ជាតិ
លោក នួន ផារ័ត្ន៖ វិស័យអាទិភាព​៥ស្ថិត​ក្នុងផែនការយុទ្ធសាស្ត្រ​ទីក្រុងឆ្លាត​របស់ភ្នំពេញ​
02, Nov 2022 , 3:09 pm        
រូបភាព
ភ្នំពេញ៖  លោក នួន ផារ័ត្ន អភិបាលរង​រាជធានីភ្នំពេញ​ បាន​ធ្វើបទបង្ហាញ​អំពីគោលនយោបាយគ្រប់គ្រង និង​ផែនការ​អភិវឌ្ឍ​រាជធានីភ្នំពេញ​​​ ដល់សហគមន៍​ធុរកិច្ច​បារាំង ​​​នាល្ងាចថ្ងៃទី​១ ​ខែវិច្ឆិកា​នេះ។ បទបង្ហាញ​នោះ​ បានប្រព្រឹត្តទៅនៅក្នុង​កម្មវិធី «Pop-up៖ ទីក្រុងប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយ ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​​បារាំង-កម្ពុជា (La Chambre de Commerce et d’Industrie France Cambodge – CCIFC) នៅ​វិទ្យាស្ថាន​ភាសាបារាំង​។

 
កម្មវិធីដែលប្រមូលផ្ដុំ​ដោយ​ក្រុមហ៊ុនបារាំង ដែលកំពុង​ធ្វើប្រតិបត្តិការនៅប្រទេស​កម្ពុជា បាន​ផ្តល់ពេល​វេលា​​ឱ្យ​លោកអភិបាលរង ​ធ្វើបច្ចុប្បន្នភាព​អំពីផែនការទូទៅ នៃការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ​ស្របតាម​សូចនាករ ​​នៃគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី១១​របស់អង្គការសហប្រជាជាតិ។
 
ទន្ទឹមគ្នានេះ ដោយសារតែ​លោកអភិបាលរង កំពុងទទួលបន្ទុក​លើកិច្ចការ​ទីក្រុងឆ្លាត (Smart Cities) លោកក៏បានបង្ហាញ​អំពី​សកម្មភាពការងារ​មួយចំនួន ​របស់អាជ្ញាធរ​រាជធានី ​ដែលកំពុង​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យាផងដែរ។
 
គួររម្លឹក​ថា នៅឆ្នាំ​២០១៨ រដ្ឋាភិបាលកម្ពុជា ​បាន​សម្រេច​បញ្ចូលរាជធានីភ្នំពេញ ក្រុងបាត់ដំបង និង​ក្រុងសៀមរាប ទៅក្នុង​បណ្ដាញទីក្រុង​ឆ្លាតអាស៊ាន (ASEAN Smart Cities Network) ​ដែលមាន​វត្តមាន​សរុប​២៦​ទីក្រុង។ គោលដៅចាំបាច់​មួយនៃការបង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត គឺការ​ផ្លាស់ប្ដូរ​ពិសោធន៍ និងការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើម្បីដោះស្រាយ​បញ្ហាប្រឈម​នានា​ក្នុងទីក្រុង ​ដែល​ចេះតែមាន​កំណើន​ប្រជាសាស្ត្រផង និងការពង្រីកផ្ទៃដីផង។ បន្ទាប់ពី​បានចូលជាសមាជិក នៃបណ្ដាញ​ទីក្រុងឆ្លាត​របស់​អាស៊ាន រាជធានីភ្នំពេញ​បាន​ទទួល​កិច្ចសហការ និងការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុងប្រើប្រាស់​ភាសាបារាំង (AIMF) ដើម្បី​អនុវត្ត​គម្រោង​មួយចំនួនដែរ។
 

 
លោក នួន ផារ័ត្ន បាន​ពន្យល់ប្រាប់ធុរជន​បារាំង​យ៉ាង​ដូច្នេះ៖ «នៅក្នុងផែនការយុទ្ធសាស្ត្រ​នៃទីក្រុង​ឆ្លាត និង​ប្រកបដោយចីរភាព​របស់​រាជធានីភ្នំពេញ យើងបានកំណត់​វិស័យងាទិភាពចំនួន៥រួមមាន៖ ការប្រើ​ប្រាស់​ដីធ្លី, សុវត្ថិភាពនិងសន្តិសុខ, ចរាចរណ៍​ក្នុងទីក្រុង, បរិស្ថានរស់នៅ​ឆ្លាតវៃ និង​អភិបាលកិច្ច​ឌីជីថល។»។
 
លោកបានបន្តទៀតថា៖« យើងមានគម្រោង​អនុវត្តការងារ​ជាក់ស្ដែងមួយចំនួន​​ ក្នុងវិស័យ​ខាងលើនេះ ​​ដោយ​​ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដូចជា៖ គម្រោងប្រើប្រាស់ប្រព័ន្ធ​ Digital-Twin ដើម្បីការ​រៀបចំ​ក្រុង, គម្រោងការ​បំពាក់កាម៉េរាសុវត្ថិភាពចំនួន ១ ៦៩៨គ្រឿង ព្រមទាំងមណ្ឌល​បញ្ជាពី​សាលារាជធានី និង​ប្រព័ន្ធ​បញ្ជា​អំពូល​​បំភ្លឺផ្លូវសាធារណៈ​ពីចម្ងាយ, ការសាង់សង់ចំណតរថយន្តក្រុង​ឆ្លាត និងការបំពាក់ប្រព័ន្ធ​ជូនដំណឹង​ជាមុន​​ដើម្បីទប់ទល់នឹង​គ្រោះមហន្តរាយ​ដែលបង្កដោយគ្រោះធម្មជាតិ។ យើងក៏បាន​សាងសង់​មណ្ឌលបញ្ជាប្រព័ន្ធចរាចរណ៍ក្នុងរាជធានី​រួចហើយដែរ ជាមួយនឹងការ​បំពាក់ភ្លើងចរាចរណ៍ឆ្លាតវៃចំនួន ១១៥​ទីតាំង»។
 
សម្រាប់លោក នួន ផារ័ត្ន ការរីកលូតលាស់យ៉ាងលឿន​របស់រាជធានីភ្នំពេញ ដូចជាកំណើនប្រជាជន កំណើនយានយន្ត កំណើន​សំណង់គេហដ្ឋាន បានបង្កើតឱ្យ​មានបញ្ហាប្រឈម​មួយចំនួន​ ដូចនៅតាម​ទីក្រុង​នានា​ក្នុងពិភពលោកដែរ។ លោកបន្តថា ហេតុដូច្នេះហើយ បានជា​សាលារាជធានីភ្នំពេញ ​បានធ្វើ​ការកែ​សម្រួល​ផែនការរៀបចំក្រុង ២០១៥-២០៣៥ ដើម្បីកំណត់តំបន់អភិវឌ្ឍន៍​ឱ្យបានច្បាស់លាស់​ដូចជា៖ ផែនការដឹកជញ្ជូន ការកសាងប្រព័ន្ធលូ ប្រព័ន្ធចរាចរណ៍ តំបន់រស់នៅ តំបន់ឧស្សាហកម្ម តំបន់បេតិកភណ្ឌ ទីធ្លាបៃតង ជាដើម។
 
ទិន្នន័យខ្លះៗទាក់ទងនឹង​រាជធានីក្នុងពេលបច្ចុប្បន្ន៖
ប្រជាជនរស់នៅ​ជិត ៣លាននាក់ (ឆ្នាំ​២០១២ មានតែ ១​,៨៥ លាននាក់)
១៤ ខណ្ឌ គ្របដណ្ដប់លើផ្ទៃដីជិត ៧០០ គីឡូម៉ែត្រការ៉េ
រថយន្តឯកជនជិត ៥០០ ០០០ គ្រឿង (ឆ្នាំ ២០១២ មានតែ ២៧០ ០០០គ្រឿង)
ទោចក្រយានមានជិត ២លានគ្រឿង (ឆ្នាំ ២០១២ មានប្រហែល ១លានគ្រឿង)
ទីក្រុងរណបចំនួន ៦ និងបុរី​ជាង ២០០ និងអគារដែលមានកំពស់ខ្ពស់ជាង​២០ជាន់ មាន ២២៥ ៕
 

 







Tag:
 នួន ផារ័ត្ន
  ភ្នំពេញ
 ទីក្រុងឆ្លាត
© រក្សាសិទ្ធិដោយ thmeythmey.com