កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte មិនសប្បាយចិត្តចំពោះការស្រែកចំអកពីអ្នកគាំទ្រក្រុមខ្លួន
07, Nov 2022 , 1:59 pm        
រូបភាព
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur
អ្នកចាត់ការក្រុម Tottenham Hotspur លោក Antonio Conte ថ្ងៃទី៦ ខែវិច្ឆិកា និយាយថា លោកខកចិត្តជាមួយអ្នកគាំទ្រក្រុមខ្លួនដែលស្រែកចំអកមកលើក្រុមអំឡុងវគ្គទីមួយ នាការប្រកួតចាញ់ក្រុម Liverpool ក្នុងលទ្ធផល ២-១ ជំនួបក្របខណ្ឌ Premier league សប្តាហ៍ទី១៤។


ការស្រែកចំអកដោយប្រើពាក្យ«Booed»គឺជារឿងមួយ ដែលអ្នកចាត់ការសញ្ជាតិអ៊ីតាលីមិនចង់បាន នាការប្រកួតដែលគម្រប់ការមកដឹកនាំរយៈពេល ១ឆ្នាំនៅក្រុម Spurs របស់លោក។ Spurs ធ្លាក់មកឈរនៅលំដាប់លេខ៤ នៅលើតារាង Premier League។
 
Liverpool បើកការនាំមុខមុនដោយខ្សែប្រយុទ្ធ Mohamed Salah ត្រឹមនាទី១១ ដែលការសហការគ្នាបានយ៉ាងល្អ ជាមួយខ្សែប្រយុទ្ធ Darwin Nunez និងគ្រាប់ទីពីរ នៅនាទី៤០ ដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបដដែល។ ១គ្រាប់របស់ម្ចាស់ផ្ទះ Spurs ស៊ុតតាមបានមកវិញ ដោយខ្សែប្រយុទ្ធ Harry Kane នៅនាទី៧០។ មូលហេតុដែលត្រូវបានអ្នកគាំទ្រស្រែកចំអក គឺដោយសារការបង្ហាញទម្រង់លេងមិនល្អ រហូតត្រូវបានក្រុមដែលដឹកនាំដោយលោក Jurgen Klopp នាំមុខ ២គ្រាប់មុនត្រឹមវគ្គទីមួយនេះហើយ។
 
«ដំបូងខ្ញុំគិតថាយើងគួរតែបង្ហាញការគោរពគ្រប់ពេល ទៅកាន់អ្នកគាំទ្រយើង ពួកគេជាអ្នកគាំទ្រយើងហើយ ពួកគេបានចំណាយលុយសម្រាប់សំបុត្រចូលទស្សនា។ ជាមួយគ្នានេះ ខ្ញុំមិនសប្បាយចិត្ត ព្រោះតែការស្រែកចំអកពីអ្នកគាំទ្រនៅថ្ងៃនេះ បន្ទាប់ពីការពង្រឹងជាច្រើនជាងមួយឆ្នាំមកនេះ។ ប៉ុន្តែយើងកាន់តែឈានដល់កម្រិតការប្រកួតដ៏លំបាក ពិតណាស់។»។ លោក Conte បាននិយាយបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តរបស់លោក ក្នុងសន្និសីទកាសែតបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ អ្នកចាត់ការរូបនេះបានបន្ថែមថា ការប្រកួតជែងពានរង្វាន់ក្នុងរដូវកាលនេះគឺពិបាកខ្លាំង ព្រោះកូនក្រុមរបស់លោក គឺមានកម្រិតសម្រាប់ទម្រង់លេង ហើយកីឡាករសំខាន់ៗ តែងតែរបួសជារឿយៗ ជាមូលហេតុធ្វើឱ្យក្រុមខកខានឱកាស។
 
នេះជាការប្រកួតបរាជ័យលើកទី២ ជាប់គ្នាក្នុងទឹកដី ហើយ Spurs ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៤មាន ២៦ពិន្ទុ ខណៈ Newcastle United ប្រជែងឡើងតំណែងលេខ៣ ជាមួយ ២៧ពិន្ទុ។ Arsenal បន្តឈរកំពូលតារាងក្រោយឈ្នះ Chelsea ១-០ ចំណែក Manchester City បន្តស្ថិតនៅលេខ២ មាន ៣២ពិន្ទុ ក្រោយឈ្នះ Fulhem ២-១៕
 
 
 

Tag:
 Premier league
© រក្សាសិទ្ធិដោយ thmeythmey.com