ជាតិ
​កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវល្បឿនលឿនជាមួយគ្នានៅឆ្នាំ២០២៧
09, Nov 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយម៉ុកបៃ-ហូជីមិញ នៃប្រទេសវៀតណាមនៅឆ្នាំ២០២៧ ។ ក្រៅពីការតភ្ជាប់ផ្លូវល្បឿនលឿន កម្ពុជា-វៀតណាម ក៏មានគម្រោងតភ្ជាប់ផ្លូវដែក ដើម្បីសម្រួលបញ្ហាដឹកជញ្ជូនផ្លូវទឹក និងការដឹកជញ្ជូនតាមព្រំដែនផងដែរ។



បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា​ នឹងអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នាពាក់កណ្តាលឆ្នាំ២០២៣ ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។ ទន្ទឹមនោះ ផ្លូវល្បឿនលឿនរបស់វៀតណាម ម៉ុកបៃ-ហូជីមិញ នឹងចាប់ផ្តើមសាងសង់ចុងឆ្នាំ២០២២នេះ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៧ដូចគ្នា។ យ៉ាងណាមិញ ចំណុចតភ្ជាប់នៃផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ នៅមិនទាន់អាចបញ្ជាក់បានឡើយ ។ 
  

ជំនួបទ្វេភាគី កម្ពុជា-វៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន  
 
ក្នុងជំនួបទ្វេភាគីនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ដដែលនោះ គម្រោងបួនផ្សេងទៀតក៏ត្រូវបានលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកយកមកពិភាក្សាជាមួយលោក Nguyen Van Thang រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ 
 
កម្ពូជា-វៀតណាម បានចុះអនុស្សរណៈយោគយល់ស្តីពី ប្រភេទ និងបរិមាណយានយន្ត ក្នុងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក។ តាមរយៈការចុះអនុស្សរណៈថ្មីនេះ ភាគីទាំងពីរ រំពឹងថា ចំនួននៃយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែន នឹងកើនដល់ ៨០០គ្រឿង។ 
  

លោក Nguyen Van Thang រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន  
 
ទន្ទឹមនោះ ច្រកព្រំដែនអន្តរជាតិ ព្រៃវល្លិ៍-ប៊ិញហៀប ក៏បានបញ្ចប់ការសាងសង់រួចរាល់ហើយដែរ ដោយក្រុមការងារកំពុងពិនិត្យពេលវេលាសមស្រប ដើម្បីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏កំពុងពិនិត្យច្រកព្រំដែន បន្ទាយចក្រី-ឌីញបា ដែលជាព្រំដែនរវាងខេត្តព្រៃវែង និងខេត្តដុងថាប់ នៃប្រទេសវៀតណាមដែរ។ គម្រោងនេះ នឹងស្តារផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិ១ ទៅច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងសាងសង់អគារព្រំដែនបន្ទាយចក្រី និងអគារព្រំដែនជ្រៃធំ-ខាញ់ប៊ិញ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ 
 
ភាគីវៀតណាម ក៏បានយល់ព្រមដោះស្រាយបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ដោយពង្រីកខ្សែផ្លូវ ទៅជា៤គន្លង ព្រមទាំងដោះស្រាយបញ្ហានីតិវិធីនៃលំហូរឯកសារយានយន្តដឹកជញ្ជូន ឆ្លងកាត់ប្រទេសទាំងពីរផងដែរ។ 
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន  
 
លើសពីនេះ កម្ពុជា និងវៀតណាម កំពុងសិក្សាខ្សែផ្លូវដែកភ្នំពេញទៅហូជីមិញ ដោយតភ្ជាប់រវាង បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលកាត់តាមបាវិត-ម៉ុកបៃ។ ការងារតភ្ជាប់ផ្លូវដែកនេះ ជាចំណែកមួយនៃខ្សែផ្លូវដែករវាងសិង្ហបុរី និងគុនមីង(SKRL) នៃប្រទេសចិន។ ភាគីទាំងពីរ បានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល នៃប្រទេសទាំងពីរ ដើម្បីពិភាក្សារកចំណុចតភ្ជាប់ផ្លូវដែករួម។ ភាគីទាំងពីរ នឹងជូ​នព័ត៌មាននៃការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ ជាមួយសិង្ហបុរី-គុនមីង(SKRL) ទៅលេខាធិការដ្ឋានអាស៊ានផងដែរ។
 
ចំណុចចុងក្រោយ គឺការងារដឹកជញ្ជូនផ្លូវទឹក ដោយភាគីកម្ពុជា បានស្នើឱ្យវៀតណាមពិនិត្យ និងសម្រួលបញ្ហានីតិវិធីនៃឯកសារឆ្លងកាត់ព្រំដែន នៅចំណុចព្រំដែនក្អមសំណ(កម្ពុជា)។ ភាគីវៀតណាម បានយល់ព្រមសម្រួលការងារនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួនឱ្យបានឆាប់បំផុត។
 
គួរបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធ កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា សព្វថ្ងៃនេះ។ ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងយកចិត្តទុកដាក់លើគុណភាពផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាបេតុងកៅស៊ូ(AC) ,ការអភិវឌ្ឍវិស័យកំពង់ផែ ,ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ,គម្រោងស្ថាបនាផ្លូវល្បឿនលឿន និងការដឹកជញ្ជូនតាមផ្លូវទឹក៕
 

Tag:
 ផ្លូវល្បឿនលឿន
  កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com