ជាតិ
អ្នកនាំពាក្យ៖ គុណភាពខ្យល់នៅកម្ពុជាមានភាពប្រសើរ តែនៅមានបញ្ហាប្រឈម 
ទិដ្ឋភាពរាជធានីភ្នំពេញ នាខែមិថុនា ឆ្នាំ២០២២។ រូបភាព Ky Pheasith។
×![]()
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាស្ថិតក្រោមបន្ទាត់ក្រហម ពោលគឺគុណភាពខ្យល់នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ។ ការវាយតម្លៃគុណភាពខ្យល់នេះ បានមកពីការតាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ដែលមានចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដាខេត្ត។
នាសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ លើកឡើងថា ភាពល្អប្រសើរនៃគុណភាពខ្យល់នេះ ស្របជាមួយនឹងវិធានការណ៍មួយចំនួន ដែលក្រសួងដាក់ចេញ។ លោកពន្យល់ពីវិធានការណ៍គ្រប់គ្រងដូច្នេះ៖ «យើងឃើញថាគុណភាពខ្យល់នៅកម្ពុជាមានភាពល្អប្រសើរ ហើយភាពល្អប្រសើរ ជាមួយនឹងការដាក់នូវវិធានការមួយចំនួន ក្នុងនោះទាក់ទងនឹងវិស័យសំណង់ គឺយើងតម្រូវឱ្យមានការបាំងនៅកន្លែងការដ្ឋាន។ ទី២ការដ្ឋានថ្នល់តម្រូវឱ្យស្រោចទឹកជាប្រចាំ។ ទី៣ គឺហាមឃាត់ប្រជាពលរដ្ឋកុំឱ្យដុតសំរាមនៅតាមទីវាលផ្ដេសផ្ដាស។ ទី៤ យើងគ្រប់គ្រងទីវាលចាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការឆេះ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នាពិធីសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២។ រូបភាពដោយ ស៊ុល រ៉វី ។
ក្រៅពីទឡ្ហីករណ៍ទាំង៤ខាងលើនេះ អ្នកនាំពាក្យរូបនេះថា ការកាត់បន្ថយការនាំចូល និងប្រើប្រាស់ឡានជជុះ ( second hand)នៅកម្ពុជា ជំនួសដោយរថយន្តថ្មី ក៏ជាផ្នែកមួយ ក្នុងការចូលរួម លើគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាផងដេរ។ លោកបន្តថា និន្នាការប្រជាជនងាកមកជិះឡានថ្មីនេះ បានជួយដល់បរិស្ថាន ដោយសារឡាននាំចូល ត្រូវបានកំណត់ស្តង់ដាលើការបំពុលបរិស្ថាន។
ទោះបីស្ថានភាពគុណភាពខ្យល់ នៅកម្ពុជាមានភាពល្អប្រសើរ ស្ថិតក្រោមបន្ទាត់ក្រហមក៏ដោយ ប៉ុន្តែគុណភាពខ្យល់ នៅតែជួបបញ្ហាប្រឈម ដែលត្រូវបន្តគិតគូរ។ របាយការណ៍លទ្ធផល ស្ដីពីកិច្ចគាំពារបរិស្ថាន របស់អគ្គនាយកគាំពារបរិស្ថាន បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលជះឥទ្ធិពលមកលើគុណភាពខ្យល់។ បញ្ហាទាំងនោះ រួមមាន ការបំពុលខ្យល់នៅទីប្រជុំជនមួយចំនួន ដែលមានប្រភពពីយានយន្ត ទាំងគុណភាពរថយន្ត គុណភាពប្រេង និងការកកស្ទះចរាចរណ៍ជាដើម។
ទិដ្ឋភាពអគារកំពុងសាងសង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ។
បញ្ហាប្រឈមទី២ ការដុតសំរាម ឬសំណល់កសិកម្ម នៅទីចំហ ភ្លើងឆេះព្រៃ និងឆេះទីលានចាក់សំរាមជាដើម។ បញ្ហាប្រឈមទី៣ គឺការដុតសំណល់ក្នុងឡចំហាយ ដែលមិនបំពាក់ប្រព័ន្ធសម្អាតខ្យល់តាមលក្ខណៈបច្ចេកទេស។ បញ្ហាប្រឈមមួយទៀត ការយល់ដឹងរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងទប់ស្កាត់ការបំពុលខ្យល់នៅមានកម្រិត។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក៏បានបង្ហាញដំណោះស្រាយជុំវិញបញ្ហាប្រឈមខាងលើនេះ ដោយជំរុញការអនុវត្តស្ដង់ដាប្រេងឥន្ទនៈ និងយានយន្ត តាមចរាចរ ០១ ស.រ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ ដំណោះស្រាយទី២ គឺការដាក់វិធានការហាមឃាត់ការដុតសំណល់ ដូចជាកម្ទេចកំណាត់ ជាដើម នៅក្នុងឡចំហាយ ដែលមិនអនុវត្តតាមលក្ខណៈបច្ចេកទេស។ ទី៣ គឺការចាត់វិធានការទប់ស្កាត់ការដុតនៅទីចំហ ដុតសំណល់កសិកម្ម និងភ្លើងឆេះព្រៃការឆេះសំណល់ទីលាន។ ទី៤ លើកកម្ពស់ការយល់ដឹង ដល់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងទប់ស្កាត់ការបំពុលខ្យល់៕
សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។
Tag:
ThmeyThmey25
គុណភាពខ្យល់
ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com