ជាតិ
ជប៉ុនប្រកាសផ្តល់ «គ្រឿងឥស្សរិយយសសម្រាប់សរទរដូវ» ជូនលោក ពិត ចំណាន
04, Nov 2022 , 5:01 pm        
រូបភាព
លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសមជាមួយលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា
លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសមជាមួយលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា
ដោយ: រួបរួម
លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាន «គ្រឿងឥស្សរិយយសសម្រាប់សរទរដូវ ឆ្នាំ២០២២» ពីរដ្ឋាភិបាលជប៉ុន ចំពោះការរួមចំណែក និងសមិទ្ធផលនានារបស់លោកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

 
យោងតាមស្ថានទូតជប៉ុននៅកម្ពុជា លោក ពិត ចំណាន ស្ថិតក្នុងចំណោមបុគ្គលឆ្នើម ដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែកក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យ ផ្សេងៗទៀតនៅក្នុងសង្គម។ ឈ្មោះរបស់លោកត្រូវប្រកាសនៅថ្ងៃទី៣ខែវិច្ឆិកា ដោយទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន។
 
«គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២» (2022 Autumn Conferment of Decoration) ក៏ជាការទទួលស្គាល់ជាពិសេសសម្រាប់អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ  ក្នុងកិច្ចការជំរុញ ការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអប់រំ ជាពិសេសការគាំទ្រលើការអប់រំភាសាជប៉ុន។
 
ស្ថានទូតជប៉ុន បានវាយតម្លៃថា លោក ពិត ចំណាន ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឱ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀតដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសង្គម និងវប្បធម៌កម្ពុជា។
 
ពិធីប្រគល់គ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon នឹងរៀបចំឡើងនៅពេលខាងមុខ។
 
ដោយឡែកនៅថ្ងៃទី៤ ខែវិច្ឆិកា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជួបសម្តែងការគួរសមជាមួយនឹងលោក ពិត ចំណាន ដោយលោកបាននាំយកនូវសារអបអរសាទររបស់លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ក្នុងឱកាសដែលលោកត្រូវទទួលគ្រឿងឥស្សរិយយស្សសម្រាប់សរទររដូវឆ្នាំ២០២២ ផងដែរ៕
 
 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com