កីឡាអន្តរជាតិ
អន្តរជាតិ
Pique ប្រកាសចូលនិវត្តន៍ ក្រោយការប្រកួតចុងក្រោយឱ្យ Barcelona សប្តាហ៍នេះ
04, Nov 2022 , 4:37 pm        
រូបភាព
Gerard Pique ខ្សែការពារក្រុម Barcelona ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៥ឆ្នាំ។ ខ្សែការពារអេស្ប៉ាញរូបនេះ នឹងព្យួរស្បែកជើងតែម្តង បន្ទាប់ពីការប្រកួតចុងក្រោយនៅទឹកដី Nou Camp ក្នុងជំនួប Barca ទល់ Almeria ក្នុងក្របខណ្ឌ La Liga នៅថ្ងៃទី៦ ខែវិច្ឆិកា ចុងសប្តាហ៍នេះ។



Pique ដែលបានផ្លាស់ទៅចូលរួមជាមួយ Barcelona នៅឆ្នាំ២០០៨ ក្រោយរួមរស់ជាមួយ Manchester United ៤រដូវកាល បានប្រកាសពីការបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួននៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គម។
 
នៅក្នុងវីដេអូនោះខ្សែការពារសញ្ជាតិអេស្ប៉ាញ រៀបរាប់ថា៖«ខ្ញុំធ្លាប់បាននិយាយហើយថា នឹងមិនទៅចូលរួមជាមួយក្រុមណាផ្សេងទៀតឡើយ បន្ទាប់ពី Barca»។
រយៈពេល ១៤ឆ្នាំ Pique បង្ហាញខ្លួនឱ្យ Barcelona លើសពី ៦០០ ប្រកួត និងឈ្នះពានរង្វាន់ចំនួន៣០ ក្នុងនោះមាន La Liga ៥លើក Champions League ៣លើក Copa del Rey ៥សម័យ និងពានផ្សេងៗទៀត។
 
សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ Pique បង្ហាញខ្លួនបាន១០២ប្រកួត ដោយជួយក្រុមឈ្នះ World Cup ឆ្នាំ២០១០ និងជើងឯកអឺរ៉ុប European ឆ្នាំ២០១២។
«កីឡាបាល់ទាត់​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង។ Barca បាន​ផ្តល់​ឱ្យ​ខ្ញុំ​​គ្រប់​យ៉ាងដូចគ្នា ហើយជាពិសេសអ្នក​​គាំទ្រ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​​គ្រប់​យ៉ាងផងដែរ»។ នេះជាការបន្ថែមរបស់ Pique ក្រោយប្រកបអាជីពកីឡាដ៏មានប្រជាប្រិយមួយនេះអស់រយៈពេល១៨ឆ្នាំ៕
 

Tag:
 Gerard Pique
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com