កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ AC Milan ​​ទទួល ​Salzburg ចំណែក ​​Shakhtar Donetsk ទទួល ​Leipzig ដើម្បីប្រជែងកៅអីវគ្គ១៦ក្រុម
02, Nov 2022 , 6:29 pm        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អឺរ៉ុប ​UEFA Champions League ឈានដល់ថ្ងៃបង្ហើយនៃប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នាថ្ងៃទី២ ខែវិច្ឆិកានេះ។ ពូល E, F, G, H ត្រូវប្រកួតបង្រ្គប់មួយប្រកួតសប្តាហ៍ចុងក្រោយ ខណៈដែលក្រុម ​AC Milan ទទួល FC ​Salzburg ពូល E ចំណែក ​Shakhtar Donetsk ទទួល RB Leipzig ពូល F ដើម្បីប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ។



ជំនួបពូល E វេលាម៉ោង ៣យប់ដែលជាការប្រកួតរវាងក្រុមយក្សអ៊ីតាលី ​​​AC Milan ត្រូវបើកទ្វារកីឡដ្ឋាន San Siro ស្វាគមន៍ក្រុម FC Salzburg មកពីអូទ្រីស នឹងជាក្រុមកំពុងតែប្រជែងពិន្ទុដើម្បីអាចឈ្នះកៅអីឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ។
 
 ឆ្លងកាត់ ៥ប្រកួតក្នុងពូល AC Milan រកបាន ៧ពិន្ទុឈរលេខ២បណ្តោះអាសន្ន តាមពិន្ទុពីក្រោយដោយ ​Salzburg មាន ៦ពិន្ទុឈរលេខ៣។ នារាត្រីនេះក្រុមទាំងពីរត្រូវប៉ះគ្នា ដោយ AC Milan ត្រូវការត្រឹមស្មើ ខណៈ ​Salzburg ត្រូវឈ្នះដាច់ខាងដើម្បីបានកៅអីទៅវគ្គបន្ទាប់។ ពូល C នេះដែរ​ ​Chelsea ដែលបានកៅអីរួចទៅហើយត្រូវស្វាគមន៍ Dinamo Zagreb។
 
ចំណែកពូល ​F ក្រុមយក្សអេស្ប៉ាញ Real Madrid រក្សាបានកៅអីវគ្គបន្ទាប់រួចមកហើយ ខណៈពួកគេត្រូវប៉ះក្រុម ​Celtic ជាក្រុមអស់ឱកាសនាយប់នេះជំនួបបង្ហើយក្នុងពូលវេលាម៉ោង ០០:៤៥យប់។ ការប្រកួតរវាង​ Shakhtar Donetsk ទទួល Leipzig នឹងក្លាយជាការប្រកួតដ៏តានតឹង ដើម្បីប្រជែងកៅអីវគ្គបន្ទាប់។
 
RB Leipzig មាន ៩ពិន្ទុឈរលេខ២បណ្តោះអាសន្ន តាមពីក្រោយដោយក្រុមលេខ៣ Shakhtar Donetsk មាន ៦ពិន្ទុ។ RB Leipzig ត្រូវការត្រឹមស្មើប៉ុណ្ណោះ ខណៈ Shakhtar Donetsk ត្រូវឈ្នះដាច់ខាតទើបអាចឡើងទៅវគ្គបន្ត។
 
ក្រឡែកមកការប្រកួតពូល G ក្រុមខ្លាំង Manchester City ត្រូវស្វាគមន៍ Sevilla នាទឹកដី Etihad វេលាម៉ោង ៣យប់។ FC Copenhagen ក្រុមអស់ឱកាសនឹងត្រូវស្វាគមន៍ក្រុមខ្លាំងរបស់អាល្លឺម៉ង់មួយទៀតគឺ Borussia Dortmund។ Sevilla មានឱកាសតិចតួចខ្លាំង បើសិនពួកគេអាចយកឈ្នះ City ក្នុងលទ្ធផលដែលមានគ្រាប់ស៊ុតច្រើនលើសពី៤ គ្រាប់ ហើយ Dortmund ចាញ់ ​Copenhagen ក្នុងលទ្ធផលដូចគ្នានេះ តែយ៉ាងនេះជារឿងមួយដែលនឹងមិនអាចទៅរួចឡើយខណៈក្រុមទាំងស៊ុតសឹងតែក្រុមខ្លាំង ហើយមានពិន្ទុនឹងគ្រាប់បាល់នាំមុខរួចស្រេច។
 
ជំនួបធំប្រចាំសប្តាហ៍ចុងក្រោយនេះ Juventus ត្រូវស្វាគមន៍ Paris Saint Germain ដែលជាជំនួបសងសឹកកាលពីជើងទីមួយនៅទឹកដីបារាំងក្រុមអ៊ីតាលីមួយនេះរងបរាជ័យលទ្ធផល ២-១។ ទោះបីចាញ់ ឬ ឈ្នះ PSG បានកក់កៅអីទៅវគ្គបន្ទាប់រួចរាល់ហើយ ចំណែក ​Juventus ក៏ធ្លាក់ទៅលេងនៅពានរង្វាន់ ​​Europa League ដូចគ្នាដែរ តែយ៉ាងណានេះនឹងក្លាយជាការប្រកួតយ៉ាងលំបាករវាងក្រុមទាំងសងខាង។ Benfica រំពឹងដណ្តើមបានតំណែងកំពូលតារាងពូល H នេះខណៈពួកគេត្រូវប៉ះក្រុម Maccabi Haifa៕
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com