កីឡាអន្តរជាតិ
អន្តរជាតិ
Mane ជានិមិត្តរូបរបស់ជនជាតិអាហ្រ្វិករាប់លាននាក់!
06, Nov 2022 , 9:59 am        
រូបភាព
ខ្សែប្រយុទ្ធ ​Sadio Mane បានក្លាយជាតំណាងនៃក្តីសុបិនរបស់យុវជនអាហ្រ្វិករាប់លាននាក់។ ​Mane កើតចេញពីភូមិតូចមួយនៃប្រទេសសេណេហ្គាល់ ហើយបានប្រែក្លាយខ្លួនទៅជាតារាបាល់ទាត់កម្រិតខ្ពស់បំផុតនៅតំបន់អឺរ៉ុប និងក្លាយជាតំណាងនិមិត្តរូបសម្រាប់ប្រទេសតំបន់អាហ្វ្រិក និងអន្តរជាតិផង។

 
អំឡុងពេលនៅវ័យកុមារ Mane បានប្រឆាំងតវ៉ាជាមួយក្រុមគ្រួសារដែលមិនព្រមអនុញ្ញាតឱ្យគេទៅលេងបាល់ទាត់តាមក្តីស្រមៃ។ ខ្សែប្រយុទ្ធក្រុម ​Bayern Munich ពេលបច្ចុប្បន្នរូបនេះ ធ្លាប់បានលួចចេញពីភូមិកំណើត Bambali ដើម្បីបានទៅចូលរួមជាមួយក្រុមយុវជននៅសាលាបាល់ទាត់មួយក្នុងរដ្ឋធានី Dakar ដើម្បីចាប់យកក្តីស្រមៃរបស់គេដោយអាចលេងបាល់នៅតាមក្លិបបាល់ទាត់ល្បីៗក្នុងប្រទេស។
 
មកដល់ពេលនេះ Mane ក្លាយជានិមិត្តរូបមួយរបស់ប្រជាជនសេណេហ្គាល់ ដោយរូបគេបានជួយប្រទេសគេឈានជើងឡើងប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ បន្ទាប់មកជួយឱ្យសេណេហ្គាល់ឈ្នះ ​Africa Cup of Nations លើកដំបូងនៅឆ្នាំ ២០២១។ ចំណែកសម្រាប់អាជីពដ៏ភ្លឺស្វាងនៅតាមក្លិបធំៗតំបន់អឺរ៉ុប Mane បានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup ជាមួយ Liverpool ហើយពេលនេះរូបគេជួយនាំសេណេហ្គាល់ទៅកាន់ World Cup ជាថ្មីនៅក្នុងប្រទេសកាតាថែមទៀត។
 
​កីឡាករវ័យ ៣០ឆ្នាំ រូបនេះក៏ធ្លាប់បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំរបស់អាហ្រ្វិក នាឆ្នាំ ២០២២ នេះ ហើយអតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool រូបនេះនឹងត្រូវដើរតួរដ៏សំខាន់ម្តងទៀតក្នុងការជួយសេណេហ្គាល់ប្រកួតតទល់ជាមួយ អេក្វាទ័រ ហូឡង់ និងកាតា ក្នុងព្រឹត្តិការណ៍ World Cup នាជំនួបពូល A ក្នុងពេលខាងមុខ។
 
មិនត្រឹមតែជាកីឡាករបាល់ទាត់ប៉ុណ្ណោះទេ Mane ក៏ជាបុគ្គលគំរូមួយរូបដែលប្រើប្រាស់ទ្រព្យរបស់ខ្លួនសម្រាប់សប្បុរសធម៌។ 
 
ជាមួយទ្រព្យសម្បត្តិដ៏ច្រើនទាំងនោះ Mane បានយកប្រាក់ដែលរកបានទៅធ្វើសប្បុរសធម៍នៅស្រុកកំណើត ហើយខ្សែប្រយុទ្ធរូបនេះក៏បានជួយកសាងមន្ទីរពេទ្យ សាលារៀន និងបរិច្ចាគប្រាក់ប្រចាំខែដល់គ្រួសារដែលរស់នៅក្នុងភូមិកំណើតរបស់គេផ្ទាល់ផង។
 
«ហេតុអ្វីខ្ញុំមិនទិញ រថយន្ត Ferraris នាឡិកាដៃពេជ្រ ២០គ្រឿង ឬ យន្តហោះ ២គ្រឿង នោះ? តើវត្ថុទាំងនេះនឹងជួយធ្វើអ្វីសម្រាប់ខ្ញុំ និងពិភពលោកទៅ? ខ្ញុំមានការស្រែកឃ្លាន ហើយខ្ញុំធ្លាប់បានធ្វើការធ្ងន់នៅក្នុងវាលស្រែ ខ្ញុំអាចឆ្លងកាត់ពេលវេលាលំបាក លេងបាល់ដោយជើងទរទេ ខ្ញុំមិនទទួលបានការរៀនសូត្រខ្ពស់ រឺអ្វីផ្សេងច្រើនថែមទៀត ប៉ុន្តែថ្ងៃនេះជាមួយអ្វីដែលខ្ញុំរកបានគឺអរគុណទៅបាល់ទាត់ ដូច្នេះខ្ញុំអាចជួយទៅកាន់មនុស្សគ្រប់គ្នា។»។ Mane បាននិយាយបែបនេះ។
 
នាំសេណេហ្គាល់ទៅកាន់ World Cup នាប្រទេសកាតា Mane ជាកីឡាករដ៏សំខាន់ដែលបានស៊ុតបាល់ពិន័យ ១១ម៉ែត្រកាត់សេចក្តីជួយក្រុមយកឈ្នះលើក្រុមអេហ្ស៊ីបវគ្គ Play-Off តំបន់អាហ្រ្វិក។ 
 
សម្រាប់ការប្រកួត នៅកាតា ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ នឹងត្រូវទទួលបន្ទុកធ្ងន់មួយនៃការរំពឹងទុករបស់ជនជាតិអាហ្រ្វិកទាំងអស់ ហើយបើទោះបីរដូវកាលថ្មីរូបគេផ្លាស់ពីក្រុម Liverpool ទៅចូលរួមជាមួយ Bayern ក្តី ​តែ Mane មិនដែលមើលទៅរីករាយជាងពេលដែលរូបគេលេងជាមួយមិត្តរួមក្រុមនៃជម្រើសជាតិសេណេហ្គាល់នោះទេ៕
 
 

Tag:
 Sadio Mane
© រក្សាសិទ្ធិដោយ thmeythmey.com