FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku និង Mane ស្ថិតក្នុងភាពស្រពិចស្រពិល សម្រាប់ជម្រើសជាតិប៊ែលហ្សិក និងសេណេហ្គាល់ 
×![]()
ខ្សែប្រយុទ្ធ Romelu Lukaku ដែលកំពុងជួបបញ្ហារបួសញាំញី ស្ថិតនៅក្នុងភាពស្រពិចស្រពិល សម្រាប់ការបង្ហាញខ្លួនឱ្យជម្រើសជាតិប៊ែលហ្សិក ក្នុងការប្រកួត World Cup ២០២២ នៅកាតា។
គ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez បាននិយាយថា Lukaku ត្រូវតែមានទម្រង់លេងល្អគ្រប់គ្រាន់សម្រាប់ជម្រើសជាតិ បើមិនដូច្នេះទេ លោកនឹងមិនជ្រើសរើសរូបគេឡើយ។ បើតាមគ្រូបង្វឹករូបនេះ វត្តមានខ្សែប្រយុទ្ធក្រុមInter Malin ស្ថិតនៅក្នុងការសម្រេចចុងក្រោយ មុននឹងចេញបញ្ជីឈ្មោះផ្លូវការ នៅថ្ងៃទី១០ វិច្ឆិកា។
«(ការសម្រេចចិត្តនេះ) វានឹងទាក់ទងទៅនឹងការប្រកួត៣ជុំដំបូងក្នុងវគ្គជម្រុះពូល។ ដូច្នេះប្រសិនបើយើងពិនិត្យមើលឃើញគាត់ថា មានទម្រង់លេងបានពេញលេញ នោះគាត់នឹងអាចចូលរួមក្នុងចំណោមនោះ ព្រោះគាត់ជាកីឡាករដែលយើងចង់បានក្នុងក្រុមរបស់យើង។ តែបើគាត់មិនអាចមានទម្រង់លេងល្អទេ គាត់នឹងមិនត្រូវបានជ្រើសរើសទេ»។ នេះបើតាមសម្តីលោក Roberto Martinez ។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនឱ្យ Inter Milan ចុងក្រោយ នាជំនួបក្រុម Viktoria Plzen និង Sampdoria កាលពីចុងខែមុន។ ប៉ុន្តែការបង្ហាញខ្លួននេះ រូបគេនៅមានបញ្ហារបួសនៅឡើយ។
ប៊ែលហ្សិក ត្រូវប្រកួតតទល់ជាមួយក្រុម អេហ្ស៊ុប នាថ្ងៃទី២៣ វិច្ឆិកា មុនប៉ះកាណាដា នៅ៤ថ្ងៃបន្ទាប់។ ប្រកួតចុងក្រោយប៊ែលហ្សិក ត្រូវតទល់ជាមួយ ម៉ារុក នៅថ្ងៃទី១ ធ្នូ។ Lukaku រកបាន៦៨គ្រាប់ ក្នុងការបង្ហាញខ្លួន១០២លើកឱ្យក្រុមជម្រើសជាតិប៊ែលហ្សិក។
ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane ក៏ស្ថិតនៅក្នុងភាពស្រពិចស្រពិលដែរ សម្រាប់ជម្រើសជាតិខ្លួន ដោយសារបញ្ហារបួសជង្គង់ នៅក្នុងជំនួបរវាងក្រុម Bayern Munich ឈ្នះក្រុម Wender Bremen ក្នុងលទ្ធផល៦-១ នាថ្ងៃទី៩ វិច្ឆិកានេះ។ Mane បានលេងត្រឹមតែ២០នាទីប៉ុណ្ណោះ ហើយជំនួសដោយLeroy Sane។
អតីតខ្សែប្រយុទ្ធLiverpool រូបនេះ រកបាន៣៤គ្រាប់ ក្នុងការបង្ហាញខ្លួនឱ្យជម្រើសជាតិសេណាហ្គាល់៩៣លើក។
ក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវតទល់ជាមួយហូឡង់ អេក្វាទ័រ និងម្ចាស់ផ្ទះកាតា នៅក្នុងពូលA៕
Tag:
បាល់ទាត់
កីឡាអន្តរជាតិ
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com