ជាតិ
អាស៊ាន
មេដឹកនាំណាខ្លះមកចូលរួមប្រជុំអាស៊ាននៅកម្ពុជា?
05, Nov 2022 , 9:29 pm        
រូបភាព
ផ្ទាំងប៉ាណូស្វាគមន៍មេដឹកនាំនានាចូលរួមប្រជុំអាស៊ាន។ រូបថត AKP
ផ្ទាំងប៉ាណូស្វាគមន៍មេដឹកនាំនានាចូលរួមប្រជុំអាស៊ាន។ រូបថត AKP
នៅសល់មិនដល់មួយសប្ដាហ៍ទៀតឡើយ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ។ បណ្ដាមេដឹកនាំប្រទេសប្រមាណ៣៤ ដែលជាសមាជិកអាស៊ាន ប្រទេសដៃគូអាស៊ាន និងប្រធានស្ថាប័នអន្តរជាតិមួយចំនួន នឹងមានវត្តមានដោយផ្ទាល់នៅកម្ពុជា។ មេដឹកនាំមួយចំនួន នឹងអវត្តមានផងដែរ ដោយសារហេតុផលផ្សេងៗ។

 
កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ប៉ុន្តែកិច្ចប្រជុំមួយចំនួននឹងចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែវិច្ឆិកា។ នេះជាលើកទី៣ ដែលជាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។
 
ជំនួបកំពូលឆ្នាំ២០២២ មានកិច្ចប្រជុំមានប៉ុន្មាន?
 
ជាម្ចាស់ផ្ទះកិច្ចប្រជុំ កម្ពុជា ត្រូវរៀបចំកិច្ចប្រជុំជាច្រើន ទាំងក្នុងផ្ទៃក្នុងអាស៊ាន និងជាមួយដៃគូរបស់ខ្លួន។ ព្រឹតិ្តការណ៍ប្រជុំថ្នាក់កំពូលមានដូចជា កិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥, កិច្ចប្រជុំកំពូលរំឭកខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២, កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។
 
លើសពីនោះ កម្ពុជាក៏រៀបចំកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្ដីពីការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងចូលរួមដោយប្រធានស្ថាប័នអន្តរជាតិ និងមេដឹកនាំដៃគូអាស៊ាន។
 
មុនបើកកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំសំខាន់ពីរទៀតដើម្បីត្រៀមដែរមានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខលើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១។ ជាមួយគ្នានោះ អេស្ប៉ាញ និងអ៊ុយក្រែន នឹងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែរ។
 
មេដឹកនាំណាខ្លះចូលរួម? ហើយអ្នកណាខ្លះអវត្តមាន?
 
ជាធម្មតា កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ តែងចូលរួមដោយមេដឹកនាំកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល។ សម្រាប់ឆ្នាំ២០២២ មេដឹកនាំអាស៊ាន ទាំងអស់នឹងមានវត្តមាននៅភ្នំពេញដូចជាសម្ដេច ហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ, ស៊ុលតង់ព្រុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ ផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន ហ្វែដីណាន់ ម៉ាកូស ជូនៀ, នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ។
 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នឹងមិនចូលរួមឡើយ ដោយជាប់រវល់ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឯតំណាងម៉ាឡេស៊ីក៏មិនទាន់បញ្ជាក់ដែរ។ មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក៏មិនត្រូវបានអញ្ជើញដែរ ដោយអាស៊ានអញ្ជើញតំណាងមិនមែននយោបាយវិញ។ 
 
សម្រាប់ដៃគូអាស៊ានវិញ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង នឹងមានវត្តមានដោយផ្ទាល់។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស​ ក៏អញ្ជើញចូលរួមដែរ។
 
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ, ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល, នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់តូនី អាល់បានីស, នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន ក៏នឹងមានវត្តមានដូចគ្នា។ លោកស្រី អាឌើន ត្រូវចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ា។  
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ក៏នឹងអវត្តមាន ដោយសារការបោះឆ្នោតក្នុងប្រទេស ហើយអនុប្រធានាធិបតី Jagdeep Dhankhar នឹងមកជំនួសវិញ។ ចំណែកប្រធានាធិបតីរុស្ស៊ី ក៏មិនមកប្រជុំដែរ ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសមកចូលប្រជុំអាស៊ីបូព៌ា។ ឆ្នាំនេះមិនមានកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឡើយ។
 
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ប្រាប់អ្នកសារព័ត៌មាននាជំនួបថ្ងៃទី៤ ខែវិច្ឆិកាថា វាជារឿងធម្មតាដែលមេដឹកនាំខ្លះអវត្តមានដោយសារហេតុផលផ្សេងៗ។ ប៉ុន្តែអ្វីដែលជារឿងត្រូវសាទរនោះ គឺកម្ពុជាអាចកៀរគរមេដឹកនាំធំៗឱ្យចូលរួមប្រជុំដោយផ្ទាល់បាន៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com