ជាតិ
អាស៊ាន
ប្រធានអាស៊ាន ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធនៃRCEPបង្កើនការគាំទ្រគ្នា ដើម្បីទាញយកប្រយោជន៍រួម
02, Nov 2022 , 11:29 am        
រូបភាព
គ្រប់ភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បង្កើននការគាំទ្រជួយគ្នាទៅវិញទៅមក ដើម្បីទាញយកប្រយោជន៍រួម ជាអតិបរមា។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំនេះ បានលើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ នៃខួបអនុស្សាវរីយ៍១០ឆ្នាំ RCEP និងការប្រកាសផ្លូវការនៃសៀវភៅ ស្តីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី២ វិច្ឆិកា។



ដើម្បីសម្រេចបំណងនៃការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នេះ សម្ដេច ហ៊ុន សែន ជំរុញឱ្យមានការបង្កើតលេខាធិការដ្ឋាន RCEP ឱ្យបានឆាប់ ដោយពិនិត្យលើគ្រប់ទិដ្ឋភាព និងលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាបានអព្យាក្រឹត្យ និងឯករាជ្យភាព។ ជាពិសេសកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។
 
«ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
 
ជាមួយគ្នានេះ ប្រធានអាស៊ាន បានស្នើឱ្យភាគីសមាជិក និងហត្ថលេខីទាំងអស់ នៃ RCEP ចាប់ផ្ដើមពិភាក្សានីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីអាចទទួលសមាជិកថ្មីៗ នាឆ្នាំក្រោយ។
 
បើតាមសម្ដេច ហ៊ុន សែន កម្ពុជាស្វាគមន៍ចំពោះការផ្ដល់ជំនួយហិរញ្ញវត្ថុពីប​ណ្ដាភាគីសមាជិក និងភាគីហត្ថលេខីនៃRCEP ដើម្បីគាំទ្រ និងលើកកម្ពស់កិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា។ 
 
«សូមអំពាវនាវដល់សមាជិកទាំងអស់នៃRCEP ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងRCEP នេះ ឱ្យទៅជាយន្តការរួមមួយ ដែលគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងមានបរិយាប័ន្ន»។ ប្រធានអាស៊ាន បន្ថែម។
 
ដើម្បីអនុវត្តកិច្ចព្រមព្រៀង RCEP ឱ្យមានប្រសិទ្ធភាពនោះ ក៏មិនអាចខ្វះវិស័យឯកជនបានដែរ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានបន្ថែមថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាតួអង្គសំខាន់ ក្នុងការធានា និងបង្កើនប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងនេះ។ សម្ដេច សង្កត់ធ្ងន់ថា៖«ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា»។
 
ការសិក្សារបស់ស្ថាប័នអន្តរជាតិនានា បានបង្ហាញថា ការអនុវត្តនូវកិច្ចចព្រមព្រៀង RCEP នឹងបង្កើន ទំហំពាណិជ្ជកម្មប្រមាណ ៤០ប៊ីលានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើង២,៥ភាគរយ , បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិក RCEP ១២,៣ ភាគរយ និងជួយលើកកម្ពស់ការរស់នៅប្រជាជន២៧លាននាក់បន្ថែមទៀត ឱ្យចូលក្នុងក្រុមជន ដែលមានជីវភាពរស់នៅក្នុងកម្រិតមធ្យម សម្រាប់តំបន់RCEP នៅឆ្នាំ២០៣៥។ ស្ថាប័នទាំងនោះ ក៏បានវាយតម្លៃថា RCEP នឹងបង្កើនប្រាក់ចំណូលសកល ២៦៣ប៊ីលានដុល្លារ។
 
សម្រាប់កម្ពុជាវិញ ត្រូវបានវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) វាយតម្លៃកាលពីដើមឆ្នាំ២០២២ថា RCEP នឹងជួយឱ្យផលិតផលក្នុងស្រុក (GDP) របស់កម្ពុជា កើនឡើងពី២ភាគរយ ទៅ៣,៨ ភាគរយ , ការនាំចេញកើនពីរង្វង់៩,៤ភាគរយ ទៅ១៨ភាគរយ , ឱកាសការងារប្រចាំឆ្នាំកើនពី៣,២ ភាគរយ ទៅ៦,២ភាគរយ , ចំណូលពន្ធប្រចាំឆ្នាំកើនឡើង២ភាគរយ ទៅ៣,៩ ភាគរយក្នុងមួយឆ្នាំ ខណៈការវិនិយោគជារួមកើនឡើង២៣,៤ភាគរយ។
 
ក្រៅពី RCEP កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ មករា ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកូរ៉េ ដែលគ្រោងចុះហត្ថលេខា នាថ្ងៃទី១ ធ្នូ ខាងមុខនេះ។ កម្ពុជា ក៏កំពុងពិនិត្យលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូផ្សេងៗទៀតដែរ៕
 

Tag:
 ហ៊ុន សែន
  អាស៊ាន
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com