ជាតិ
អន្តរជាតិ
អាស៊ាន
អ្នកកាសែតអាម៉េរិក ជាង១០០នាក់ មកយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញ
04, Nov 2022 , 7:50 pm        
រូបភាព
លោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន កំពុងថ្លែងក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានដែលផ្តោតលើការត្រៀមយកព័ត៌មានស្តីពី«កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលពាក់ព័ន្ធ» នៅភោជនីយដ្ឋានទន្លេបាសាក់២ នារសៀលថ្ងៃទី៤វិច្ឆិកា។​ រូបថត៖ CCJ
លោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន កំពុងថ្លែងក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានដែលផ្តោតលើការត្រៀមយកព័ត៌មានស្តីពី«កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលពាក់ព័ន្ធ» នៅភោជនីយដ្ឋានទន្លេបាសាក់២ នារសៀលថ្ងៃទី៤វិច្ឆិកា។​ រូបថត៖ CCJ
អ្នកកាសែតជាតិ និងអន្តរជាតិ រហូតដល់ ១ ៧០០នាក់ ត្រូវបានក្រសួងព័ត៌មាន អនុញ្ញាតឱ្យចូលយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានលើទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ក្នុងនោះ ក៏មានអ្នកកាសែតមកពីសហរដ្ឋអាម៉េរិក ជាង១០០នាក់ ផងដែរ។



ក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យកាសែតជាតិ និងអន្តរជាតិ ចំនួន ១ ៦៤៨នាក់ ចូលយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានលើទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលធ្វើឡើងពីថ្ងៃទី៨ដល់១៣វិច្ឆិកា។  នេះជាលើកឡើងរបស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដោយបញ្ជាក់ថា ក្នុងនោះមានអ្នកសែតអន្តរជាតិ ជាង៩០០នាក់។

ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានដែលផ្តោតលើការត្រៀមយកព័ត៌មានស្តីពី«កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលពាក់ព័ន្ធ» នៅភោជនីយដ្ឋានទន្លេបាសាក់២ នារសៀលថ្ងៃទី៤វិច្ឆិកា លោក ផុស សុវណ្ណ បន្តរៀបរាប់ថា អ្នកសារព័ត៌មានកម្ពុជាចម្រុះស្ថាប័ន គឺមានជាង៧០០នាក់ ដែលមានស្រ្តី១២០នាក់, អ្នកសារព័ត៌មានមកជប៉ុនមាន១៧៤នាក់(ស្រ្តី៣២នាក់), អ្នកសារព័ត៌មានមកពីប្រទេសកូរ៉េខាងត្បូងមាន១៤៨នាក់ (ស្រ្តី៣៧នាក់) និងអ្នកសារព័ត៌មានមកពីសហរដ្ឋអាម៉េរិក ចំនួន១០៣នាក់ ដោយក្នុងនោះ មានស្រ្តី៣៨នាក់។

(រាប់ពីឆ្វេង) កញ្ញា យ៉ាន លីណា អ្នកសម្របសម្រួលកម្មវិធី, លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន នៃក្រសួងព័ត៌មាន និងលោក ពុយ គា អ្នកយកព័ត៌មានជំនាញអាស៊ាន និងជាប្រធានឆ្លើយឆ្លងព័ត៌មាននៃ Kyodo។ រូបថត៖ CCJ

លោកបានបញ្ជាក់ថា អ្នកកាសែតដែលទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន គឺអាចទៅកាតសម្គាល់ខ្លួនសម្រាប់កិច្ចប្រជុំកំពូលនេះបាន ចាប់ពីថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ ដោយមានអ្នកដឹកនាំមកពីសហរដ្ឋអាម៉េរិក រុស្សី អ៊ុយក្រែន  ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន អូស្រា្តលី និងនូវែលសេឡង់ ចូលរួមនៅថ្ងៃខាងមុននេះ នឹងផ្តោតសំខាន់លើប្រធានបទក្តៅក្នុងតំបន់និងពិភពលោកមួយចំនួន។ ក្នុងនោះ បញ្ហានយោបាយនៅប្រទេសមីយ៉ាន់ម៉ា, បញ្ហាសមុទ្រចិនខាងត្បូង, ការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ និងបញ្ហាសង្រា្គមរវាងប្រទេសរុស្សី និងអ៊ុយក្រែន...។

សម្រាប់លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក និងជំនួបពាក់ព័ន្ធ នៅថ្ងៃទី១២ដល់១៣វិច្ឆិកា ខណៈកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី និងជំនួបពាក់ព័ន្ធ នឹងមានវត្តមានលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ(Sergei Lavrov) រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីចូលរួម៕
 
ក្រុមអ្នកសារព័ត៌មានជាតិថតរូបជាមួយវាគ្មិន។ រូបថត៖ CCJ
 

© រក្សាសិទ្ធិដោយ thmeythmey.com