កីឡាអន្តរជាតិ
អន្តរជាតិ
Pogba គ្មានឈ្មោះជាមួយបារាំងទៅ World Cup 2022 នៅកាតា
01, Nov 2022 , 11:29 pm        
រូបភាព
ខ្សែបម្រើ ​Paul Pogba នឹងខកខានជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងក្នុងការប្រកួត FIFA ​World Cup នៅប្រទេសកាតា ឆ្នាំ ២០២២។ របួសជាបញ្ហាចំបងដែលធ្វើឱ្យ ​Pogba មិនអាចជួយបារាំងការពារតំណែងជើងឯក​ពានរង្វាន់ពិភពលោកនៅចុងឆ្នាំនេះបាន។ នេះបើតាមភ្នាក់ងារផ្ទាល់របស់ Pogba បានបញ្ជាក់ថ្ងៃទី៣១ ខែតុលា។



​Pogba វ័យ ២៩ឆ្នាំ ដែលបានជួបចំណែកសំខាន់ក្នុងការជួយក្រុមមាន់គកគ្រងតំណែងជើងឯក World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ត្រូវបានអ្នកតាមដាននៃពិភពបាល់ទាត់រំពឹងថានឹងអាចបង្ហាញខ្លួនឱ្យក្រុមបារាំងសារជាថ្មីនៅកាតា។ 
 
តែទោះជាយ៉ាងណា ក្រោយវិលត្រលប់ទៅកាន់ Juventus ក្រោយចាកចេញពី Manchester United ខ្សែបម្រើរូបនេះញាំញីទៅដោយបញ្ហារបួសដំបៅសរសៃជង្គង់ ទើបត្រូវពន្យាពេលព្យាបាលរយៈពេលវែង ដែលធ្វើឱ្យរូបគេមិនអាចជាសះស្បើយទាន់ពេល World Cup។
 
មកដល់ពេលនេះ​ បើតាមភ្នាក់ងារផ្ទាល់ខ្លួនរបស់ ​Pogba លោក Rafaela Pimenta អះអាងថាខ្សែបម្រើវ័យ ២៩ឆ្នាំនឹងមិនអាចវិលត្រលប់ជួយក្រុម ​Juventus ក្នុងភារកិច្ចពានរង្វាន់លីគអ៊ីតាលី ឬពានរង្វានអឺរ៉ុបណាមួយបានឡើយ ហើយក៏គ្មានគម្រោងសម្រាប់ការប្រកួតពានរង្វាន់ពិភពលោកជាមួយបារាំងផងដែរ ព្រោះតែបញ្ហារបួសធ្ងន់ធ្ងរ។
 
«ក្រោយបញ្ចប់ការពិនិត្យកាលពីម្សិលមិញ និងថ្ងៃនេះនៅក្នុងទីក្រុង ​Torino និង Pittsburgh រូបគេបាននិយាយថាគឺពិតជាឈឺខ្លាំងត្រង់របួសនោះ ហើយរូបគេថាត្រូវការពេលបន្ថែមទៀតដើម្បីជាសះស្បើយពីរបួសនោះ។ សម្រាប់ហេតុផលនេះ ​Pogba នឹងមិនអាចចូលរួមជាមួយ ​Juventus មុនពេល World Cup ឬក៏ក្រុមជម្រើសជាតិបារាំងនៅកាតាបានឡើយ។»។ លោក Pimenta បាននិយាយប្រាប់កាសែត Telefoot បែបនេះ។
 
ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា នៅសល់ពេលវេលាជាង ២សប្តាហ៍ទៀតនឹងមកដល់ ហើយថ្ងៃនៃការប្រកួតត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ 
សូមជម្រាបថា មាន់គកបារាំងនឹងត្រូវការពារតំណែងជើងឯករបស់ខ្លួន ទល់ អូស្ត្រាលី នៅថ្ងៃទី២២ ខែវិច្ឆិកា មុនប៉ះ ដាណឺម៉ាក់ និងទុយណេស៊ី ដែលស្ថិតក្នុងពូល ​D ជាមួយគ្នា៕
 

Tag:
 Paul Pogba
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com