អន្តរជាតិ
មន្ត្រី​នានា​បារម្ភ​ថា ព័ត៌មាន​ប្រឌិត​អាច​បង្ក​ឱ្យ​មាន​​ហិង្សា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​​អាមេរិក
04, Nov 2022 , 7:29 pm        
រូបភាព
អ្នកស្រី Jen Easterly ប្រធានទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) ថ្លែងនៅរដ្ឋ Iowa
អ្នកស្រី Jen Easterly ប្រធានទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) ថ្លែងនៅរដ្ឋ Iowa
ដោយ: VOA
​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិកជិត​​ចូល​មក​ដល់ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ព័ត៌មាន​មិន​ពិត​និង​ព័ត៌មាន​ប្រឌិត ឬ​ប្រតិបត្តិការ​ជះ​ឥទ្ធិពល​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក អាច​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

 
អ្នកស្រី Jen Easterly ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក (CISA) បាន​បញ្ជាក់​ប្រាប់​វេទិកា​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​ថា៖ «វា​គឺ​ជា​ក្ដី​បារម្ភ​ដ៏​ខ្លាំង​មួយ»។
 
អ្នកស្រី​លើកឡើង​ដូច្នេះ​ថា៖ «បច្ចាមិត្ត​បរទេស​អាច​ប្រើ​ព័ត៌មាន​ប្រឌិត​និង​ព័ត៌មាន​មិន​ពិត​ដើម្បី​សាបព្រោះ​ជម្លោះ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង ដើម្បី​បំផ្លាញ​ដល់​ទំនុកចិត្ត​លើ​សុចរិតភាព​នៃ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក និង​ដើម្បី​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត»។
 
ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក​ក៏​មាន​ក្ដី​បារម្ភ​ដូច​ទៅ​នឹង​ក្ដី​បារម្ភ​របស់​ទីភ្នាក់ងារ CISA នេះ​ដែរ ដោយ​បាន​បញ្ជាក់​ថា តាំងពី​ខែ​មិថុនា​មក ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នេះ​អាច​ជា​ចំណុច​ទាក់ទាញ​ឱ្យ​មាន​ទំនោរ​ទៅ​រក​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​បាន។
 
ជាង​នេះ​ទៀត មន្ត្រី​អនុវត្ត​ច្បាប់​ជាន់​ខ្ពស់​នានា​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ចំនួន​នៃ​ការ​គំរាម​កំហែង​លើ​បុគ្គលិក​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយ​តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​មក មាន​ការ​គំរាមកំហែង​ដូច​នេះ​ចំនួន​ជាង ១.០០០ ករណី​ត្រូវ​បាន​គេ​រាយការណ៍។
 
រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​លោក Alejandro Mayorkas បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​រដ្ឋ Virginia កាលពី​សប្ដាហ៍​មុន​ថា៖ «វា​គឺ​ជា​ស្ថានភាព​គួរ​ឱ្យ​បារម្ភ​សោកសៅ​បំផុត​នៅ​ពេល​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន។ យើង​ឃើញ​មាន​ការ​រាយការណ៍​ដែល​ថា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​បារម្ភ​ដូច​នេះ»។
 
កន្លង​មក មន្ត្រី​ថ្នាក់​រដ្ឋ​និង​ថ្នាក់​មូលដ្ឋាន​នានា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពួកគេ​ឃើញ​មាន​ការ​អំពាវនាវ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ឱ្យ​មាន​អំពើ​ហិង្សា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​គំរាម​កំហែង​លើ​មន្ត្រី​បោះឆ្នោត និង​ខ្លះ​ទៀត​អំពាវនាវ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com