សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះ ៣ខែជាប់ៗគ្នា ស្របពេលអតិផរណាកើនឡើង និងការដាក់សម្ពាធទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់។ ចាប់ពីខែកក្កដាដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងចន្លោះពី ៤ ទៅ ៥ភាគរយ។
កាលពីថ្ងៃទី២ វិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់ទិន្នន័យចុងក្រោយរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីថា នៅក្នុងខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានថយចុះ ៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះក៏បានបង្ហាញពីការធ្លាក់ចុះ ៤ភាគរយនៅក្នុងខែសីហា និង ៤,៣ភាគរយនៅក្នុងខែកក្កដាផងដែរ។
បើតាមទិន្នន័យខាងលើ ទំហំសេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះ ៤,៤ភាគរយនៅក្នុងត្រីមាសទី៣ បន្ទាប់ពីបានធ្លាក់ចុះ ៤,១ភាគរយនៅក្នុងត្រីមាសទី២។ ដោយឡែកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ GDP របស់ប្រទេសមួយនេះ បានកើនឡើងវិញបន្តិចក្នុងអត្រា ៣,៥ភាគរយបើធៀបនឹងឆ្នាំមុន។
រុស្ស៊ីនៅតែស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មរបស់អាម៉េរិក និងអឺរ៉ុបដែលដាក់លើបុគ្គល វិស័យនានា និងអាជីវកម្មសំខាន់ៗជាច្រើន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែជម្លោះនៅអ៊ុយក្រែន។ ទន្ទឹមនេះរុស្ស៊ី ក៏ត្រូវបានដាក់ទណ្ឌកម្មពីមុនផងដែរ សម្រាប់ការបញ្ចូលតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤ និងការចោទថាជ្រៀតជ្រែកក្នុងការបោះឆ្នោតអាម៉េរិក។
ប្រជាជនរុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធអតិផរណាខ្ពស់ផងដែរ។ កាលពីខែមុន អតិផរណានៅក្នុងប្រទេសរុស្ស៊ីស្ថិតក្នុងអត្រា ១២,៩ភាគរយ ក្រោយពីងើបចេញនៃការធ្លាក់ចុះ ១៤,៣ភាគរយនៅក្នុងខែសីហា ខណៈធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់តម្លៃ។
រុស្ស៊ីតែងតែអះអាងថា សេដ្ឋកិច្ចរបស់ខ្លួនរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទណ្ឌកម្ម។ ក្នុងនាមជាអ្នកនាំចេញប្រេង និងឧស្ម័នដ៏សំខាន់មួយ រុស្ស៊ី បានរកឃើញវិធីមួយ ដើម្បីរក្សាប្រាក់ចំណូលថាមពលរបស់ខ្លួន ដោយផ្លាស់ប្តូរការលក់ផលិតផលទៅកាន់ដៃគូនៅអាស៊ី ជាពិសេសឥណ្ឌា និងចិន។
ទោះជាយ៉ាងណាក៏ដោយ អង្គការលោកខាងលិចដូចជា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ,មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានព្យាករថា នឹងមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីនៅឆ្នាំនេះ។
ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី កាលពីថ្ងៃទី២វិច្ឆិកា ក៏បានព្យាករផងដែរថា GDP របស់រុស្ស៊ីនៅក្នុងឆ្នាំនេះ នឹងធ្លាក់ចុះ ២,៩ភាគរយ ហើយរំពឹងថាធ្លាក់ចុះប្រមាណ ០,៨ភាគរយនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនឹងត្រលប់មកវិញក្នុងរយៈពេល ២ឆ្នាំខាងមុខ ជាមួយនឹងអត្រាកំណើនដូចគ្នា ២,៦ភាគរយ៕