កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Spurs, Sporting, Eintracht និង Marseille ត្រូវដណ្តើមគ្នាទៅវគ្គបន្ត នៅជំនួបចុងក្រោយពូល ​D
01, Nov 2022 , 5:59 pm        
រូបភាព
ការប្រកួត UEFA Champions league បានឈានដល់ការប្រកួតចុងក្រោយហើយនៃវគ្គសន្សំពិន្ទុក្នុងពូល នៅរាត្រី ថ្ងៃទី១ ខែវិច្ឆិការ។ ពូល D មាន ​Tottenham Hotspurs, Sporting CP, Eintracht Frankfurt និង ​Olympique de Marseille ជាពូលតែមួយគត់ ដែលត្រូវប្រជែងគ្នាដល់ជំនួបចុងក្រោយដើម្បីរកពីរក្រុមទៅវគ្គបន្ត និងមួយក្រុមទៅ Europa League។



ជំនួបបង្ហើយពូល A ក្រុម Liverpool ស្វាគមន៍ក្រុមកំពូលតារាង SSC Napoli វេលាម៉ោង ៣យប់ ដែលជាជំនួបសងសឹងជើងទីមួយដែលហង្សក្រហមរងបរាជ័យយ៉ាងអាម៉ាស់នៅទឹកដីអ៊ីតាលី​កាលជំនួបបើកឆាក។ Rangers ក្រុមអស់ឱកាសលេងពានអឺរ៉ុបត្រូវប៉ះ Ajax Amsterdam នៅកីឡដ្ឋាន Johan Cruyff ដែលជាក្រុមឈរលេខ៣ ក្នុងពូល។
 
ក្លិប Club Brugge របស់ប៊ែលហ្ស៊ិកលេខ ១ ពូល B ត្រូវជួបក្រុម Bayer Lewerkusen ដែលកំពុងប្រជែងកៅអី Europa league ជាមួយក្រុម Atletico Madrid។ FC Porto ដែលរក្សាបានកៅអីវគ្គ ១៦ក្រុម ត្រូវបើកទ្វារកីឡដ្ឋាន ​Estadio Do Dragao ស្វាគមន៍ Atletico Madrid ដែលត្រូវការពិន្ទុរក្សាតំណែងលេខ៣ ក្នុងពូលដើម្បីលេងពានលីគលំដាប់ទីពីរ។
 
Bayern Munich និង ​Inter Milan ទោះដណ្តើមបានកៅអីវគ្គ ១៦ដូចគ្នា តែការប្រកួតវេលាម៉ោង ៣យប់នេះ នៅទឹកដីអាល្លឺម៉ង់ក៏ជាជំនួបដ៏ធំប្រចាំសប្តាហ៍ចុងក្រោយនៃវគ្គចែកពូល ក្នុងពូល C។ Barcelona ប៉ះ Viktoria Plzen ប្រកួតបង្គ្រប់ជំនួបចុងក្រោយ ខណៈ Barca ធ្លាក់ទៅ Europa League ពីររដូវកាលជាប់គ្នា។
 
ការប្រកួតប្រជែងខ្លាំងក្នុងពូល D ក្រុម Tottenham Hotspurs ធ្វើដំណើរទៅទឹកដីបារាំងដោយប៉ះម្ចាស់ផ្ទះ Olympique de Marseille ដែលឈរបាតតារាងមាន៦ពិន្ទុ ដើម្បីប្រជែងពិន្ទុបន្ថែមសម្រាប់រក្សាកៅអីវគ្គ ១៦ក្រុមចុងក្រោយ ខណៈខ្លួនស្ថិតនៅកំពូលតារាងមានត្រឹម ៨ពិន្ទុ។ Sporting CP និង​ Eintracht Frankfurt ដែលមាន ៧ពិន្ទុដូចគ្នាកំពុងប្រជែងពិន្ទុដ៏សំខាន់ដើម្បីបន្តដំណើរទៅកាន់វគ្គ ១៦ក្រុមរៀងខ្លួន វេលាម៉ោង ៣យប់។ ជំនួបចុងក្រោយពូល D នេះ នឹងត្រូវកាត់សេចក្តីរកបាន២ក្រុមឡើងវគ្គបន្ត និងមួយក្រុមទៅលេងនៅ Europa League៕
 
 

Tag:
 UEFA Champions league
© រក្សាសិទ្ធិដោយ thmeythmey.com