប្រកួត។
 
ខណៈដែល Lukaku នឹងមិនមានវត្តមានលេងឱ្យ Inter ទល់ Bayern Munich នាជំនួបចុងក្រោយវគ្គសន្សំពិន្ទុ នាថ្ងៃទី២ ខែវិច្ឆិកា អ្នកចាត់ការ Inter Milan លោក Simeone Inzaghi បានបញ្ជាក់ច្បាស់ៗថា បញ្ហារបស់ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ ជារឿងតូចតាច់តែប៉ុណ្ណោះ រូបគេនឹងជាសះស្បើយមុនពេល World Cup នៅប្រទេសកាតាមកដល់។
 
សូមជម្រាបថាមកដល់ពេលនេះ ប៊ែលហ្ស៊ិក ជាប្រទេសមានលំដាប់លេខ២​ លើពិភពលោក នឹងស្ថិតនៅក្នុងពូល F ដែលមានក្រុមកាណាដា ម៉ារ៉ុក និងក្រូអាស៊ី។ ប៊ែលហ្ស៊ុកនឹងជួប កាណាដា នៅថ្ងៃទី២៧ វិច្ឆិកា មុនប៉ះ ម៉ារ៉ុក និង ក្រូអាស៊ីជាបន្តបន្ទាប់៕
 
 

Tag:
 Romelu Lukaku
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com