កីឡាអន្តរជាតិ
អន្តរជាតិ
ចាប់ឆ្នោត៖ Liverpool ប៉ះ Real, PSG ជួប Bayern នៅ UCL រីឯ Man Utd តទល់ Barca ពេលជម្រុះ Europa
08, Nov 2022 , 8:29 am        
រូបភាព
Salah របស់ Liverpool និង Benzema នៃក្រុម Real Madrid។ រូបថតពី Opta Analyst
Salah របស់ Liverpool និង Benzema នៃក្រុម Real Madrid។ រូបថតពី Opta Analyst
ដោយ: រួបរួម
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក៏ដូចជាវគ្គ Play-offs នៃពានរង្វាន់ Europa League និង Europa Conference League បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែវិច្ឆិកា។


UEFA Champions League

នៅវគ្គ១៦ក្រុម Champions League គូដែលចាប់អារម្មណ៍នោះ គឺម្ចាស់ជើងឯក១៤ជំនាន់ Real Madrid ត្រូវប៉ះ Liverpool ដែលពួកគេបានយកឈ្នះ ១-០ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅក្រុងប៉ារីស កាលពីឆ្នាំមុន។ ជើងឯកបារាំង Paris St-Germain ត្រូវតទល់ជាមួយ Bayern Munich។
 
ជាមួយគ្នានេះ ជើងឯក Premier League គឺ Manchester City ត្រូវប្រឈមជាមួយក្រុមអាល្លឺម៉ង់ RB Leipzig ខណៈ Tottenham Hotspurs នឹងប្រកួតជាមួយក្រុមយក្សអ៊ីតាលី AC Milan។
 
Chelsea ជួប Borussia Dortmund មកពីអាល្លឺម៉ង់ ស្របពេល Club Bruges ប៉ះ Benfica, Frankfurt ប្រជែងជាមួយ Napoli ហើយ Inter Milan ត្រូវបានចាប់ឆ្នោតប៉ះក្រុមខ្លាំងព័រទុយហ្គាល់ Porto។

ការប្រកួតជើងទីមួយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ និង២១-២១ ខែកុម្ភៈ ហើយជើងទីពីរនៅថ្ងៃទី៧-៨ និង១៤-១៥ ខែមីនា ឆ្នាំ២០២៣។ 

Play-offs Europa League

ងាកទៅពានរង្វាន់ Europa League ឯណោះវិញ ការឆ្នោតត្រូវបានរៀបចំឡើងសម្រាប់ជំនួបវគ្គ Play-offs ក្នុងដំណើរទៅវគ្គ១៦ក្រុមចុងក្រោយ។ Barcelona ដែលបញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងក្រុមនៃពានរង្វាន់ Champions League ត្រូវប៉ះជាមួយ Manchester United ដែលបានលេខ២ក្នុងពូលនៃពានរង្វាន់ Europa League។

រីឯជំនួបផ្សេងទៀត មាន ម្ចាស់ជើងឯក៦ជំនាន់ Sevilla ត្រូវជួប PSV Eindhoven របស់ហូឡង់។ Juventus តទល់ជាមួយ Nantes, Sporting Lisbon ជួប Midtjylland, Shakhtar Donetsk ប៉ះ Rennes, Ajax ប្រជែងជាមួយ Union Berlin, Bayer Leverkusen តទល់ Monaco រីឯ FC Salzburg ប្រឈមគ្នានឹង Roma។

ក្រុមដែលឈ្នះ ក្រោយលទ្ធផលប្រកួតទាំងពីរជើងនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវឡើងបន្តទៅវគ្គ១៦ក្រុមចុងក្រោយ ដោយមាន៨ក្រុមរង់ចាំរួចជាស្រេច រួមមាន Arsenal, Fenerbahce, Real Betis, Union Saint-Gilloise, Real Sociedad, Feyenoord, SC Freiburg និង Ferencvaros។

Play-offs Europa Conference League

សម្រាប់វគ្គ Play-off Europa Conference League ដែលជាពានលំដាប់ទីបី ក្រុមលេខ២ពីជំនួបក្នុងពូល ត្រូវតទល់ជាមួយក្រុមលេខ៣ក្នុងពូលដែលធ្លាក់ពី Europa League។ Fiorentina ប៉ះ Braga ខណៈ Lazio ត្រូវប្រជែងជាមួយ CFR Cluj។

គូផ្សេងទៀត រួមមាន Trabzonspor ប៉ះ Basel, Bodo/Glimt ជួប Lech Poznan, AEK Larnaca ជួប Dnipro-1, Sheriff Tiraspol ប្រជែងជាមួយ Partizan រីឯ Ludogorets Razdrad ត្រូវតទល់ជាមួយ Anderlecht។

ក្រុមមានប្រៀប ត្រូវបន្តទៅវគ្គ១៦ក្រុមចុងក្រោយ ដែលមាន៨ក្រុមរង់ចាំជាស្រេច រួមមាន West Ham United, Istanbul Basaksehir, Villarreal, Nice, AZ, Djurgardens IF, Sivasspor និង Slovan Bratislava៕

© រក្សាសិទ្ធិដោយ thmeythmey.com