ជាតិ
សេដ្ឋកិច្ច
អាស៊ាន
សម្តេច ហ៊ុន សែន៖ កម្ពុជា ជាប្រទេសបើកជំហសេដ្ឋកិច្ចខ្ពស់ ផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម
02, Nov 2022 , 6:59 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
កម្ពុជា ជាប្រទេសបើកជំហសេដ្ឋកិច្ចខ្ពស់ ដោយផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល​ និងការធ្វើសមាហរណកម្មសសេដ្ឋកិច្ចតំបន់ និងសកល។ សម្តេច ហ៊ុន សែន អះអាងបែបនេះក្នុងពិធីវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី២វិច្ឆិកា។​

 
ក្រោមការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ផលិតផលក្នុងស្រុកសរុបកម្ពុជា អាចនឹងកើនឡើងបន្ថែមប្រមាណពី២ភាគរយ ទៅ ៣, ៥ភាគរយ ក្នុងមួយឆ្នាំ។ សម្រាប់ការនាំចេញ នឹងកើនបន្ថែមក្នុងរង្វង់ពី៩ទៅ១៨ភាគរយ,​ ចំណូលពន្ធប្រចាំឆ្នាំកើនពី២ទៅ៣,៩ភាគរយ និងការវិនិយោគរួមអាចកើនដល់ ​២៣,៤ ​ភាគ​រយ។ នេះជារៀបរាប់របស់សម្តេច ហ៊ុន សែន ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានប្រកាសចូលជាធរមាន កាលពីថ្ងៃទី១មករា ឆ្នាំ២០២២មក។
 
ប្រមុខរាជរដ្ឋាភិបាល​បន្តមានប្រសាសន៍យ៉ាងដូច្នេះ៖ «បើទោះបីប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជា ជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើវិធានច្បាប់ជាគោល  និងធ្វើការសមាហរកម្មសេដ្ឋកិច្ចតំបន់ និងសកល  ដែលជារួមស្របគ្នា នឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប»។ 
 
ក្រៅពីអាសិប កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ដែលគ្រោងចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូខាងមុខ​ ផងដែរ។ សម្តេច បន្ថែមថា ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដទៃ ផ្សេងទៀត។
 
អាសិប(RCEP/ Regional Comprehensive Economic Partnership)  គឺជាកិច្ចព្រមព្រៀងដ៏ធំជាងគេក្នុងពិភពលោក ដែលមានប្រទេសទាំង១០ របស់អាស៊ានជាសមាជិក រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី និងប្រទេស​នូវែលសេឡង់។  កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាប្រធាន។ 
 
ការសិក្សាពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា និងអន្តរជាតិសំខាន់ៗ បានបង្ហាញថា​ ការអនុវត្តកិច្ចព្រមព្រៀងអាសិបបានពេញលេញ​ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ពាន់លានដុល្លារអាម៉េរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនរហូតដល់ ២,៥ភាគរយ, បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិក អាសិប ១២,៣ភាគរយ និងជួយលើកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ២៧លាននាក់។ នៅឆ្នាំ២០៣០ អាសិប ត្រូវបានគេវាយតម្លៃថា នឹងបង្កើនប្រាក់ចំណូលសកល រហូតដល់ ២៦៣ពានលានដុល្លារ។ 
 
សូមជម្រាបថា រយៈពេល៩ខែ​ នៃចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ ទំហំពាណិជ្ជកម្ម មានសរុប ២៤,០៦៦លានដុល្លារ ដែលកើនដល់១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានប្រមាណ ១៩,៣៦២លានដុល្លារ និងនាំចូលមានជាង ៤,៧០០លានដុល្លារ។ នេះបើយោងតាមសិ្ថតិពាណិជ្ជកម្មកម្ពុជា ជាប្រទេសអាសិប ​ដែលសារព័ត៌មានថ្មីៗ ទទួលបានពីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២វិច្ឆិកា៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com