សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង់គ្លេសដាក់ទណ្ឌកម្មលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី
05, Nov 2022 , 8:29 pm        
រូបភាព
លោក Jeremy Hunt រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ។ រូបពី pulsetoday ។
លោក Jeremy Hunt រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ។ រូបពី pulsetoday ។
ចាប់ពីខែធ្នូ ប្រេងរុស្ស៊ីនឹងមិនអាចប្រើប្រាស់សេវាធានារ៉ាប់រង ឈ្មួញកណ្តាល និងដឹកជញ្ជូនរបស់អង់គ្លេសបានទេ ប្រសិនបើប្រេងត្រូវបានលក់លើសពីតម្លៃអតិបរមា។

 
កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួននឹងហាមឃាត់បណ្តាប្រទេសនានាពីការប្រើប្រាស់សេវាកម្មរបស់អង់គ្លេស ក្នុងការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែប្រេងត្រូវបានទិញដោយតម្លៃស្មើ ឬទាបជាងអតិបរមានដែលកំណត់ដោយបណ្តាប្រទេសឧស្សាហកម្មទាំង៧ (G7) និងអូស្ត្រាលី។ ការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ ខែធ្នូ  ស្របពេលដែលការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ីចូលជាធរមាន។
 
ការហាមឃាត់នេះអនុវត្តចំពោះសេវាកម្មដូចជា ការធានារ៉ាប់រង ឈ្មួញកណ្តាល និងការដឹកជញ្ជូន។ ការធានារ៉ាប់រងគឺជាសេវាកម្មដ៏សំខាន់មួយដើម្បីគាំទ្រដល់សកម្មភាពជួញដូរប្រេងតាមសមុទ្រ។ ជាពិសេស កប៉ាល់ដឹកទំនិញត្រូវការកិច្ចសន្យាធានារ៉ាប់រងការពារ និងសំណង (P&I) ដើម្បីការពារប្រឆាំងនឹងការទាមទារសម្រាប់ការរងរបួស ឬការខូចខាតបរិស្ថាន។ អង់គ្លេសគឺជាអ្នកផ្តល់សេវាធានារ៉ាប់រងឈានមុខគេដែលមានអត្រា ៦០ភាគរយនៃចំណែកទីផ្សារពិភពលោក។
 
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តកាលពីខែកញ្ញាដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 ក្នុងការដាក់កម្រិតតម្លៃប្រេងដើម្បីទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់រុស្ស៊ីសម្រាប់ផ្តល់ទាហានរបស់ខ្លួននៅអ៊ុយក្រែន ប៉ុន្តែនៅតែធានាឱ្យប្រទេសទីបីអាចទិញប្រេងបាន។
 
ការកម្រិតពិដាន​តម្លៃ​ប្រេងឆៅ​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ។ ចំពោះ​ផលិតផល​ប្រេង តម្លៃ​ពិដាន​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈនៅឆ្នាំ២០២៣។ 
រដ្ឋាភិបាល​អង់គ្លេស​បានអះអាង​ថា​ ខ្លួន​នឹង​មិន​បំពាន​លើ​ពិដាន​តម្លៃ​ទេ ព្រោះ​ខ្លួន​បាន​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Jeremy Hunt បាននិយាយថា ៖« យើងបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់អង់គ្លេស ហើយកំពុងធ្វើការងារដ៏ល្អក្នុងការកម្ចាត់ផលិតផលនេះទាំងស្រុង»។
 
ចាប់ពីថ្ងៃទី៥ កុម្ភៈឆ្នាំ ២០២៣ បណ្តាទណ្ឌកម្មលើផលិតផលប្រេងនឹងត្រូវបានអង់គ្លេសលើកឡើងយកមកពិនិត្យដោយម៉ត់ចត់។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ក្រសួងហិរញ្ញវត្ថុនឹងបង្កើតនាយកដ្ឋានថ្មីមួយ ដែលក្រុមនេះនឹងទទួលខុសត្រូវលើការពង្រឹងពិដានតម្លៃ និងតាមដានសកម្មភាពពាក់ព័ន្ធ។
 
គួរបញ្ជាក់ថា កាលពីដើមខែកញ្ញា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 បានប្រកាសថា ពួកគេនឹងធ្វើការជាបន្ទាន់ដើម្បីបញ្ចប់ និងអនុវត្តវិធានការកំណត់ពិដានតម្លៃប្រេងរបស់រុស្ស៊ី៕
 

Tag:
 អង់គ្លេស ប្រេង រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com