កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ ឈ្នះ Real Sociedad តែ Man Utd ត្រូវលេង play-off ជាមួយក្រុមធ្លាក់ពី UCL
04, Nov 2022 , 10:09 am        
រូបភាព
Manchester United ស្ថិតក្នុងចំណោមក្រុមទាំង៨ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២តាមពូល UEFA Europa League ដែលត្រូវបន្តទៅលេងវគ្គជម្រុះ play-off ជាមួយក្រុមលេខ៣តាមពូលដែលធ្លាក់ពី Champions League។



បើទោះឈ្នះ Real Sociedad ក្នុងការប្រកួតចុងក្រោយពូល E ក្នុងលទ្ធផល ១-០ នៅថ្ងៃទី៣ ខែវិច្ឆិកា ប៉ុន្តែ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ បើទោះមាន១៥ពិន្ទុស្មើជាមួយក្រុមកំពូលតារាង។ Real Sociedad នៅរក្សាចំណត់ថ្នាក់កំពូលតារាងដដែល ដ្បិតមានប្រៀបលើ Man Utd ដោយសារសំណល់គ្រាប់បាល់ល្អជាង។
 
បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងពូល មានន័យថាក្រុមបិសាចក្រហមត្រូវបន្តប៉ះក្រុមដែលធ្លាក់ពីក្របខណ្ឌកំពូលអឺរ៉ុបដែលបានចំណាត់ថ្នាក់ទី៣តាមពូល នៅវគ្គ play-off។ 
AS Roma ដណ្តើមបានកៅអីលេខ២ក្នុងពូល C ក្រោយវាយបកយកឈ្នះ Ludogorets Razgrad ៣-១ នាជំនួបចុងក្រោយ។ Roma រកបាន១០ពិន្ទុ ពីការប្រកួត៦លើក​ តាមពីក្រោយក្រុមកំពូលតារាង Real Betis ៦ពិន្ទុ និងនាំមុខក្រុមលេខ៣ Ludogorets Razgrad ចំនួន៣ពិន្ទុ។ 
 
Europa League មានលក្ខខណ្ឌដូច Champions League ដែរដោយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣តាមពូលនៅ Europa League សល់កៅអីលេងនៅពានរង្វាន់ Conference League លីគកម្រិតទី៣អឺរ៉ុប ខណៈ៤ហាលអាវ។
 
៨ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១តាមពូលដែលរួមមាន Arsenal Fenerbahce, Real Betis, Union Saint-Gilloise, Real Sociedad, Feyenoord, SC Freiburg និង Ferencvaros ត្រូវរង់ចាំនៅវគ្គ១/៨ផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
 
ដោយឡែកក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងពូលចំនួន៨ក្រុមដូចជា PSV Eindhoven, Stade Rennes, AS Roma, Union Berlin, Manchester United, Midtjylland, Nantes និង​ AS Monaco ត្រូវបន្តលេងជម្រុះ play-off ជាមួយក្រុមធ្លាក់ពី Champions League ចំនួន៨ក្រុមទៀតរួមមាន Ajax, Bayern Leverkusen, Barcelona, Sporting, RB Salzburg, Shakhtar Donetsk, Sevilla និង Juventus ដើម្បីយក៨ក្រុមបន្តទៅវគ្គ១៦ក្រុមចុងក្រោយ។
 
១៦ក្រុមខាងលើនឹងត្រូវចាប់ឆ្នោតប៉ះគ្នា ដោយការប្រកួតវគ្គ play-off នេះ នឹងប្រកួតប្តូរទឹកដីគ្នាពីរជើង៕
 
 
 
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com