ជាតិ
រដ្ឋបាលខេត្តបាត់ដំបង អនុញ្ញាតឱ្យតាំងស្លាកយីហោ និងប្រើចំណីផ្លូវ តែត្រូវស្របតាមការណែនាំ
03, Nov 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង អនុញ្ញាតឱ្យមានការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវ ប៉ុន្តែត្រូវស្របតាមសេចក្តីណែនាំ ដើម្បីរក្សាសោភណ្ឌភាពក្រុង និងអភិរក្សសំណង់ ដែលសល់ពីសម័យសង្គមរាស្រ្តនិយម។



រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពី ការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវ នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្សក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។ 


ទិដ្ឋភាពផ្ទះពលរដ្ឋក្នុងក្រុងបាត់ដំបង ក្រោយពេលរុះរើស្លាកយីហោ។ រូបភាពពី៖ ហ្វេសប៊ុកផេក រដ្ឋបាលខេត្តបាត់ដំបង
 
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ដ្បិតរដ្ឋបាលខេត្ត ត្រូវរៀបចំសណ្តាប់ធ្នាប់ក្រុង ប៉ុន្តែក៏បានគិតគូរដល់ពលរដ្ឋ ដែលប្រកបអាជីវកម្មក្នុងក្រុងដែរ។ ដូច្នេះរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យអ្នកប្រកបរបរអាជីវកម្មដាក់តាំងស្លាកយីហោ និងប្រើប្រាស់ចំណីផ្លូវ ក្នុងកម្រិតមួយ។ លោក ផេង សិទ្ធី បានបញ្ជាក់ប្រាក់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖«ធម្មតាការរកស៊ីតែងមានស្លាកយីហោ ស្ថាប័នរដ្ឋក៏ត្រូវមានឈ្មោះអង្គភាពដែរ។ វាគ្មានអ្វីចម្លែកទេ»។ 
 
ទន្ទឹមនឹងការអនុញ្ញាតនេះ រដ្ឋបាលក្រុងបានបែកចែកផ្លូវជាពីរ ដោយផ្លូវលេខ១ ត្រូវបានចាត់ទុកជាតំបន់ពាណិជ្ជកម្ម និងអនុញ្ញាតឱ្យពលរដ្ឋជ្រើសរើសប្រភេទពណ៌ចំនួន៦ សម្រាប់លាបផ្ទះបាន។ ដោយឡែកផ្លូវលេខ ១កន្លះ ,លេខ២ និងលេខ ២កន្លះ ត្រូវបានចាត់ទុកជាតំបន់អភិរក្ស ដោយរដ្ឋបាលក្រុង បានកំណត់ពណ៌មួយជាឯកសណ្ឋាន គឺពណ៌លឿងចាស់បន្តិច។ នេះជាការបញ្ជាក់របស់លោក ផេង សិទ្ធី ។
  

ទិដ្ឋភាពផ្ទះពលរដ្ឋក្នុងក្រុងបាត់ដំបង ក្រោយពេលរុះរើស្លាកយីហោ។ រូបភាពពី៖ ហ្វេសប៊ុកផេក រដ្ឋបាលខេត្តបាត់ដំបង
 
ចំពោះការដាក់តាំងលក់វិញ លោកអភិបាលក្រុងបញ្ជាក់ថា មិនអនុញ្ញាតឱ្យរៀបអីវ៉ាន់ហួសមាត់ទ្វាឡើយ។ រីឯស្លាកយីហោ ក៏ត្រូវបានកំណត់មិនឱ្យលើសចន្លោះមុខផ្ទះឡើយ។ បើតាមសេចក្តីប្រកាស ម្ចាស់ផ្ទះ ដែលប្រកបអាជីវកម្មអាចតាំងស្លាកយីហោបានចំនួន ២ផ្ទាំង ដោយផ្ទាំងទីមួយ មានទំហំធំបំផុតក្នុងបណ្តោយស្លាកមានប្រវែង ២ម៉ែត្រ និងមានទទឹងស្លាកប្រវែង ០,៦ម៉ែត្រ។ ស្លាកនេះ អាចមានមុខសងខាង ដោយដំឡើងបញ្ឈរជាប់នឹងសសរជន់ទីមួយ។ 
 
ចំពោះផ្ទាំងទីពីរ ស្លាកយីហោ ត្រូវបានបែងចែកជា ៣ប្រភេទ និង ត្រូវមានទំហំធំបំផុតក្នុងបណ្តោយប្រវែងស្មើមុខផ្ទះ (ស្ថិតនៅចន្លោះសសរមុខផ្ទះ) និងមានទទឹង ០,៦ម៉ែត្រ។ ទី១ ស្លាកធម្មតា អាចដំឡើងជាប់នឹងស្លាបព្រិលនៅខាងក្រោមជ្រី(មុំទ្រេត ១៥អង្សា)។ ទី២ គឺ ស្លាកជាអក្សរផុស មិនមានផ្ទៃក្រោយ ដំឡើងក្រោមវេរ៉ង់ដាផ្នែកខាងមុខ។ ទី៣ ជាប្រភេទស្លាកអក្សរ មិនមានផ្ទៃក្រោយ ដំឡើងលើសំយាបផ្ទះខាងមុខ។ 
  

ទិដ្ឋភាពផ្ទះពលរដ្ឋក្នុងក្រុងបាត់ដំបង ក្រោយពេលរុះរើស្លាកយីហោ។ រូបភាពពី៖ ហ្វេសប៊ុកផេក រដ្ឋបាលខេត្តបាត់ដំបង
 
«គ្រប់លំនៅឋានអាជីវកម្មទាំងអស់ ដែលមានបំណងដំឡើងស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុន ពីរដ្ឋបាលក្រុងជាមុនសិន» ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត។ 
ចំណែក ការប្រើប្រាស់ដីចំណីផ្លូវ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាប្រវែង ១ភាគ៣ នៃដីចំណីផ្លូវ ដោយគិតចេញពីទ្វាមុខផ្ទះ និងជាលក្ខណៈបណ្តោះអាសន្ន។ ពលរដ្ឋ មិនត្រូវបានអនុញ្ញាតឱ្យតាំងទំនិញ ឬដំឡើងរោង រាន តូប ឬសំណង់រឹងមាំ ឬការបិទបាំងផ្សេងៗ ដែលនាំឱ្យបាត់បង់សោភណ្ឌភាពក្រុង។
 
សម្រាប់លំនៅឋានអាជីវកម្មគ្រប់ប្រភេទ រាល់មុខទំនិញទាំងអស់ត្រូវលក់នៅត្រឹមមុខផ្ទះ និងមិនអនុញ្ញាតឱ្យតាំងលយចេញមកខាងក្រៅឡើយ។ រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមថា ពលរដ្ឋ ដែលរស់នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្សក្រុងបាត់ដំបង ដែលមានការពាក់ព័ន្ធទាំងអស់។
 
ក្រុងបាត់ដំបង ជាទីពេញនិយមមួយសម្រាប់ទេសចរជាតិ និងអន្តរជាតិ រួមទាំងសិស្សានុសិស្ស ទៅលេងកម្សាន្ត និងសិក្សាស្រាវជ្រាវ។ ដូច្នេះហើយ ក៏បាទើបរដ្ឋបាលខេត្ត នប្រកាសរុះរើស្លាកយីហោ ផ្ទាំងប៉ាណូពាណិជ្ជកម្ម និងសំយាប កាលពីខែកក្កដា ដើម្បីរៀបចំក្រុងបាត់ដំបង ដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តនៅអង្គការយូណេស្កូ៕
 

Tag:
 រដ្ឋបាលខេត្តបាត់ដំបង
  ក្រុងបាត់ដំបង
  ស្លាកយីហោ
  ចំណីផ្លូវ
  លោក ផេង សិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com