ជាតិ
អាស៊ាន
កម្ពុជា-ចិន ឯកភាពបង្កើតកម្មវិធី រៀនភាសាចិនថ្នាក់មធ្យមសិក្សានៅសាលារដ្ឋ 
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នារសៀលថ្ងៃទី៩វិច្ឆិកា។ រូបថត៖ SPM
×![]()
ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងការអភិវឌ្ឍ កម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ(ថ្នាក់ទី៧ដល់១២)នៅកម្ពុជា។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីរបស់សម្តេច ហ៊ុន សែន និង លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នារសៀលថ្ងៃទី៩វិច្ឆិកា។
នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាមុនចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក លី ខឺឈាង បានធ្វើជាអធិបតី ជាមួយ សម្តេច ហ៊ុន សែនក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ និងការសម្ពោធជានិមិត្តិរូបផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នារសៀលថ្ងៃទី៩វិច្ឆិកា។ ក្នុងចំណោមឯកសារសំខាន់ទាំង១៨ ដែលកម្ពុជា-ចិន បានឯកភាពគ្នានោះ គឺមានការអនុស្សារណៈយោគយល់គ្នាក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។
លើសពីនេះ កម្ពុជា-ចិន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្ពន់-កំពង់ចាម)។ កម្ពុជា-ចិន បានចុះហត្ថលេខាលិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា និងអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។
ចំពោះវិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន, វិញ្ញាបនបត្រប្រគល់-ទទួលគម្រោង ស្តីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកកម្ពុជា, វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន, វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ក៏ត្រូវបានភាគីទាំងពីរឯកភាពគ្នាជាផ្លូវការ ផងដែរ។
លើសពីនេះ ចិនក៏បានឯកភាពផ្តល់ជំនួយវ៉ាក់សាំងសត្វដល់កម្ពុជា និងបានសចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ក្នុងការនាំចូលម្រេច និងផលិតផលជលផលធម្មជាតិពីកម្ពុជា រួមទាំងការចុះហត្ថលេខាលើឯកសារសំខាន់ៗឯកទៀត។
ក្នុងជំនួបទ្វេភាគីជាមួយ សម្តេច ហ៊ុន សែន លោក លី ខឺឈាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនង ស៊ីជម្រៅគ្រប់វិស័យ។ លោក មានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះ និងបង្ហាញនូវក្តីសាទរជាខ្លាំងដែលឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សបែបនេះ៕ © រក្សាសិទ្ធិដោយ thmeythmey.com