កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អង្វរប្រទេសទាំង៣២ដែលទៅ World Cup ផ្តោតតែលើការប្រកួតបានហើយ
04, Nov 2022 , 6:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសរសេរលិខិតអង្វរទៅកាន់ក្រុមដែលនឹងមានវត្តមានក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា ឱ្យពួកគេផ្តោតតែលើការប្រកួតតែមួយមុខបានហើយ។ FIFA បានអំពាងនាវឱ្យបណ្តាក្រុមទាំង៣២ ត្រូវបានអូសទាញកីឡាចូលទៅក្នុងសមរភូមិ មនោគមវិជ្ជា ឬ នយោបាយ។ នេះបើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសថ្ងៃទី៣ ខែវិច្ឆិកា។



លិខិតអង្វរ និងការអំពាវនាវដែលផ្ញើមកពីសំណាក់ប្រធាន FIFA លោក Gianni Infantino ព្រមទាំងអគ្គលេខាធិការនៃសហព័ន្ធ អ្នកស្រី Fatma Samoura ធ្វើឡើងក្រោយពីមានការតវ៉ាជាច្រើនពីសំណាក់ក្រុមដែលមានវត្តមានប្រកួត World Cup លើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកាតា។ 
 
ប្រទេសកាតាត្រូវបានគេចោទថាបានរំលោភលើសិទ្ធិអ្នកដែលស្រលាញ់ភេទដូចគ្នា ឬ LGBTQ+ មិនត្រឹមតែប៉ុណ្ណោះលើបញ្ហារំលោភបំពានសិទ្ធិកម្មករចំណាកស្រុកសាងសង់កីឡដ្ឋានថែមទៀត។
 
«ឥឡូវនេះ សូមមេត្តាក្រុមទាំងអស់ផ្តោតសំខាន់លើរឿងប្រកួតបាល់ទាត់ដែលមកដល់ក្នុងពេលខាងមុខ។ យើងដឹងហើយថាកីឡាបាល់ទាត់គឺមិនរស់នៅក្នុងកន្លែងមួយដែលទទេរឡើយ ហើយយើងក៏ដឹងថាមានការប្រកួតប្រជែង និងការលំបាកជាច្រើននៃនយោបាយនៅជុំវិញលើពិភពលោក ប៉ុន្តែសូមមេត្តាកុំបណ្តោយឱ្យកីឡាបាល់ទាត់ត្រូវអូសទាញចូលសមរភូមិនៃមនោគមវិជ្ជា ឬ នយោបាយ ឱ្យសោះ។»។ នេះបើទូរទស្សន៍ Sky news តាមដកស្រងសម្តីលោក Infantino ដែលបានសរសេរផ្ញើទៅកាន់ក្រុមទាំងអស់។
 
ព្រឹត្តិការណ៍ World Cup 2022 ដែលកំពុងខិតមកដល់ត្រឹមតែរយៈពេល ២សប្តាហ៍ទៀត ក៏ជាការប្រកួតលើកដំបូងប្រចាំប្រវត្តិសាស្ត្រ FIFA នៅលើទឹកដីតំបន់មជ្ឈឹមបូពា៍ផងដែរ។ 
ការប្រឆាំងតវ៉ាទៅនឹងការធ្វើជាម្ចាស់ផ្ទះរបស់កាតា​ ក្រុមជម្រើសជាតិអូស្ត្រាលីជាក្រុមចុងក្រោយគេដែលបានប្រកាសប្រឆាំងចំពោះបញ្ហាសិទ្ធិមនុស្ស និងបញ្ហារំលោភបំពានលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ កីឡាករក្រុមជម្រើសជាតិដាណឺម៉ាក នឹងធ្វើដំណើរទៅកាន់ World Cup ដោយមិននាំក្រុមគ្រួសារទៅជាមួយដើម្បីជាការប្រឆាំងប្រទេសដែលមានកំណត់ត្រាសិទ្ធិមនុស្សខ្លាំង​។ នេះបើតាមសហព័ន្ធបាល់ទាត់ដាណឺម៉ាក់ (DBU) ប្រាប់ទៅសារព័ត៌មានកាលពីខែមុន។
 
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អ្នករៀបចំព្រឹត្តិការណ៍ប្រចាំប្រទេសកាតាធ្លាប់បានប្រកាសថា មនុស្សគ្រប់គ្នានឹងទទួលបានសិទ្ធិ និងការស្វាគមន៍ពេញលេញអំឡុងពេលមកទស្សនាការប្រកួត ដោយមិនគិតអំពីប្រវត្តិនៃបុគ្គលយ៉ាងណាឡើយ។ តែអ្នករៀបចំបានព្រមានចំពោះកត្តាមួយចំនួនដូចជាការបង្ហាញក្តីស្រលាញ់នៅតាមទីសាធារណៈ។
 
ចំពោះបញ្ហាការងារនៅក្នុងប្រទេស​ កាតាបានទទួលស្គាល់នូវភាពចន្លោះប្រហោងនៃប្រព័ន្ធការងារខ្លួន ប៉ុន្តែប្រទេសនេះបានលើកឡើងថា ការប្រកួតបាល់ទាត់ពិភពលោកបានធ្វើឱ្យមានការរីកចំរើនកាន់តែខ្លាំងលើការការពារសិទ្ធិមនុស្សក្នុងប្រទេសកាតា៕
 
 
 

Tag:
 FIFA
  World Cup
  Qatar
© រក្សាសិទ្ធិដោយ thmeythmey.com