ជាតិ
ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងមានព្រឹត្តិការណ៍ច្រើនជាងឆ្នាំមុនៗ ទាំងទស្សនីយភាពសិល្បៈ និង កីឡា
08, Nov 2022 , 8:59 pm        
រូបភាព
ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩កន្លងទៅ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩កន្លងទៅ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ភ្នំពេញ៖ ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ក្នុងឆ្នាំនេះ នឹងមានព្រឹត្តិការណ៍ច្រើនជាងឆ្នាំមុនៗ រួមទាំងស្តង់ពិព័រណ៍ ទស្សនីយភាពសិល្បៈជាតិ អន្តរជាតិ និង កីឡាផងដែរ។

 
ស្តង់ពិព័រណ៍ចំនួន ៣៥០ស្តង់ នឹងមានវត្តមាននៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ។ យោងតាមក្រសួងទេសចរណ៍ ស្តង់ជាង៣០០ នឹងរៀបចំនៅតាមបណ្ដោយផ្លូវទីលានសម្ដេចតេជោ។ ក្នុងនោះ មានស្តង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ, ស្ដង់តំបន់អភិវឌ្ឍទេសចរណ៍, ស្ដង់បង្ហាញពីឧស្សាហកម្ម៤.០, ស្ដង់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក, ស្ដង់វិស័យទេសចរណ៍, ស្ដង់ស្ថានទូតនិងវិស័យទេសចរណ៍បរទេស និង ស្ដង់ដៃគូឧបត្ថម្ភនានា ជាពិសេសគឺមានស្ដង់ម្ហូបអាហារខ្មែរនិងបរទេស និងមានភូមិម្ហូបអាហារតាមដងផ្លូវទៀតផងដែរ។ 
ក្រៅពីពិព័រណ៍នានា ក្នុងពិធីនេះ ក៏មានបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈផងដែរ ទាំងក្រុមសិល្បករជាតិ និង សិល្បករអន្តរជាតិ។ សិល្បករអន្តរជាតិ មានដូចជា ឥណ្ឌូនេស៊ី ឥណ្ឌា ថៃ និង វៀតណាម។ នេះបើតាមក្រសួងទេសចរណ៍។  

ទស្សនីយភាពសិល្បៈជាតិ និង អន្តរជាតិ នាពិធីបុណ្យសមុទ្រ នៅខេត្តកំពត ឆ្នាំ២០១៩។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ 
 
នាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅថ្ងៃទី០៧ ម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីវត្តមានកីឡានានាមួយចំនួនទៀតផងដែរ ក្រៅពីស្តង់ពិព័រណ៍ និង ទស្សនីយភាពសិល្បៈ ពោលពីធីបុណ្យសមុទ្រឆ្នាំនេះមានព្រឹត្តិការណ៍ច្រើនជាងឆ្នាំមុនៗ។ កីឡា ដែលនឹងមានវត្តមាន នៅព្រឹត្តិការណ៍នេះ រួមមាន កីឡារត់ប្រណាំងកម្សាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រ, កីឡាជិះកង់កម្សាន្តចម្ងាយ២០គីឡូម៉ែត្រនិង៤០គីឡូម៉ែត្រ, កីឡាប្រដាល់គុនខ្មែរ, កីឡាបាល់ទាត់លើតុ, កីឡាបាល់បោះ និង កីឡាទូកក្ដោង ជាដើម។
 
តាមរយៈពិធីបុណ្យសមុទ្រនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុក ជាឱកាសដែលកម្ពុជាបង្ហាញពីភាពជោគជ័យក្រោយជំងឺកូវីដ-១៩ ទៅកាន់ពិភពលោក។លោក ថោង ខុន អះអាងដូច្នេះ៖ «ពិធីបុណ្យសមុទ្រនេះជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស សេដ្ឋកិច្ច សង្គម មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។

ការប្រកួតកីឡារត់ប្រណាំងកម្សាន្ត ៣-៥គីឡូម៉ែត្រ  អបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត ឆ្នាំ២០១៩។​ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ 
 
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបន្តទៀតថា ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនត្រឹមតែគ្រាន់តែរៀបចំបុណ្យនោះឡើយ តែក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យ និងផ្សព្វផ្សាយពីអត្ថន័យនៃពិធីបុណ្យ។ លោកក៏បាន បានណែនាំការរៀបចំសេវាស្នាក់នៅ និងសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរ កុំឱ្យមានការខ្វះខាត ព្រមទាំងយកចិត្តទុកដាក់ពីការគ្រប់គ្រងតម្លៃសេវា ការទុកដាក់សំរាម កាកសំណល់ ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈផងដែរ។
 
ជុំវិញការរៀបចំ គ្រប់គ្រងខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ លើការថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាការបញ្ចៀសមនុស្សច្រើន ជៀសវាងគ្រោះថ្នាក់រត់ជាន់គ្នា និង ការយកចិត្តទុកដាក់លើបញ្ហាទុកសំរាម កាកសំណល់ ទាំងក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់។
 
ក្រៅពីពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្នុងឆ្នាំនេះកម្ពុជាក៏នឹងជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕


កិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ 

 

Tag:
 ពិធីបុណ្យសមុទ្រ២០២២
 ព្រះសីហនុ
  ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com