អន្តរជាតិ
តើ​បញ្ហា​អ្វី​ខ្លះ​ដែល​អ្នកបោះឆ្នោត​ចាប់​អារម្មណ៍​សម្រាប់​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នៅ​​ឆ្នាំ​នេះ?
02, Nov 2022 , 9:29 pm        
រូបភាព
ដោយ: VOA
រូបឯកសារ៖ ការិយាល័យ​បោះឆ្នោត​មួយកន្លែង​នៅក្នុង​ទីក្រុង Derry រដ្ឋ New Hampshire សហរដ្ឋអាមេរិក នៅឆ្នាំ២០២០។

 
ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ។ នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ការ​ស្ទង់មតិ​នានា​បាន​បង្ហាញ​ថា អ្នក​បោះឆ្នោត​មាន​ចំណាប់​អារម្មណ៍​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដូចជា​បញ្ហា​សេដ្ឋកិច្ច ឧក្រិដ្ឋកម្ម លទ្ធិ​ប្រជាធិបតេយ្យ អន្តោប្រវេសន៍ សិទ្ធិ​រំលូត​កូន និង​បញ្ហា​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
 
ដោយសារ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ ហើយ​អតិផរណា​ខ្ពស់​រហូត​ដល់​ទៅ ៨,២% អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​ស្ទើរតែ​ទាំង​អស់​បាន​បញ្ជាក់​ថា បញ្ហា​សេដ្ឋកិច្ច​គឺ​ជា​បញ្ហា​អាទិភាព​កំពូល។
 
អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​កាលពី​ខែ​កញ្ញា​របស់​សាកលវិទ្យាល័យ Monmouth ដែល​ចាត់ទុក​បញ្ហា​អតិផរណា​ថា​ជា​បញ្ហា​ចម្បង​បំផុត​បាន​កើន​ពី ៣៧% ទៅ ៤៦%។
 
នៅ​ក្នុង​ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល​សិក្សា​នយោបាយ​អាមេរិក​របស់​សាកលវិទ្យាល័យ Harvard (Harvard CAPS/Harris Poll) ដែល​ស្ទង់មតិ​លើ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រហែល ២.០០០ នាក់ បាន​បង្ហាញ​ថា អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៤៨% ថា អតិផរណា​គឺ​ជា​មូលហេតុ​ដែល​ទំនងជា​ធ្វើ​ឱ្យ​ពួកគេ​បោះឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ រី​ឯ​ចំនួន ៣៦% ថា​ជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ពួកគេ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ។
 
ទាក់ទិន​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម ទិន្នន័យ​របស់​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​បង្ហាញ​ថា ឧក្រិដ្ឋកម្ម​ហិង្សា​ជា​ទូទៅ​បាន​កើនឡើង ២៨% ពី​ចំនួន ៦៤០.៨៣៦ ករណី​នៅ​ក្នុង​ឆ្នាំ ២០២០ ទៅ​ចំនួន ៨១៧.០២០ ករណី​នៅ​ក្នុង​ឆ្នាំ ២០២១។
 
អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៧៥% ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​របស់ Politico/Morning Consult បាន​និយាយ​ថា ឧក្រិដ្ឋកម្ម​ហិង្សា​គឺ​ជា​បញ្ហា​សំខាន់។ រី​ឯ​ការ​ស្ទង់មតិ​របស់​ទូរទស្សន៍ Fox News ក៏​បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​ផង​ដែរ។
 
ពាក់ព័ន្ធ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជិត ៧៥% ជឿ​ថា លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​កំពុង​មាន​គ្រោះថ្នាក់ ប៉ុន្តែ​ក្ដី​បារម្ភ​របស់​ពួកគេ​គឺ​ផ្ដោត​ខ្លាំង​លើ​អំពើ​ពុករលួយ​តាម​ស្ថាប័ន ដែល​ជា​អំពើ​ពុករលួយ​កម្រិត​ទាប​ដែល​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​សាធារណជន​លើ​ការិយាធិបតេយ្យ។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​រួម​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​របស់​កាសែត New York Times និង​មហាវិទ្យាល័យ Siena (New York Times/Siena College Poll)។
 
សម្រាប់​បញ្ហា​អន្តោប្រវេសន៍​វិញ ការ​ស្ទង់មតិ​របស់​សាកលវិទ្យាល័យ Monmouth កាលពី​ខែ​កញ្ញា​បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង ៣១% ពេញចិត្ត​នឹង​កិច្ចការ​ដែល​លោក​ប្រធានាធិបតី Joe Biden ធ្វើ​លើ​បញ្ហា​នេះ ចំណែក​ឯ ៦៣% វិញ​មិន​ពេញចិត្ត។
 
ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​រំលូត​កូន ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល​សិក្សា​នយោបាយ​អាមេរិក​របស់​សាកលវិទ្យាល័យ Harvard (Harvard CAPS/Harris Poll) បាន​បង្ហាញ​ថា អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៤១% បាន​និយាយ​ថា បញ្ហា​នេះ​ទំនងជា​បញ្ហា​ដែល​ជំរុញ​ឱ្យ​ពួកគេ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ រី​ឯ​ចំនួន ៣៨% វិញ​ថា ពួកគេ​នឹង​បោះឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ។
 
ក្រៅ​ពី​បញ្ហា​ខាង​លើ​ដែល​អ្នក​បោះឆ្នោត​ចាត់ទុក​ថា​សំខាន់​សម្រាប់​ពួកគេ ការ​ស្ទង់មតិ​ទាំង​នោះ​បាន​បង្ហាញ​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​អ្នក​បោះឆ្នោត​ចាប់​អារម្មណ៍​ខ្លះ​ដែរ ដែល​មាន​ដូចជា​បញ្ហា​វិសមភាព​ជាតិ​សាសន៍ បញ្ហា​គ្រប់គ្រង​កាំភ្លើង និង​វិបត្តិ​អាកាសធាតុ​ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com