ជាតិ
អាស៊ាន
ជនបរទសទទួលស្គាល់រសជាតិអាហារខ្មែរ តែវិបត្តិកូវីដ-១៩ ធ្វើឱ្យកម្ពុជា ពិបាកប្រជែងក្នុងអាស៊ាន
08, Nov 2022 , 6:59 pm        
រូបភាព
លោក ឡុង ប៊ុនហោ  និងសមាជិក នៃសមាគមចុងភៅកម្ពុជា
លោក ឡុង ប៊ុនហោ និងសមាជិក នៃសមាគមចុងភៅកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ពីខេត្តសៀមរាប លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដែលមានសមាជិកជិត៣០០នាក់ បានប្រាប់សារព័ត៌មានថ្មីៗថា ជនជាតិបរទេសទាំងក្នុង និងក្រៅតំបន់អាស៊ាន បានទទួលស្គាល់នូវគុណភាព រសជាតិ ម្ហូបអាហារខ្មែរ តាមរយៈការទទួលបានពានរង្វាន់ក្នុងកម្រិតអាស៊ានកន្លងមក។ តែយ៉ាងណាវិបត្តិកូវីដ-១៩ បានបន្ទច់បង្អាក់កម្ពុជា ក្នុងការប្រជែងទីផ្សារផ្នែកចំណីអាហារនេះ។

 
ដើម្បីកាន់តែលម្អិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ  ជាមួយ  លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដូចតទៅ៖ 
 


 
កញ្ញា សុង សុធាវី៖ ក្នុងព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន តើសមាគមចុងភៅកម្ពុជាមានបានចូលរួមបង្ហាញមុខម្ហូបខ្មែរទៅកាន់ឆាកអាស៊ានទេលោក?
 
លោក ឡុង ប៊ុនហោ៖ បាទ  យើងមិនបានមានវត្តមាននៅក្នុងកិច្ចប្រជុំតំបន់អាស៊ាននេះទេ។
 
កញ្ញា សុង សុធាវី៖ ប្រសិនបើមានឱកាសចូលរួមពិធីដ៏សំខាន់នេះ តើលោកក្នុងនាមប្រធានសមាគមចុងភៅកម្ពុជានឹងរំលេច ក៏ដូចជាបង្ហាញនូវសក្តានុពលម្ហូបអាហារខ្មែរយើងទៅលើឆាកអាស៊ានដូចម្តេច?
 
លោក ឡុង ប៊ុនហោ៖ យើងនឹងព្យាយាមគាស់កកាយយកម្ហូបខ្មែរបុរាណ ល្អៗយកទៅចូលរួមជាមួយគេ និងធ្វើបទបង្ហាញនូវមុខម្ហូបខ្មែរដូចជា ហហ្មុក ឬ នំអន្សមចៀនជាមួយទឹកគ្រឿង និងសម្លកកូរ ។ល។ 
 
កញ្ញា សុង សុធាវី៖ លោកគឺជាអ្នកជំនាញផ្នែកម្ហូបអាហារខ្មែរ ហើយក៏ធ្លាប់ទទួលបានជ័យលាភីក្នុងកម្រិតអាស៊ានដែរ តើសក្តានុពលម្ហូបអាហារខ្មែរ បើធៀបនឹងអាស៊ានយើងឋិតនៅចំនុចណាបច្ចុប្បន្ន?
 
លោក ឡុង ប៊ុនហោ៖ ប្រសិនបើយើងមានឱកាសនាំក្រុមការងារ ឬ ធ្វើបទបង្ហាញក្នុងកម្មវិធីនោះ យើងនឹងធ្វើការលើកកម្ពស់មុខម្ហូបយើង ឱ្យវាមានគុណតម្លៃដូចប្រទេសគេដទៃផ្សេងៗទៀត ដែលគេមិនសូវស្គាល់ម្ហូបយើង យើងចង់ឱ្យគេដឹង! ជាក់ស្តែងកន្លងមកយើងទៅប្រទេសក្រៅដូចជា កូរ៉េខាងត្បួង ចិន រូស្សី ជប៉ុន ថៃ ហើយយើងបាននាំចូលអាហារខ្មែរដូចជាប្រភេទ នំបញ្ចុក ហហ្មុក សម្លកកូរ ចេកចៀន ។ល។ យកទៅផ្សព្វផ្សាយ។ បងប្អូនបរទេសមួយចំនួនដែលបានភ្លក្សហើយ បានគាំទ្រ និងឱ្យយោបល់ថា ម្ហូបខ្មែរឆ្ងាញ់ ដោយសារម្ហូបយើងភាគច្រើន គ្រឿងផ្សំពីធម្មជាតិដូចជា រមៀត ស្លឹកគ្រៃ ស្លឹកក្រូចសើច និងគ្រឿងដែលជួយដល់សុខភាព។ 
 
កញ្ញា សុង សុធាវី៖ ដោយមើលឃើញពីសក្តានុពលម្ហូបអាហារខ្មែរ តើកត្តាអ្វីខ្លះ ដែលជំរុញឱ្យមានប្រសិទ្ទភាពថែមទៀត?
 
លោក ឡុង ប៊ុនហោ៖ ការជំរុញនេះ សមាគមយើងមួយរយៈហ្នឹងមានការប៉ះពាល់ដោយសារវិបត្តិកូវីដ! យើងមានការថយចុះច្រើន! អ៊ីចឹងយើងត្រូវការកញ្ចប់ថវិកាណាមួយ ដើម្បីរៀបចំឡើងវិញ។ 
 
កញ្ញា សុង សុធាវី៖  ចាសកន្លងមក តើភាគីពាក់ព័ន្ធណាខ្លះដែលបានជួយសម្រួលឱ្យសមាគមចុងភៅកម្ពុជាមានកម្លាំងក្នុងការធ្វើការងារ ដើម្បីមុខមាត់ប្រទេសជាតិ ក៏ដូចជាលើកកិត្តិនាមម្ហូបខ្មែរក្នុងឆាកអន្តរជាតិ?
 
លោក ឡុង ប៊ុនហោ៖ បាទកន្លងមក យើងមានក្រុមហ៊ុនឯកជនមួយចំនួន និងរាជរដ្ឋាភិបាលលោកបានជួយខ្លះដែរ តែតាំងពីកូវីដហ្នឹងមក យើងក៏ថយទាំងកម្លាំង និងកញ្ចប់ថវិកាតែម្តង។
 
កញ្ញា សុង សុធាវី៖  ចាប់តាំងពីពេលនេះតទៅ តើលោកនឹងមានវិធីសាស្រ្តបែបណា ដើម្បីរួមកម្លាំង កៀរគរកញ្ចប់ថវិកា ក្នុងការជំរុញកិច្ចការងារទាំងនះទៀត?
 
លោក ឡុង ប៊ុនហោ៖ បាទ ឥឡូវចប់កូវីដហើយ ហើយយើងក៏បានចាប់ផ្តើមប្រមូលសមាជិកយើងត្រឡប់មកវិញ នឹងរៀបចំគ្នា ដើម្បីត្រៀមចូលរួមក្រកួតតាមបណ្តាប្រទេសផ្សេងៗ ទាំងនៅក្នុងស្រុកក្តី និងក្រៅប្រទេសក្តី។ រីឯសមាគមចុងភៅពិភពលោកក៏បានអញ្ជើញយើងដែរ ទៅតាមប្រទេសផ្សេងៗ ដូចជាឆ្នាំ២០២៣ខាងមុខ នឹងទៅចូលរួមក្រកួតនៅ សិង្ហបុរី ជាមួយសមាគមចុងភៅពិភពលោក ហើយពេលនេះមានក្រុមហ៊ុនឯកជនមួយចំនួនគាត់បានគាំទ្រយើងជាបណ្តើៗដែរហើយ៕
 

លោក ឡុង ប៊ុនហោ  ប្រធានសមាគមចុងភៅកម្ពុជា

 

Tag:
 វិស័យចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com