អន្តរជាតិ
អាស៊ាន
លោក ប្រាយុទ្ធ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើដំណើរមកកាន់កម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្រសួងការបរទេសថៃនៅថ្ងៃទី៤ ខែវិច្ឆិកា។
នាយកផ្នែកព័ត៌មាននៃក្រសួងការបរទេសថៃលោក Tanee Sangrat បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើដំណើរមកកាន់ទីក្រុង ភ្នំពេញដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចូលរួមដោយមេដឹកនាំសមាជិកអាស៊ានដទៃទៀត។ ក្រៅពីនេះ មេដឹកនាំថៃក៏នឹងចូលរួមកិច្ចប្រជុំអាស៊ានផ្សេងៗទៀតជាមួយដៃគូ សន្ទនាអាស៊ានរួមមានចិន, កូរ៉េខាងត្បូង, ជប៉ុន, អាម៉េរិក, ឥណ្ឌា, អូស្ត្រាលី និង កាណាដាផងដែរ។
កិច្ចប្រជុំកំពូលនេះ នឹងបន្តដោយកិច្ចប្រជុំកំពូលអាស៊ានបូកបី និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក Tanee មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះ បានរៀបចំឱ្យមេដឹកនាំកិច្ចប្រជុំកំពូលជួបជាមួយតំណាងរាស្រ្តមកពីរដ្ឋផ្សេងៗ ក៏ដូចជាតំណាងយុវជន និងសមាជិក នៃវិស័យឯកជនទៀតផង។
បញ្ហាដែលថៃនឹងលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលគឺកិច្ចខិតខំរបស់ប្លុកដើម្បីជម្នះបញ្ហាប្រឈមជាសាកល, ការកសាងសន្តិសុខសុខភាពសាធារណៈ, ការពង្រឹងកម្លាំងសេដ្ឋ កិច្ចតាមរយៈភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់, ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្លុកនិងប្រទេសជាដៃគូ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឌីជីថល និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការចាប់ផ្តើមអាជីវកម្មខ្នាតតូច និងមធ្យម។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលថៃ នឹងនិយាយពីការបង្កើតសន្តិសុខក្នុងវិស័យស្បៀងអាហារ និងថាមពល ក៏ដូចជាការជំរុញសន្តិភាព និងស្ថិរភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com